អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងអប់រំ​ បើកវគ្គបំប៉ន​ស្ដីពីការ​ប្រើ​​ប្រាស់​សម្ភារឧបទេសក្នុងការបង្រៀនពីបញ្ហាគ្រឿងញៀនដល់រាជធានី-ខេត្តចំនួន១០

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ —

ស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩​ និងព្រឹត្តិការណ៍ឆ្លងសហគមន៍ថ្ងៃ២០​ កុម្ភៈ​មិនទាន់បានបិទបញ្ចប់​នៅឡើយនោះ និងដើម្បីចូលរួមវិធានការ ៣ការពារ​ ៣ការពារ​ ប្រឆាំងកូវីដ-១៩​ អគ្គលេខាធិការ​ដ្ឋានអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​សហការ​ជា​មួយក្រសួងអប់រំ​ យុវជន​ និងកីឡា​ គាំទ្រ​ថវិកាដោយអង្គការភ្លែន​ អន្តរជាតិ កម្ពុជា (Plan International Cambodia) បានបើកវគ្គបំប៉នស្ដីពីការប្រើប្រាស់សម្ភារ ឧបទេសក្នុងការ​បង្រៀន “ការអប់រំ បង្ការ ការទប់ស្កាត់គ្រោះថ្នាក់បង្កដោយការប្រើប្រាស់​គ្រឿងញៀនខុស​ច្បាប់” ដល់មន្ត្រី​បង្គោល​គណៈកម្មការសុខភាពសិក្សារាជធានី ខេត្ត ស្រុក និងគ្រូឧទ្ទេស​នៅ​តាមគ្រឹះស្ថាន បណ្ដុះបណ្ដាលគ្រូគោលដៅ និងគរុសិស្សនៅសាលាគរុកោសល្យ និងវិក្រឹតការរាជធានី-ខេត្តចំនួន១០​ ​ រួមមាន រាជធានីភ្នំពេញ​ កំពង់ចាម​ បាត់ដំបង​ បន្ទាយមានជ័យ​ សៀមរាប​ តាកែវ កំពត​ ព្រៃវែង​ កំពង់ស្ពឺ​ និងខេត្ដព្រះសីហនុ​ តាមប្រព័ន្ធអនឡាញ ។ វគ្គបំប៉ន​នេះ​ ប្រព្រឹត្ត​ដោយមានការអញ្ជើញចូលរួមពី​លោកជំទាវ​បណ្ឌិត​ សឿ​ សុជាតា​ អនុរដ្ឋលេខាធិ​ការ​​ក្រសួងអប់រំ​ យុវជន​ និង​កីឡា​ និងឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខា​ធិ​ការ​ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ នាព្រឹកថ្ងៃទី០​៩​ ខែមិថុនា​ ឆ្នាំ​២០២១​។

បើតាមលោកស្រី​វេជ្ជបណ្ឌិត​ ឆាយ​ គឹមសុទ្ធាវី​ ប្រធាននាយកដ្ឋានសុខភាពសិក្សា​បានបញ្ជាក់ថា ការបើកវគ្គបំប៉ននេះគឺក្នុងគោលបំណង​ គឺពង្រឹងសមត្ថភាពមន្ត្រីបង្គោល​សុខភាពសិក្សារាជធានី ខេត្ត និងគ្រូឧទ្ទេសនៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ លើ​វិធី​សាស្ត្របង្រៀន និងការប្រើប្រាស់សម្ភារ ឧបទេសក្នុងការបង្រៀន “ការបង្ការ ការទប់​ស្កាត់​គ្រោះថ្នាក់បង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់”។ លោកស្រីវេជ្ជបណ្ឌិត​បានបន្ដ​ថា វគ្គនេះ សម្រាប់កម្រិតបឋមសិក្សានិងមធ្យមសិក្សាបឋមភូមិ​ និងវគ្គបំប៉នបន្ដដល់​គរុសិស្ស និងគរុនិស្សិតនៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូទាំងគ្រឹះស្ថានរដ្ឋនិងឯកជន​ក្នុងខេត្តគោលដៅឱ្យមានប្រសិទ្ធភាព​ ។

ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ បានថ្លែងអំណរគុណដល់​ដឹកនាំ​ក្រសួងអប់រំ​ យុវជន​ និងកីឡា​ ដែលបានខិតខំអនុវត្តន៍ការងារប្រកបដោយការ​ទទួល​ខុសត្រូវតាមយុទ្ធសាស្រ្តពហុវិស័យរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជា ពិសេសលើគោលដៅយុវជន​ ដែលជាទំពាងស្នងប្ញស្សីជាធនធានបន្តវេនរបស់ប្រទេស​ជាតិ​ បានរីកលូតលាស់ប្រកបដោយគុណភាពនិងសក្តានុពល​។ ឯកឧត្ដម​ នាយឧត្តមសេនីយ៍បានលើកឡើងថា កម្មវិធីដែលបង្កើតដោយក្រសួងអប់រំ​ គឺមានការ​ចូល​រួមច្រើនណាស់ពីយុវជន​ មានដូចជា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិជុំទី១ថ្មីនេះ​ មានអ្នកចូលទស្សនារហូតដល់ជិត៣លាននាក់​ ។

ក្នុងឱកាសនោះដែរ​ លោកជំទាវ​ បណ្ឌិត​ សឿ​ សុជាតា​ បានកោតសរសើរដល់​ថ្នាក់​ដឹកនាំ​ ស្ថាប័ន​ អង្គភាព​ពាក់ព័ន្ធទាំងអស់​ និងអង្គការដៃគូ​ ដែលបានរួមគ្នាដើរលើមាគ៌ា​តែ​មួយសំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយើងពិសេសយុវជន​ ទទួលបានព័ត៌មាន​ និង​ចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាសង្គមផ្សេងៗ ពិសេសបញ្ហាដែលបណ្តាមកពីបញ្ហាគ្រឿង ញៀន​ដែលជាឃាតករលាក់មុខបំផ្លាញដល់សុខភាព និងការរីកលូតលាស់របស់យុវជន យើង។​ លោកជំទាវបានគូសបញ្ជាក់ថា​ ប្រទេសជាតិ នឹងមិនអាចរុងរឿងបានទេ​ប្រសិនបើ​មិនមានការចូលរួមពីយុវជន​ គឺយុវជនមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍន៍​ប្រទេសជាតិ។

លោកជំទាវ​ បណ្ឌិត​ សឿ​ សុជាតា​ បានបន្ថែមថា សម្រាប់វគ្គបំប៉ននេះ នឹងទទួល​បានលទ្ធផលតាមការរំពឹងទុកគឺសិក្ខាកាម នឹងមានចំណេះដឹង ជំនាញ និងមានសមត្ថភាព​ក្នុង​ការប្រើប្រាស់សម្ភារៈឧបទេសក្នងការបង្រៀន “ការបង្ការ ការទប់ស្កាត់គ្រោះថ្នាក់បង្ក​ដោយ​ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់” ដើម្បីយកទៅបង្រៀនបន្តដល់ក្រុមគោលដៅ​ប្រកបដោយមានប្រសិទ្ធភាព។

សូមបញ្ជាក់ផងដែរថា​ វគ្គបំប៉នស្ដីពីការប្រើប្រាស់សម្ភារ ឧបទេសក្នុងការបង្រៀន “ការអប់រំ បង្ការ ការទប់ស្កាត់គ្រោះថ្នាក់បង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់” បានប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃ​ គឺចាប់ថ្ងៃទី០៩​ ដល់ថ្ងៃទី​១១​ ខែមិថុនា​ ឆ្នាំ​២០២១​ តាម​ប្រព័ន្ធអនឡាញ​៕

ដោយ ឡុង ស៊ីវ៉ាន់ ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

You do not have permission to write comment on this post.

Log in Register