សាធារណរដ្ឋឆែក នឹងបន្តជួយលើការអភិវឌ្ឍធនធានមនុស្សដល់កម្ពុជាបន្តទៀត

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ –ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា (Martin Vávra) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សាធារណរដ្ឋឆែកនឹងបន្តជួយដល់កម្ពុជា ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា (Martin Vávra) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មី នៃសាធារណរដ្ឋឆែក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះដែរ ឯកឧត្តម Martin Vávra បានលើកឡើងថា បេសកកម្មរបស់ឯកឧត្ដម មកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺធ្វើយ៉ាងណាពង្រីកនិងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកធំធាត់ឡើងនិងស៊ីជម្រៅថែមទៀត។ ឯកឧត្ដមបានបន្តថា សាធារណរដ្ឋឆែកមានមនោសញ្ចេតនាខ្ពស់ និងអារម្មណ៍យ៉ាងជិតស្និទ្ធជាមួយនឹងកម្ពុជា ឈរលើមូលដ្ឋាននេះ ឯកឧត្ដមបានសន្យាជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ឯកឧត្ដម នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជំរុញ និងលើកស្ទួយកិច្ចសហប្រតិបត្តិការ លើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ជាមួយគ្នានេះផងដែរ ឯកឧត្ដម Martin Vávra ក៏បានជម្រាបជូនសម្ដេចតេជោដែរថា សាធារណរដ្ឋឆែកនឹងបន្តជួយដល់កម្ពុជា ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរជូនចំពោះ ឯកឧត្ដម Martin Vávra ដែលត្រូវបានតែតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ដែលបានជួយដល់កម្ពុជាពីអតីតកាល លើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច។ ជាងនេះទៀត ក៏បានលុបបំណុលមួយចំនួនធំដែលកម្ពុជាបានជំពាក់នាពេលកន្លងមក ហើយបំណុលដែលនៅសេសសល់បង្វែរមកជួយកម្ពុជាវិញ តាមរយៈការសាងសង់សាលារៀន និងវិស័យសង្គមកិច្ច ជាដើម។ ពាក់ព័ន្ធនឹងបេសកកម្មការទូតរបស់ឧត្ដម Martin Vávra សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល បានស្នើឱ្យឯកឧត្ដមឯកអគ្គរដ្ឋទូត យកចិត្តទុកដាក់ទៅលើការជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស។

គួររម្លឹកដែរថា ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា (Martin Vávra) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មី នៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ថ្វាយសារតាំង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១  នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register