នាយករដ្ឋមន្ត្រីទីម័រឡេស្តេ៖ ការផ្ដល់នូវម៉ាស់ និងសម្ភារវេជ្ជសាស្ត្រផ្សេងៗទៀតរបស់កម្ពុជា គឺជាកាយវិការសាមគ្គីភាព និងបញ្ជាក់នូវសមានចិត្តចែករំលែក និងការយក ចិត្តទុកដាក់ទៅវិញទៅមករវាងប្រទេសទាំងពីរ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ –ឯកឧត្ដម ទួរ ម៉ាតាន់ រ៉ូអាក់ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ មានប្រសាសន៍ថា ការផ្ដល់នូវម៉ាស់ និងសម្ភារវេជ្ជសាស្ត្រផ្សេងៗទៀត របស់កម្ពុជា គឺជាកាយវិការសាមគ្គីភាព និងបញ្ជាក់នូវសមានចិត្តចែករំលែក និងការយកចិត្តទុកដាក់ទៅវិញទៅមករវាងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនទីម័រឡេស្តេ។

ក្នុងលិខិតចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ផ្ញើជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ឯកឧត្ដម ទួរ ម៉ាតាន់ រ៉ូអាក់ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេបានថ្លែងថា ជាកិត្តយសដ៏ឧត្ដុង្គឧត្ដម ដែលខ្ញុំបានទទួលនូវលិខិតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយនាំមកនូវការប្ដេជ្ញាចិត្ត និងសាសមគ្គីភាពដ៏រឹងមាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយឧបត្ថម្ភដល់ប្រទេសទីម័រឡេស្តេ នៅក្នុងដំណាក់កាលប្រឈមដ៏ធ្ងន់ធ្ងរនេះ។ ឯកឧត្ដមនាយករដ្ឋមន្ត្រីទីម័រឡេស្តេ បានថ្លែងតាងនាមរដ្ឋាភិបាល និងប្រជាជនទីម័រឡេស្តេ នូវការដឹងគុណដ៏ស្មោះស្ម័គ្រជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការផ្ដល់នូវម៉ាស់ចំនួន ១លាន និងសម្ភារវេជ្ជសាស្ត្រផ្សេងៗទៀត ជូនដល់ប្រជាជនទីម័រឡេស្តេ។ កាយវិការសាមគ្គីភាពនេះ គឺជាការបោះជំហានទៅមុខ ក្នុងទំនាក់ទំនងទ្វភាគីរវាងប្រទេសយើងទាំងពីរ និងជាការគូសបញ្ជាក់នូងសមានចិត្តចែករំលែក និងការយកចិត្តទុកដាក់ទៅវិញទៅមករវាងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនទីម័រឡេស្តេ។ ដូចការលើកឡើងដ៏ត្រឹមត្រូវរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលថា នេះគឺជាកិច្ចសហប្រតិបត្តិការដែលនឹងអនុញ្ញាតឱ្យយើងអាចជម្នះបានលើជំងឺរាតត្បាតកូវីដ-១៩។ ឯកឧត្ដម ទួរ ម៉ាតាន់ រ៉ូអាក់ ក៏បានសម្ដែងនូវការដឹងគុណផងដែរ ចំពោះការគាំទ្រឥតងាករេរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទីម័រឡេស្តេ ក្នុងការចូលជាសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក អស់រយៈកាលជាច្រើនឆ្នាំកន្លងមក។ ឯកឧត្ដមនាយករដ្ឋមន្ត្រីទីម័រឡេស្តេបានគូសបញ្ជាក់បន្ថែមថា «ខ្ញុំនៅតែបន្តពឹងផ្អែកលើការគាំទ្រនេះ នៅក្នុងកិច្ចដំណើរការនាំទៅរកការអនុម័ត ឱ្យប្រទេសទីម័រឡេស្តេក្លាយជាសមាជិកទី ១១ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។

គួរបញ្ចាក់ដែរថា នាព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២០នេះឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកម៉ាស់ និងសម្ភារបរិក្ខារវេជ្ជសាស្ត្រ អំណោយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងប្រជាជនទីម័រឡេស្តេ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ពិធីប្រគល់ ទទួលអំណោយម៉ាស់ និងសម្ភារវេជ្ជសាស្ត្រនេះ បានប្រារព្ធធ្វើឡើងនៅទីក្រុងឌីលី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ដោយឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អាដាល់ ជីស្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រលេស្ត។ ចំពោះសម្ភារដែលរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូនប្រទេសទីម័រឡេស្តរួមមាន ម៉ាស់ចំនួន ១លាន ម៉ាសក្រណាត់ ៥ម៉ឺន ម៉ាស់ N95 ចំនួន ១ម៉ឺន វែនតាសុវត្ថិភាពចំនួន ១ម៉ឺន សម្លៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាលចំនួន ១ម៉ឺនឈុត ម៉ាស៊ីនវាស់កម្តៅចំនួន២៥០ របាំងមុខចំនួន ១ម៉ឺន ឧបករណ៍ជំនួយការដកដង្ហើមសម្រាប់ប្រយោធនកម្មចំនួន១០ ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន១០ ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ២៥០កេស ស្បែកជើងក៏វែងសុវត្ថិភាព ៥០០គូ និងសាប៊ូលាងដៃ១ម៉ឺនដុំ។គួររម្លឹកដែរថា នាពេលកន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្ដល់នូវអំណោយជាម៉ាស់ និងសម្ភារវេជ្ជសាស្ត្រមួយចំនួន ដល់ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ដោយប្រទេសនីមួយៗទទួលបានម៉ាស់ចំនួនជាង ២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសទាំងនោះ៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register