ក្រុមការងារអាជ្ញាធរជាតិអប្សរា បានប្រទះឃើញថាសលោហៈនៅប្រាសាទអង្គរវត្ត

Please log in or register to like posts.
ព័ត៌មាន

សៀមរាប ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ — លោក ឈូក សុម៉ាឡា មន្រ្តីទទួលបន្ទុកចុះបញ្ជីបេតិកភណ្ឌរូបីនៃនាយកដ្ឋានអភិរក្ស ប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា កាលពីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមការងារអាជ្ញាធរជាតិអប្សរាបានប្រទះឃើញថាស លោហៈកប់ក្នុងដីនៅចន្លោះរានហាល និងបណ្ណាល័យខាងត្បូងប្រាសាទអង្គរវត្ត។

ថាសលោហៈនេះ មានទំហំអង្កត់ផ្ចិត ៦២ស.ម ជម្រៅបាតថាស ៣ស.ម ផ្ទៃបាតរាង មូល និងរីកមាត់ឡើងមកលើបន្តិច និងបត់រាបស្មើ ដោយផ្នែកខាងចុងមានរាងក្បាច់កោង តូចៗព័ទ្ធជុំវិញ។ នៅលើផ្ទៃថាសទាំងមូលនេះពុំឃើញមានក្បាច់លម្អ ឬអក្សរអ្វីដែលអាចឱ្យ យើងកំណត់ពីអាយុកាលនៃវត្ថុនេះឱ្យបានច្បាស់លាស់នៅឡើយទេ។

បច្ចុប្បន្ន ក្រុមចុះបញ្ជីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា បង្ការ បានយកមករក្សាទុកជាបណ្តោះអាសន្ននៅមជ្ឈមណ្ឌលជាតិអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការចុះបញ្ជី និងកំណត់អត្តសញ្ញាណវត្ថុបុរាណនេះជាដំបូងសិន មុននឹងលាងសម្អាត និងជួសជុលតាមបច្ចេកទេសជំនាញជួសជុលវត្ថុបុរាណជាបន្តទៀត៕

ដោយ ឃុត សៅ

You do not have permission to write comment on this post.

Log in Register