តំណាងសហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិបានជួបប្រជុំគ្នា ដើម្បីពិភាក្សាពីរបៀប ធ្វើការងារឱ្យកាន់តែមានប្រសិទ្ធភាពនៅកម្ពុជា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៣ ខែ កុម្ភៈ ឆ្នាំ ២០២១ –តំណាងសហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិបានជួបប្រជុំគ្នានៅទីក្រុងភ្នំពេញ ដើម្បី ពិភាក្សាពីរបៀបធ្វើការងារឱ្យកាន់តែមានប្រសិទ្ធភាពនៅកម្ពុជា ពន្លឿនវឌ្ឍនភាពឆ្ពោះទៅ សម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាព និងនាំមកនូវលទ្ធផលកាន់តែល្អ សម្រាប់ជីវិត របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដើម្បីកសាងឡើងវិញឱ្យកាន់តែប្រសើរក្រោយការឆ្លង រាលដាលជាសកលនៃជំងឺកូវីដ-១៩។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។

លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាច​ក្រ​កម្ពុជាមានប្រសាសន៍ថា “យើងចង់ធ្វើការងារឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងសម្រេច​ឱ្យបាននូវលទ្ធផលកាន់តែប្រសើរនាពេលអនាគត។ ដើម្បីសម្រេចគោលដៅនេះ យើងចាំ បាច់ត្រូវធ្វើការកែលម្អរបៀបរបបធ្វើការងាររបស់យើង ហើយនេះគឺជាគោលបំណងនៃ កិច្ច ពិគ្រោះយោបល់រវាងសហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ”។ លោកជំទាវបានលើក​ឡើងថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានបង្កើតនូវបរិបទថ្មីមួយសម្រាប់​ការអនុវត្ត​ការងារនៅក្នុងវិស័យអភិវឌ្ឍន៍។ លោកជំទាវបញ្ជាក់ថា “គ្រប់ប្រទេសទាំងអស់ត្រូវ​យក​ធនធានមកប្រើប្រាស់សម្រាប់ការស្ដារឡើងវិញក្រោយជំងឺកូវីដ-១៩។ ប៉ុន្តែយើង​មិនអាច​ត្រឡប់ទៅរករបៀបធ្វើការងារបែបគំរូចាស់នោះឡើយ”។ លោកជំទាវបានបន្ដទៀតថា ប្រទេសនានាចាំបាច់ត្រូវចាប់ផ្ដើមជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ប៉ុន្តែវិស័យ​អភិវឌ្ឍន៍​មានវិសាលភាពធំជាងនេះឆ្ងាយ ហើយការអភិវឌ្ឍសំដៅលើការបង្កើតឱកាសសម្រាប់​មនុស្ស ធ្វើឱ្យជីវិតរបស់ពួកគេកាន់តែមានភាពសម្បូរបែប ព្រមទាំងពង្រីកការអនុវត្ត​សិទ្ធិ​របស់ពួកគេ។ “យើងចាំបាច់ត្រូវរិះរកវិធី​ ដើម្បីឱ្យការអនុវត្តការងារទាំងនេះ កាន់តែ​មាន​ប្រសិទ្ធភាពនិងស្វែងរកវិធីដើម្បីឱ្យយើងអាចសម្រេចលទ្ធផលបានកាន់តែប្រសើរ”។ នេះគឺជាការបញ្ជាក់បន្ថែមរបស់លោកជំទាវ Carmen Moreno។

លោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានកត់សម្គាល់ឃើញថា ភាពជាដៃគូស៊ីជម្រៅមានសារៈសំខាន់ ជាពិសេស​នៅក្នុងកាលៈ​ទេសៈនាពេលនេះ ដែលវិសមភាពកំពុងមានការកើនឡើង និងនៅក្នុងកាលៈទេសៈ​នៃការ​ស្ដារឡើងវិញពីជំងឺកូវីដ-១៩ ដែលចាំបាច់ត្រូវមានការពង្រឹងសាមគ្គីភាព និងការប្រ​កាន់​យកស្មារតីពហុនិយម ហើយសហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិមានគុណតម្លៃរួម​ដូចគ្នា។ លោកស្រីបានសង្កត់ធ្ងន់ថា “យើងប្ដេជ្ញាចិត្តលើកកម្ពស់ការគោរពសិទ្ធិមនុស្ស ការអភិវឌ្ឍដោយចីរភាព និងការធានាឱ្យមានការផ្ដល់ភាពអង់អាច និងការការពារ​មនុស្ស​ជាតិ ព្រមទាំងភពផែនដីទាំងមូល”។

ជាមួយគ្នានេះ សហភាពអឺរ៉ុប និងរដ្ឋជាសមាជិករបស់សហភាពអឺរ៉ុបរួមគ្នា គឺជា​ដៃគូធំជាងគេទីពីររបស់កម្ពុជា បើគិតជាចំនួនថវិកាជំនួយសម្រាប់ការអភិវឌ្ឍ ដោយមាន​អង្គការសហប្រជាជាតិ ដើរតួនាទីជាទីភ្នាក់ងារអនុវត្តន៍ជាដរាបមក។ គម្រោងដែល​សហ​ភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រជាជាតិជាដៃគូកំពុងអនុវត្តន៍នៅកម្ពុជា មានទឹកប្រាក់ជាង ១០០លានដុល្លារ។ នេះគឺគម្រោងដែលមានការចូលរួមពីពលរដ្ឋកម្ពុជានៅគ្រប់​ស្រទាប់​វណ្ណៈក្នុងវិស័យជាច្រើន ដូចជា អប់រំ កសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ អភិបាល​កិច្ច សិទ្ធិមនុស្ស សេវាគាំពារសង្គម ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការអភិវឌ្ឍវិស័យ​ឯកជន និងការប្រែប្រួលអាកាសធាតុ។

បើទោះជាកិច្ចពិគ្រោះយោបល់នេះផ្ដោតលើផលវិបាកធ្ងន់ធ្ងរដែលបង្កឡើងដោយសារការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩យ៉ាងណាក៏ដោយ ប្រតិភូចំនួន ៤០ នាក់​ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនេះ បានបង្ហាញនូវក្ដីសង្ឃឹម ដោយយល់ស្របគ្នាថា បរិបទ​ថ្មី​នេះផ្ដល់នូវឱកាសដែលមានតែម្ដងក្នុងមួយជំនាន់ ដើម្បីនាំមកនូវការផ្លាស់ប្ដូរ​ជាវិជ្ជ​មាន​នៅក្នុងប្រព័ន្ធ ដែលគេប្រហែលជាមិនអាចធ្វើបានឡើយ ប្រសិនបើពុំមានវិបត្តិនេះ។

លោកស្រី Pauline Tamesis បានបន្ថែមដែរថា “សូម្បីតែនៅក្នុងស្ថានភាពសោកសៅ ពោលគឺសូម្បីតែពេលដែលមានផលវិបាកធ្ងន់ធ្ងរជាច្រើនកំពុងកើតមានឡើងដូចដែល យើងទាំងអស់គ្នាបានមើលឃើញចេញពីការឆ្លងរាលដាលជាសកលនេះក៏ដោយ យើង​ក៏បាន​មើលឃើញនូវក្ដីសង្ឃឹមផងដែរ។ យើងមើលក្ដីសង្ឃឹមនេះតាមរយៈគោលនយោ​បាយ​ដែលនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន ដែលរដ្ឋាភិបាលជាច្រើនបានដាក់ឱ្យអនុវត្តន៍ ជាគោលនយោបាយដែលគេពុំធ្លាប់ដែលគិតដល់កន្លងមក។”

លោកស្រីបានអះអាងថា “ទាំងនេះគឺជាគោលនយោបាយដែលយើងមិនធ្លាប់ស្រមៃ​ឃើញ​​ឡើយកន្លងមក ប៉ុន្តែឥឡូវនេះយើងបានមើលឃើញវា។ នេះគឺជាមូលដ្ឋានដែល​ជំងឺកូវីដ-១៩ ផ្ដល់ឱកាសឱ្យយើងធ្វើការផ្លាស់ប្ដូរ ហើយវិបត្តិនេះបានផ្ដល់ឱ្យយើងនូវក្ដី​សង្ឃឹម ដើម្បីកសាងឡើងវិញឱ្យកាន់តែប្រសើរ”៕

ដោយ រិទ្ធី

You do not have permission to write comment on this post.

Log in Register