អនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសថៃចូលរួមពិធីចុះហត្ថលេខាលើពិធីសារដើម្បីធ្វើ​វិសោធ​នកម្មកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកអាស៊ានស្តីពីវិស័យទេសចរណ៍

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ — លោក ហេង សុវណ្ណារិទ្ធ អនុព័ន្ធពាណិជ្ជកម្មកម្ពុជា តំណាង ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានចូលរួមក្នុងពិធីចុះហត្ថលេខាលើពិធីសារ ដើម្បី​ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកអាស៊ាន (MRA) ស្តីពីវិស័យ ទេសចរណ៍ ដែលរៀបចំឡើងនៅក្រសួងទេសចរណ៍ និងកីឡាថៃ កាលពីរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ដោយមានការ​អញ្ជើញ​ចូលរួមពី ឯកឧត្តម ភីផាត់ រ៉ាត់ចាក់គិតប្រាកន (Phiphat Ratchakitprakarn) រដ្ឋមន្រ្ដី​ក្រសួងទេសចរណ៍ និងកីឡាថៃ ។ នេះបើយោងតាម​ស្ថាន​ទូតកម្ពុជាប្រចាំប្រទេសថៃ។

បើតាមស្ថានទូតបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាលើក​ដំបូង​ក្នុងឆ្នាំ២០១២ ដោយរដ្ឋជាសមាជិកអាស៊ាន ដើម្បីជួយសម្រួលដល់ការចល័តនៃអ្នក​ជំនាញ​ទេសចរ ការផ្លាស់ប្តូរព័ត៌មានស្តីពីឧត្តរមានុវត្តន៍ (ការអនុវត្តល្អបំផុត) ខាង​ផ្នែកអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្អែកលើសមត្ថភាព សម្រាប់អ្នកជំនាញទេសចរ ក៏ដូចជាផ្តល់​ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងការកសាងសមត្ថភាពទូទាំង​តំបន់​អាស៊ាន។ ជាមួយ​គ្នានេះ កិច្ចព្រមព្រៀងដែលបានធ្វើវិសោធនកម្មថ្ងៃនេះ នឹងបើកផ្លូវឱ្យ​មានការទទួល​ស្គាល់នូវតំណែងការងារ ៣២ នៅក្នុងឧស្សាហកម្មចំនួនពីរ រួមមាន សេវា​កម្មសណ្ឋាគារ និងសេវាកម្មទេសចរណ៍។ លើសពីនេះទៀត វិស័យទាំងនេះ ក៏បាន​គ្របដណ្តប់លើ​ផ្នែក​ផ្សេងទៀតដូចជា ការរៀបចំប្រជុំ, ការលើកទឹកចិត្ត, ការធ្វើសន្និបាត និងការតាំងពិព័រណ៍ (MICE) ព្រមទាំងអ្នកបង្កើតព្រឹត្តិការណ៍អាជីព និងផ្នែកផ្សេងៗទៀត ទាក់ទងឧស្សាហកម្ម​ទេសចរណ៍ ដែលនឹងជួយបង្កើនភាពប្រកួតប្រជែងនៃអ្នកជំនាញ​វិស័យទេសចរណ៍ និង​ឧស្សាហកម្ម MICE ព្រមទាំងជំរុញការធ្វើពាណិជ្ជកម្មនៅក្នុង​វិស័យ​ទេសចរណ៍ និងសេវា​កម្ម MICE នៅក្នុងតំបន់៕

ដោយ រិទ្ធី

You do not have permission to write comment on this post.

Log in Register