សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឱ្យឯអគ្គរដ្ឋទូតវៀតណាម ផ្ដោតការយកចិត្តទុក​ដាក់ជំរុញទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យកាន់តែរីកធំធាត់ឡើងថែមទៀត

Please log in or register to like posts.
ព័ត៌មាន

ភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍​លើកទឹកចិត្តឱ្យ ឯកឧត្ដម Nguyen Huy Tang ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ​សង្គម​និយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ផ្ដោតការយកចិត្តទុកដាក់ ជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែមានការរីកធំធាត់ឡើងថែមទៀត។

នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេច​តេជោបានថ្លែងឱ្យដឹងដូច្នេះ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Nguyen Huy Tang ឯកអគ្គរដ្ឋ​ទូតថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួប​សម្ដែងការគួរសម នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្តិភាព។

នៅក្នុងជំនួបនោះ ឯកឧត្ដម Nguyen Huy Tang បានគោរព ពាំនាំនូវពាក្យផ្ដាំផ្ញើ​សាក​សួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាមជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី និងបានថ្លែង​អំណរគុណចំពោះកម្ពុជា ដែលបានជួយវៀតណាមកន្លងមក ក៏ដូចជា ថ្មីៗនេះ​បាន​ជួយ​ដល់វៀតណាមក្នុងការផ្គត់ផ្គង់បរិក្ខារពេទ្យ ក៏ដូចជាវ៉ាក់សាំង ក្នុងការ​ប្រយុទ្ធប្រឆាំងនឹង​ជំងឺកូវីដ-១៩ផងដែរ។ ឯកឧត្ដមឯកអគ្គរដ្ឋទូតវៀតណាមបានវាយតម្លៃខ្ពស់ និងសម្ដែង​នូវ​ការអបអរសាទរដល់ការអភិវឌ្ឍរបស់កម្ពុជា ព្រមទាំងបានកោតសរសើរចំពោះនយោបាយ​ចាក់ស្រោចវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់កម្ពុជា ដែលទទួលបានជោគ​ជ័យ​យ៉ាងធំធេង។ ឯកឧត្ដមឯកអគ្គរដ្ឋទូតក៏បានសន្យាជូនសម្ដេចតេជោថា ក្នុងបេសកកម្ម ការទូតនៅកម្ពុជា ឯកឧត្ដមនឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីពូនជ្រុំទំនាក់​ទំនងជាមួយកម្ពុជាឱ្យបានកាន់តែរីកធំធាត់ ជាពិសេសតាមរយៈវិស័យនយោបាយ ការទូត សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច កសិកម្ម និងការប្រយុទ្ធប្រឆាំងនឹង​ជំងឺកូវីដ១៩ ក៏ដូចជា វិស័យដទៃទៀតផងដែរ។

ជាការឆ្លើយតប  សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណ​ចំពោះ ឯកឧត្ដមឯកអគ្គរដ្ឋទូតវៀតណាម ដែលបានពាំនាំនូវពាក្យផ្ដាំផ្ញើសាក​សួរសុខទុក្ខ​ពីថ្នាក់ដឹកនាំវៀតណាម ហើយក៏បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរជូនចំពោះ ឯកឧត្ដម Nguyen Huy Tang ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាសាមញ្ញ និងពេញ​សមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេច​តេជោមានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងវៀតណាម គឺបានបំពេញឱ្យគ្នា​ទៅវិញ​ទៅ​មក ជាអាទិ៍ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ កំពុងតែរីករាលដាលនៅក្នុងពិភពលោក ក៏ដូច ជា នៅក្នុងប្រទេសកម្ពុជា និងវៀតណាម ទំហំសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ​បានកើនឡើង​គួរឱ្យកត់សម្គាល់។ ក្នុងន័យនេះ សម្ដេចតេជោបានលើកទឹកចិត្តឱ្យឯកឧត្ដម Nguyen Huy Tang ផ្ដោតការយកចិត្តទុកដាក់ ជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែមាន​ការរីក​ធំធាត់ឡើងថែមទៀត។ ជាងនេះទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យ​មាន​ការរៀបចំកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ជាពិសេស លើវិស័យកសិកម្ម ដូចជា ការធ្វើកសិកម្មនៅតាមព្រំដែន ការផ្គត់ផ្គង់វត្ថុធាតុដើម ការអភិវឌ្ឍពូជ និងការផ្គត់ផ្គង់ពូជ ការប្រើប្រាស់ទឹកតាមព្រំដែន និងការប្រយុទ្ធប្រឆាំងនឹងសត្វល្អិតចង្រៃ ជាដើម។ល។

ទន្ទឹមនេះ សម្ដេចតេជោក៏បានស្នើឱ្យឯកឧត្ដមឯកអគ្គរដ្ឋទូត ជំរុញឱ្យមានការហោះ​ហើរត្រង់រវាងកម្ពុជា និងវៀតណាមឡើងវិញផងដែរ៕

ដោយ៖ ជឹម ណារី

You do not have permission to write comment on this post.

Log in Register