ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំង កោតសរសើរពីនយោបាយវ៉ាក់សាំង របស់​សម្ដេចតេជោ ហ៊ុន សែន ដែលបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

Please log in or register to like posts.
ព័ត៌មាន

ភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ — ឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯករដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំង​ប្រចាំព្រះ​រាជា​ណាចក្រកម្ពុជាបានសម្ដែងនូវការកោតសរសើរពីនយោបាយវ៉ាក់សាំង របស់សម្ដេចតេជោ  ហ៊ុន សែន ដែលបានទប់ស្កាត់ររីករាលដាលជំងឺកូវីដ-១៩ ហើយឈានទៅបើក​ប្រទេស​ឡើងវិញនោះ។

នេះបើតាមឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានថ្លែងឱ្យដឹងដូច្នេះ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រ​កម្ពុជាបានអនុញ្ញាតឱ្យឯកឧត្ដម ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯករដ្ឋទូតថ្មីនៃ​សាធា​រ​ណ​រដ្ឋ​​បារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ ឯកឧត្ដម Jacques Pellet បានជម្រាបជូនសម្តេចតេជោថា ឯកឧត្តម​ពិត​ជាមានកិត្តិយស និងមានសេចក្ដីរីករាយជាខ្លាំង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋ​ទូត​វិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា និងបានសម្ដែងនូវការអប​អរសាទរ ជូនចំពោះសម្តេចតេជោ  ដែលបានដឹកនាំព្រះរាជាណាចក្រកម្ពុជា ឈានឆ្ពោះ​មក​​កាន់ការអភិវឌ្ឍយ៉ាងខ្លាំងនាពេលនេះ។ ឯកឧត្ដមក៏បានសម្ដែងងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះនយោបាយវ៉ាក់សាំងរបស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នាំព្រះរាជាណាចក្រកម្ពុជា បើក​ព្រំដែន​​ឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញ បើកសាលារៀនឡើងវិញ ដែលជាជោគជ័យគួរ​ឱ្យ​កត់សម្គាល់ និងទទួលស្គាល់ពីមជ្ឈដ្ឋានអន្តរជាតិ។ ឯកឧត្ដម Jacques Pellet បាន ឱ្យដឹងទៀតថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺមានក្រុមហ៊ុនបារាំង ប្រមាណ ៤០០​ក្រុមហ៊ុន ហើយក្រុមហ៊ុនទាំងនោះពិតជាមានសេចក្ដីរីករាយយ៉ាងខ្លាំង ចំពោះជោគជ័យ​នៃការចាក់ស្រោចវ៉ាក់សាំង ការបើកដំណើរការប្រទេសឱ្យមានលំហូរឡើងវិញ ទាំងការ​ហោះហើរ ទាំងសេដ្ឋកិច្ច ទាំងដំណើរការពាណិជ្ជកម្ម។

ឯកឧត្តមអគ្គរដ្ឋទូតបារាំង ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូន​ចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តមបានជួបរយៈពេល១ថ្ងៃ មុនកិច្ចប្រជុំ​អាស៊ី-អឺរ៉ុប ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបជូនសម្តេចតេជោថា ឯកឧត្តម ម៉ាក្រុង ប្រធានាធិបតីបារាំង និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ASEM ខាងមុខនេះ។ ដោយឡែក នៅឆ្នាំក្រោយនេះ កម្ពុជា នឹងធ្វើជាប្រធានអាស៊ាន បារាំងនឹងធ្វើជាប្រធានប្ដូរវេន ក្នុង​ន័យនេះ ឯកឧត្តម Jacques Pellet  មានប្រសាសន៍ថា ឯកឧត្តមនឹងជំរុញពង្រឹងកិច្ច​សហ​ប្រតិបត្តិការរវាងប្រទេសទាំងពីរផង រវាងអាស៊ាន និងអឺរ៉ុបផង ធ្វើយ៉ាងណាឱ្យកិច្ចសហ​ប្រតិបតិ្តការរវាងតំបន់ទាំងពីរ ជាកិច្ចសហប្រតិបត្តិការដែលគ្មានការប្រឈម ផ្ទុយទៅវិញ គឺកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាបន្ន និងស្ថិរភាព។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងសម្ដែង​នូវការអបអរសាទរជូនចំពោះឯកឧត្តម Jacques Pellet   ដែលត្រូវបានតែងតាំងជាឯក​អគ្គ​រដ្ឋ​ទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះការវាយតម្លៃនូវនយោបាយវ៉ាក់សាំងរបស់កម្ពុជា ហើយក៏​បាន​ថ្លែងអំណរគុណផងដែរ ចំពោះការចូលរួមរបស់ឯកឧត្តម ម៉ាក្រុង នៅក្នុងកិច្ចប្រជុំ ASEM ដែលកម្ពុជា ធ្វើជាប្រធាននៅថ្ងៃស្អែកនេះ ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បាន​យល់​ស្របជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងដែរ ចំពោះកិច្ចសហប្រតិ​បត្តិការទាំង​ទ្វេ​ភាគី ទាំងពហុភាគី ក្នុងនោះកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជានិងបារាំង គប្បីធ្វើយ៉ាង​​ណាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀតលើគ្រប់វិស័យ  ដែលអាចធ្វើ​ទៅ​បាន រួមទាំងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌក្រោមឆ័ត្រអន្តរជាតិផងដែរ។

ពាក់​ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហភាពអឺរ៉ុប(EU) សម្ដេច​តេជោ ហ៊ុន សែន ក៏បានយល់ស្របនឹងឯកឧត្ដម Jacques Pellet  គឺអាស៊ាន និង EU គប្បីណា សហការគ្នា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ​ឱ្យបានប្រកបដោយបរិយាប័ន្ន និងដោយស្ថិរភាព៕

ដោយ៖ ជឹម ណារី

You do not have permission to write comment on this post.

Log in Register