រដ្ឋមន្រ្ដីក្រសួងអប់រំ៖ ចំណេះដឹងមានអត្ថប្រយោជន៍ លុះត្រាតែគ្រូបង្រៀនចេះ​ប្រើប្រាស់ចំណេះដឹងនេះ ដើម្បីបង្កើនគុណភាពបង្រៀន

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ — ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបាន​មានប្រសាសន៍ថា  ចំណេះដឹងមានអត្ថប្រយោជន៍ លុះត្រាតែគ្រូបង្រៀនចេះប្រើប្រាស់​ចំណេះដឹងនេះ ដើម្បីបង្កើនគុណភាពបង្រៀន បង្កើតបរិយាកាសអំណោយផលសម្រាប់​ការសិក្សា ប្រើវិធីសាស្ត្របង្រៀនសមស្របដើម្បីកែលម្អលទ្ធផលសិក្សា​សិស្សប្រសើរ​ជាង​មុន និងលើកកម្ពស់គុណភាពនៃប្រព័ន្ធអប់រំ ដើម្បីមនុស្សជាតិទាំងមូល។​ការលើកឡើង​របស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងសិក្ខាសាលាពិភាក្សាគោលនយោបាយថ្នាក់តំបន់ស្ដីពី​កម្លាំង​ពលកម្មអប់រំ និងការអប់រំកុមារី ដែលបានចូលរួមសិក្ខាសាលាពិភាក្សាគោល​នយោបាយ​ថ្នាក់តំបន់តាមអនឡាញ និងបានរៀបចំឡើងដោយធនាគារអភិវឌ្ឍអាស៊ី (ADB) សហការ​ជា​មួយចក្រភពអង់គ្លេស ក្នុងគោលដៅជួយលើកកម្ពស់វិស័យអប់រំ និងសមភាពយេនឌ័រ សម្រាប់ប្រទេសកំពុងអភិវឌ្ឍក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងសិក្ខាសាលានេះ​ក៏មានការ​ចូល​រួមពីសំណាក់មន្ត្រីទូត រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់មកពីបណ្តាប្រទេស​ជាសមាជិក​អាស៊ាន ដែលបានផ្ដល់ឱកាសដល់អ្នកចូលរួម បង្ហាញនូវទស្សនៈយល់​ឃើញកម្រិត​សកល ចែករំលែក និងផ្លាស់ប្ដូរចំណេះដឹង ព្រមទាំងកំណត់បាននូវយុទ្ធសាស្ត្រថ្មី​សម្រាប់​បណ្ដាប្រទេសក្នុងតំបន់។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា លទ្ធភាពនៃការទទួលបានការអប់រំ​របស់​ក្រុមសិស្សានុសិស្សដែលងាយរងគ្រោះ កំពុងក្លាយជាបញ្ហាប្រឈមសម្រាប់​បណ្ដា​ប្រទេសក្នុងតំបន់អាស៊ាន ក្នុងអំឡុងនៃវិបត្តិជំងឺកូវីដ-១៩។ ឯកឧត្ដមបណ្ឌិតសភាចារ្យបាន​បន្ដថា គ្រោះមហន្តរាយនេះបានបង្កើតនូវវិបត្តិសម្រាប់វិស័យអប់រំ ជាពិសេសចំពោះកុមារី កុមារពិការ កុមារក្រីក្រ និងក្រុមបាត់បង់ឱកាស។ ជាមួយគ្នានេះ សិក្ខាសាលានេះត្រូវ​បាន​រៀប​ចំឡើង ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយជាអាទិភាព ដែលត្រូវការជាចាំបាច់ ដើម្បី​ជួយដល់ជនងាយរងគ្រោះពីវិបត្តិកូវីដ-១៩៕

ដោយ៖ឡុង ស៊ីវ៉ាន់ ប្រភព៖ ក្រសួងអប់រំ

You do not have permission to write comment on this post.

Log in Register