ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ៖ ពលករខ្មែរ៧នាក់​ ក្នុងករណីស្ពានអាកាសបាក់ស្រុត នៅខេត្តនគររាជសីមា​ មិនមានរងគ្រោះដល់បាត់បង់ជីវិតទេ​

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ — ពលករខ្មែរចំនួន០៧នាក់​ ក្នុងករណីស្ពានអាកាសបាក់ស្រុត នៅខេត្តនគររាជសីមា​ ក្នុង​ប្រទេសថៃ មិនមានរងគ្រោះដល់បាត់បង់ជីវិតទេ​ ហើយកំពុងទទួលបានការព្យាបាល​​ និង​ការយកចិត្តទុកដាក់ ព្រមទាំងការចុះសួរសុខទុក្ខ​​ពីសំណាក់ស្ថានទូតកម្ពុជាប្រចាំ​ប្រទេស​ថៃផងដែរ។ នេះបើយោងតាមការគូសបញ្ជាក់របស់ស្ថានទូតកម្ពុជាប្រចាំ​នៅក្នុង​ប្រទេស​ថៃ។

តំណាងស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ​ នាថ្ងៃទី២៥ ខែមករា​ ឆ្នាំ២០២១នេះ បានចុះមកមន្ទីរពេទ្យមហារាជ ​​ និងការដ្ឋានសាងសង់ផ្លូវ​ នៅខេត្តនគររាជ​សីមា ដើម្បី​សួរសុខទុក្ខបងប្អូនពលករខ្មែរចំនួន០៧នាក់ ប្រុស០៤នាក់​ និងស្រី០៣នាក់​ ដែល​បាន​ជួបគ្រោះថ្នាក់ស្ពានអាកាសបាក់ស្រុតចុះ ខណៈកំពុងសាងសង់ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១​ វេលាម៉ោង ១៤៖១៨នាទី ស្ថិតនៅបរិវេណផ្លូវសុរៈណារ៉ាយ ឃុំឃោក​ស៊ូង ស្រុកមឿងនគររាជសីមា ខេត្តនគររាជសីមា ប្រទេសថៃ។

បើតាមតំណាងស្ថានទូតបានគូសបញ្ជាក់ថា បញ្ហាគ្រោះថ្នាក់ខាងលើនេះ មិនមែន​ករណីរងគ្រោះដល់ស្លាប់បាត់បង់ជីវិតនោះទេ ហើយ​​​បច្ចុប្បន្នពលករកម្ពុជា០៣នាក់ បាន​ចេញពីមន្ទីរពេទ្យហើយ​ ចំណែកពលករ០៤នាក់​ទៀត កំពុងសម្រាកព្យាបាល​នៅមន្ទីរ​ពេទ្យ ក្នុងនោះ ពលកររងគ្រោះ០១នាក់ជាស្ត្រី រងរបួសបាក់ជើងស្តាំ​​ ០១នាក់ទៀត​នឹង​ចេញពីមន្ទីរពេទ្យប៉ុន្មានថ្ងៃខាងមុខទៀត។ ចំណែកពលករ០២នាក់ទៀត​នឹងចេញពីមន្ទីរ​ពេទ្យ​នាល្ងាចថ្ងៃនេះផងដែរ។ មន្រ្ដីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានលើកឡើងថា ការ​ចំណាយលើការព្យាបាលនៅមន្ទីរពេទ្យរបស់ពលករខ្មែរទាំងអស់ គឺខាងនិយោជក​​ និង​ធានារ៉ាប់រងសង្គម ជាអ្នកទទួលខុសត្រូវ។ ចំណែកពលករដែលកំពុងសម្រាកព្យាបាល​និងមិនអាចទាន់ចូលធ្វើការវិញបាន​ នឹងទទួលបានប្រាក់ឈ្នួលទៅតាមច្បាប់។​

ជាមួយគ្នានេះដែរ តំណាងស្ថានទូតក៏បានពាំនាំថវិកា​ និងគ្រឿងឧបភោគ​បរិភោគ​មួយចំនួន ជូនដល់បងប្អូនពលករកម្ពុជាដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង​សម្រាក​នៅកន្លែងស្នាក់នៅរបស់ពួកគាត់។ លើសពីនេះទៀត តំណាងស្ថានទូតក៏បាន​លើក​​ឡើងពីការ ផ្តាំផ្ញើការសួរសុខទុក្ខពីរាជរដ្ឋាភិបាលកម្ពុជា​ដែលមានការព្រួយបារម្ភ​ពី​សុខទុក្ខរបស់បងប្អូនពលករខ្មែរផងដែរ៕

ដោយ រិទ្ធី

You do not have permission to write comment on this post.

Log in Register