ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ញើលិខិតអបអរសាទរជូនឯកឧត្ដម ចូសែប បៃដិន ប្រធានាធិបតីជាប់ឆ្នោត​នៃសហរដ្ឋអាមេរិក

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ — អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតអបអរសាទរជូន ឯកឧត្ដម ចូសែប រ៉ូប៊ីនណែត បៃដិន ជេ អរ ដែលបានជាប់ឆ្នោតជាប្រធានាធិបតី នៃសហរដ្ឋអាមេរិក។

ក្នុងលិខិតចុះថ្ងៃទី ១៥ ខែធ្នូឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “តាងនាមឱ្យ​រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានកិត្តិយសដ៏ធំធេង និងសេចក្ដីសោមនស្សរីករាយឥតឧបមា សូមសម្ដែងនូវអំណរសាទរជូនចំពោះឯកឧត្ដម ដែលបានជាប់ឆ្នោតជាប្រវត្តិសាស្ត្រ ជាប្រធានាធិបតី​សហរដ្ឋអាមេរិកទី៤៦”។ សម្ដេចតេជោបន្តថា បទពិសោធន៍ដ៏ធំធេង និងភាពជាអ្នកដឹកនាំដ៏វៀង​វៃ​របស់ឯកឧត្ដម គឺជាកត្តាសត្យានុម័ត ក្នុងការទទួលបាននូវទំនុកចិត្តពីប្រជាជនអាម៉េរិក។

សម្តេចតេជោមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្ដមជាប្រធានាធិបតី សហរដ្ឋអាមេរិក នឹងបន្តរីកចម្រើនទៅមុខ និងរួមចំណែកនាំឱ្យពិភពលោកមានស្ថិរភាព និងវិបុលភាព​កាន់តែល្អប្រសើរថែមទៀត។ សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជាជន​កម្ពុជា តែងតែផ្ដល់សារសំខាន់យ៉ាងធំធេង ដល់ការពង្រឹងនិងពង្រីក នូវទំនាក់ទំនងជាមិត្តភាព​ដ៏យូរអង្វែង​រវាងប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំនេះ យើងកំពុងតែប្រារព្ធខួបលើកទី៧០។

“ខ្ញុំសូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលរបស់ខ្ញុំបានប្ដេជ្ញាចិត្តយ៉ាងពេញលេញ ក្នុងការធ្វើការងារជាមួយ​រដ្ឋបាលរបស់ឯកឧត្ដម ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត”។ សម្តេចតេជោ​បានបន្ថែម។សម្ដេចតេជោក៏បានថ្លែងបន្ថែមទៀតថា ក្នុងឱកាសដ៏មហានក្ខត្តឬក្សនេះ ខ្ញុំសូមជូនពរ​ឯកឧត្ដមប្រធានាធិបតីជាប់ឆ្នោត និងរដ្ឋាភិបាលរបស់ឯកឧត្ដម សូមទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងការបំពេញភារកិច្ចជាប្រវត្តិសាស្ត្ររបស់ឯកឧត្ដម ក្នុងការដឹកនាំប្រជាជាតិអាម៉េរិក។ សូមឯកឧត្ដម​ប្រធានាធិបតីជាប់ឆ្នោត មេត្តាទទួលនូវការរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ៕

ដោយ៖ ជឹម ណារី

You do not have permission to write comment on this post.

Log in Register