រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ទទួលសៀវភៅជាភាសាអង់គ្លេសមាន​ចំណងជើងថា “The Journey of Down to Earth Diplomat” ចំនួន៨០ច្បាប់ ពី ឯកឧត្តម ហោ ណាំបូរ៉ា

Please log in or register to like posts.
ព័ត៌មាន

រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ទទួលសៀវភៅជាភាសាអង់គ្លេសមាន​ចំណងជើងថា “The Journey of Down to Earth Diplomat” ចំនួន៨០ច្បាប់ ពី ឯកឧត្តម ហោ ណាំបូរ៉ា

AKP ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានទទួលសៀវភៅជាភាសាអង់គ្លេសមាន​ចំណងជើងថា “The Journey of Down to Earth Diplomat” ចំនួន៨០ ច្បាប់ ពី ឯកឧត្តម ហោ ណាំបូរ៉ា គឺជាអ្នកការទូត​កម្ពុជាដែលមានបទពិសោធន៍ម្នាក់ និងជាអតីតឯកអគ្គរាជទូតកម្ពុជា​ប្រចាំនៅក្រៅប្រទេសដែលបានសរសេរសៀវភៅ​រៀប​រាប់ពីបទពិសោធន៍ការងារការទូតជាង​២៥ ឆ្នាំកន្លងមកនេះ។ សៀវភៅនេះ អាចរកមើល​បាននៅបណ្ណាគារជាតិ និងមានលក់នៅ Monuments Books។

ក្នុងជំនួបពិភាក្សាការងារ និងការប្រគល់សៀវភៅជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដី​ក្រសួងព័ត៌មាន នាព្រឹក​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្ដម ហោ ណាំបូរ៉ា បាន​បញ្ជាក់ថា សៀវភៅនេះឯកឧត្ដមបានសរសេរចងក្រងមក​អស់រយៈពេល​ប្រមាណ ២ ឆ្នាំ ដោយ​បានរៀបរាប់ពីបទពិសោន៍ការងារការទូត ដែលទទួលបានក្នុងរយៈ​ពេល​កន្លងមក ក៏ដូច​ជាទាក់ទងទៅនឹងការងារអាស៊ាន ដោយបង្ហាញពីលទ្ធផល ដែលកម្ពុជា សម្រេចបាន​កន្លង​មក។ ឯកឧត្ដមបានបន្ដថា ក្នុងសៀវភៅនេះ ក៏មានការសរសេររៀបរាប់ពី​ការ​រីកចម្រើន​របស់​ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្រៅពីនេះ​ក៏បានសរសេរទាក់ទងទៅនឹងប្រទេស ឥណ្ឌូណេស៊ី ដែលឯកឧត្ដម ធ្លាប់​ធ្វើឯកអគ្គរាជទូត​កម្ពុជាប្រចាំនៅទីនោះ។ ឯកឧត្ដមបានលើកឡើងថា វិស័យការងារការទូត អស់រយៈពេលជា​ច្រើន​ឆ្នាំកន្លងមកនេះ បានក្លាយទៅជាសិល្បៈ ក្នុងការរួមប្រាស្រ័យទាក់ទងជាមួយភ្ញៀវទូទៅ ការ​ទាក់ទាញអ្នកវិនិយោគទុន សិល្បៈក្នុងការដោះស្រាយបញ្ហាជាមួយម្ចាស់ផ្ទះ។ ឯកឧត្ដម​ក៏បានបន្ថែមថា សៀវភៅនេះ ក៏នឹងធ្វើការបកប្រែជាភាសាខ្មែរ ដើម្បីឱ្យអ្នកជំនាន់ក្រោយ​ទទួលបានបទពិសោធន៍ទាក់ទងការងារការទូត។

ឯកឧត្ដម ខៀវ កាញារីទ្ធ បានកោតសរសើរពីលទ្ធផលការងារដ៏ល្អរបស់ ឯកឧត្ដម ហោ ណាំបូរ៉ា ជាឯកអគ្គរាជទូតប្រចាំនៅបណ្តាប្រទេសជាច្រើន ហើយបានចងក្រងជាសៀវភៅ ដ៏​មាន​សារៈប្រយោជន៏សម្រាប់ឱ្យនិស្សិត និងមន្រ្តីការទូតជំនាន់ក្រោយ ដកស្រង់បទពិសោធន៍ ដើម្បីបំពេញកិច្ចការងារបានល្អ។

សូមបញ្ជាក់ផងដែរថា ឯកឧត្តម ហោ ណាំបូរ៉ា បានបញ្ចប់បេសកកម្មការងារការទូត នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីពេលថ្មីៗកន្លងមកនេះ ដោយបច្ចុប្បន្ន​ឯកឧត្ដម​ត្រូវចូលនិវត្តន៍។ ឯកឧត្តម ហោ ណាំបូរ៉ា ជាកូនប្រុសបង្កើតរបស់ឯកឧត្ដម ឧបនាយក​​រដ្ឋ​មន្ត្រី ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការ​អន្តរ​ជាតិ។ មុននឹងតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស ឥណ្ឌូណូស៊ី ឯកឧត្តម ហោ ណាំបូរ៉ា ជាអតីតឯកអគ្គរាជកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេឡង់  ចក្រភពអង់​គ្លេស ប្រទេសដាណឺម៉ាក អៀរឡង់ ហ្វាំងឡង់ ន័រវេស ស៊ុយអែត និងប្រទេសអេត្យូពី។

ឯកឧត្តម ហោ ណាំបូរ៉ា បានបញ្ជាក់ផងដែរថា ក្នុងពេលដែលធ្វើជាឯកអគ្គរាជ​ទូត​នៅក្រៅ​ប្រទេស គឺ ឯកឧត្ដម បានទទួលព័ត៌មានជាច្រើនពីក្រសួងព័ត៌មាន ក្នុងនោះ​ក៏ទទួល​បានពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា
Credit:http://akp.gov.kh/kh/post/detail/32070

You do not have permission to write comment on this post.

Log in Register