សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទទួលជួបលោកជំទាវ ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ –សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ បានអនុញ្ញាតឱ្យលោកជំទាវ ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព ទើបតែងតាំងថ្មីនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែង ការគួរសមនៅវិមានព្រឹទ្ធសភា។

ក្នុងឱកាសនោះ លោកជំទាវ ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានអនុញ្ញាតឱ្យចូលជួបសម្តែង ការគួរសមនាពេលនេះ។ លោកជំទាវឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ប្រទេសឥណ្ឌា មិនគ្រាន់តែចាត់ទុកប្រទេសកម្ពុជាជាអ្នកជិតខាងល្អប៉ុណ្ណោះទេ គឺចាត់ទុកប្រទេសកម្ពុជា ជាគ្រួសារតែមួយ ពីព្រោះថាប្រទេសទាំងពីរមានអរិយ្យធម៌ វប្បធម៌ សាសនា និងប្រពៃណី ប្រហាក់ប្រហែលគ្នាតាំងពីយូលង់ណាស់មកហើយ។ ក្នុងនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឈរកៀកស្មាគ្នាដើម្បីជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកនាពេលកន្លងទៅ។ ប្រទស ឥណ្ឌា គឺជាប្រទេសទីមួយដែលបានជួយជួសជុលប្រាសាទអង្គរវត្តឡើងវិញនៅឆ្នាំ១៩៨៦។ ក្នុងពេលនោះ នៅតំបន់អង្គរវត្តមិនទាន់មានសុវត្ថិភាពនៅឡើយទេ ដោយ សារតែ ពេលនោះនៅមានការរំខានវាយប្រហារពីកងកម្លាំងរបស់ខ្មែរក្រហមនៅឡើយ។

លោកជំទាវឯកអគ្គរដ្ឋទូតបានបន្តថា បច្ចុប្បន្នប្រទេសកម្ពុជាគឺជាដៃគូដ៏សំខាន់ របស់សាធារណរដ្ឋឥណ្ឌា ជាមិត្តភក្តិ និងដៃគូដ៏ល្អរឹងមាំក្នុងក្របខ័ណ្ឌអាស៊ាន ជាពិសេស ស្របតាមគោលនយោបាយទិសបូព៌របស់សាធារណរដ្ឋឥណ្ឌា។ លោកជំទាវបាន វាយតម្លៃខ្ពស់ចំពោះការគាំទ្រយ៉ាងជ្រាលជ្រៅរបស់ប្រទេសកម្ពុជា ដោយគ្មានលក្ខខណ្ឌ ចំពោះសាធារណរដ្ឋឥណ្ឌា ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ ប្រទេសទាំងពីរបានផ្លាស់ប្តូរនូវកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ទាំងក្នុងក្របខ័ណ្ឌ អន្តរជាតិ ក៏ដូចជាក្របខ័ណ្ឌពហុភាគីផងដែរ។ លោកជំទាវឯកអគ្គរដ្ឋទូតបានស្នើ សុំការគាំទ្រ ពីសម្តេចប្រធានព្រឹទ្ធសភា ចំពោះបេសកកម្មការទូតរបស់លោកជំទាវ ដើម្បីឱ្យសម្រេច បាននូវគោលដៅ និងបង្កើននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រពៃ រវាងប្រជាជន សេដ្ឋកិច្ច និងការផ្សាភ្ជាប់ក្នុងវិស័យឌីជីថលនៃប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ ថែមទៀត។ ប្រទេសឥណ្ឌាចង់ឱ្យមាន ការហោះហើរត្រង់ពីប្រទេសឥណ្ឌាមកប្រទេសកម្ពុជា ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសសម្រាប់ប្រជាជន កម្ពុជាដែលស្វែងរកការព្យាបាលជំងឺនៅសាធារណរដ្ឋឥណ្ឌា។

ជាងនេះទៅទៀត ជាការបង្កឱកាសឱ្យប្រជាជនឥណ្ឌាបានមកទស្សនកិច្ច នៅប្រាសាទអង្គរវត្ត និងបានឃើញវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ប្រទេសកម្ពុជា ដែលមានទំនាក់ទំនងរវាងគ្នាជាយូលង់ណាស់មកហើយ។ លោកជំទាវជឿជាក់យ៉ាងមុតមាំថា វិស័យទេសចរណ៍គឺជាវិស័យមួយដែលផ្តល់ប្រយោជន៍ដល់ទំនាក់ទំនង រវាងប្រជាជនទាំងពីរ ហើយវិស័យនេះ ក៏បានដើរតួរយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេស ទាំងពីរផងដែរ។

លោកជំទាវបានសន្យាថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវនៅ ព្រះរាជាណាចក្រកម្ពុជា លោកជំទាវនឹងខិតខំប្រឹងប្រែងពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានស្នើសុំការគាំទ្រពីសម្តេចប្រធានព្រឹទ្ធសភា ក៏ដូចជាព្រឹទ្ធសភា នៃព្រះរាជាណាកម្ពុជា លើគម្រោងវិនិយោគរបស់សាធារណរដ្ឋឥណ្ឌាលើវិស័យសុខាភិបាល និងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការខាងវិស័យការពារជាតិ រវាងប្រទេសទាំងពីរឱ្យបាន កាន់តែខ្លាំងក្លាបន្ថែមទៀត។

លោកជំទាវឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ប្រទេសឥណ្ឌាតែងតែ ជួយអភិវឌ្ឍធនធានមនុស្សរបស់ប្រទេសកម្ពុជា ក្នុងនោះបានផ្តល់អាហារូបករណ៍ឱ្យក្រសួង ស្ថាប័ន និងសាកលវិទ្យាល័យនានា ក្នុងការពង្រឹងសមត្ថភាពលើជំនាញបច្ចេកវិទ្យាព័ត៌មាន និងជំនាញផ្សេងៗទៀត។ ព្រមជាមួយគ្នានេះ ក៏មានកម្មវិធីបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យា សម្រាប់មន្ត្រីរាជការនៃសភាកម្ពុជា ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវ ការងារសភានៅប្រទេសឥណ្ឌាផងដែរ។

ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុល សេនាភក្តី សាយ ឈុំ បានសម្តែងនូវការអបអរសាទរជូនចំពោះលោកជំទាវ ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា តែងតាំងជាឯកអគ្គរដ្ឋ ទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្តេចមានជំនឿជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវ ឯកអគ្គរដ្ឋទូត នឹងបន្តខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុង ពេលបច្ចុប្បន្ន និងទៅអនាគត។ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការអបអរ សាទរជាមួយនឹងប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសប្រារព្ធទិវា បុណ្យជាតិខួបលើកទី៧២ និងសូមប្រសិទ្ធពរជូនប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ឥណ្ឌា មានវឌ្ឍនភាព និងវិបុលភាព។

ជាមួយគ្នានេះ សម្តេចបានកោតសរសើរ និងអបអរសាទរចំពោះរដ្ឋាភិបាលឥណ្ឌា ដែលទទួលបានជោគជ័យក្នុងការផលិត និងផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ ដែលជាក្តីសង្ឃឹមសម្រាប់ប្រជាជនឥណ្ឌា ក៏ដូចជាមនុស្សជាតិទាំងអស់។ សម្តេចមាន ជំនឿជឿជាក់យ៉ាងមុតមាំថា ប្រទេសឥណ្ឌាក៏ដូចជាពិភពលោកទាំងមូលនឹងយកឈ្នះលើ វីរុសកូវីដ-១៩ជាក់ជាពុំខាន។

សម្តេចប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ថា ប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា មានប្រវត្តិសាស្រ្តទំនាក់ទំនងប្រពៃណី មិត្តភាពតាំងពីយូរលង់មកហើយ ហើយបានភ្ជាប់ ទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥២ នៅពេលដែលប្រទេសកម្ពុជាស្ថិតនៅក្រោម អាណា និគមនិយមបារាំង។ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ទំនាក់ទំនងការ ទូតនេះត្រូវកាត់ ផ្តាច់មួយរយៈ ហើយត្រូវបានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការឡើងវិញក្នុងឆ្នាំ១៩៨១ រហូតមកដល់បច្ចុប្បន្ននេះ។

សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង មិត្តភាព និងកិច្ច សហប្រតិបតិ្តការរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលត្រូវបានពង្រឹង ពង្រីកឥតឈប់ឈរ។ ព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌា ដែលជួយជ្រោមជ្រែងប្រទេសកម្ពុជា ក្នុងបុព្វហេតុឯករាជ្យជាតិនៅឆ្នាំ១៩៥៣ ហើយ ចាប់ពីឆ្នាំ១៩៨១មក ប្រទេសកម្ពុជាតែងតែបានទទួលនូវជំនួយឥតសំណង ជំនួយកម្ចី សម្បទាន វប្បធម៌ អរិយធម៌ សាសនា បចេ្ចកទេស ការអភិវឌ្ឍធនធានមនុស្ស និងជំនួយខាង សង្គមជាច្រើនទៀត។ ព្រមជាមួយនេះ ប្រទេសទាំងពីរក៏បានជំរុញនូវការវិនិយោគ ការផ្លាស់ ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ទៅវិញទៅមក ដែលបានរួមវិភាគទានយ៉ាងច្រើនដល់ ការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានមុខមាត់ថ្មីដូចពេលបច្ចុប្បន្ននេះ។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណដល់ស្ថានឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាល ឥណ្ឌា ដែលតែងតែបានជួយបណ្តុះបណ្តាលធនធានមនុស្សជាច្រើនដល់ប្រទេសកម្ពុជា។ តាមរយៈបេសកកម្មការទូតរបស់លោកជំទាវឯកអគ្គរដ្ឋទូត សម្តេចសង្ឃឹមថាលោកជំទាវ នឹងបន្តជួយជំរុញនូវការវិនិយោគទុននានា ការផ្លាស់ប្តូរពាណិជ្ជកម្ម និងចលនាប្រជា ជនឥណ្ឌាឱ្យមកទស្សនានៅប្រទេសកម្ពុជាបានច្រើនថែមទៀតបន្ទាប់ពីបញ្ចប់វិបត្តិកូវីដ១៩។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា នាពេលកន្លងទៅ ព្រឹទ្ធសភាតែងតែគាំទ្រ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្ធិសញ្ញា និងអនុស្សារណៈយោគយល់គ្នា ហើយបន្ទាប់ពីឯកសារទាំងនេះត្រូវបាន ផ្តល់សច្ចាប័នរួចហើយ ព្រឹទ្ធសភានៅតែលើកទឹកចិត្ត និងគាំទ្រឱ្យរដ្ឋាភិបាល នៃប្រទេស ទាំងពីរអនុវត្តន៍ទៅដោយរលូន និងប្រកបដោយប្រសិទ្ធភាព។ បច្ចុប្បន្ន ប្រទេសទាំងពីរកំពុង តែរៀបចំនូវកិច្ចព្រមព្រៀង សន្ធិសញ្ញា អនុស្សារណៈយោគយល់គ្នាមួយចំនួន និងកំពុងតែ ពិភាក្សាគ្នាយ៉ាងមមាញឹក ហើយព្រឹទ្ធសភានឹងត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រ និងលើកទឹកចិត្ត ដល់ការចុះហត្ថលេខាលើសន្ធិសញ្ញា កិច្ចព្រមព្រៀង អនុស្សរណៈទាំងអស់នោះ របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ព្រមទាំងត្រៀមខ្លួនដើម្បីចូលរួមផ្តល់យោបល់ អនុម័តផ្តល់សច្ចាប័នសម្រាប់ឱ្យប្រទេសទាំងពីរយកទៅអនុវត្តន៍ សម្រាប់ជាមូលដ្ឋាន នៃការអភិវឌ្ឍប្រទេសជាតិផង និងជាមូលដ្ឋានក្នុងការរួមចំណែកកសាងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍទាំងនៅក្នុងតំបន់ និងអន្តរជាតិផង។

សម្តេចប្រធានព្រឹទ្ធសភា បានឯកភាពចំពោះប្រសាសន៍របស់លោកជំទាវឯកអគ្គរដ្ឋទូត ទាក់ទងនឹងការវិនិយោគលើវិស័យសុខាភិបាល ក៏ដូចជាលើវិស័យផ្សេងៗទៀត ហើយសម្តេចនឹងគាំទ្រទាំងស្រុង ចំពោះគោលដៅនៃការវិនិយោគទាំងនេះនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា នាពេលកន្លងទៅនេះ ព្រឹទ្ធសភា នៃប្រទេសទាំងពីរបានធ្វើការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងរលូន និងមានប្រសិទ្ធភាព។ ព្រឹទ្ធសភាកម្ពុជានីតិកាលទី៤នេះ បានចាត់តាំងឱ្យមានក្រុមមិត្ត ភាពទ្វេភាគីជាមួយនឹងព្រឹទ្ធសភាឥណ្ឌារួចហើយ។

ជាមួយគ្នានេះ សម្តេចបានថ្លែងអំណរគុណដល់ស្ថានឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាល ឥណ្ឌា ដែលបានជួយលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សរបស់អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា តាមរយៈការផ្តល់អាហារូបករណ៍រយៈពេលខ្លី មធ្យម ដល់មន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទៅរៀននៅសាធារណរដ្ឋឥណ្ឌា ដែលគិតចាប់តាំងពី ឆ្នាំ២០១២មក គឺមានចំនួន១២៤នាក់ ហើយព្រឹទ្ធសភាឥណ្ឌាបានបញ្ជូនអ្នកជំនាញ ផ្នែកស្រាវជ្រាវមកជួយបណ្តុះបណ្តាលមន្រ្តីអគ្គលេខា ធិការដ្ឋានព្រឹទ្ធសភានៅភ្នំពេញ។ លើសពីនេះ ស្ថានទូតឥណ្ឌាបានបង្កើនចំណងមិត្តភាពជាមួយមន្រ្តីសភាតាមរយៈការរៀប ចំកម្មវិធីហាត់យូហ្គា (Yoga) នៅក្នុងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាផងដែរ។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានប្រកាស ត្រៀមខ្លួន នឹងធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយនឹងលោកជំទាវឯកអគ្គរដ្ឋទូត និងស្ថានទូត ឥណ្ឌាប្រចំាព្រះរាណាចក្រកម្ពុជា ដើម្បីរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត សម្តេចបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ជូនឯកឧត្តមប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌា ប្រកបដោយមនោសញ្ចេតនា ជ្រាលជ្រៅ ដោយសេចក្តីគោរព និងនឹករលឹក៕

ដោយ ប៉ាល់ សុង

You do not have permission to write comment on this post.

Log in Register