គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាននៃ CAMSOC បង្ហាញសកម្មភាពការងារ៣ដំណាក់កាលសំខាន់ៗ សម្រាប់ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

Please log in or register to like posts.
ព័ត៌មាន

គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាននៃ CAMSOC បង្ហាញសកម្មភាពការងារ៣ដំណាក់កាលសំខាន់ៗ សម្រាប់ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ — គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាននៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣បានបង្ហាញឱ្យឃើញនូវសកម្មភាពការងាររបស់ខ្លួនចំនួន៣ ដំណាក់កាលសំខាន់ៗ សម្រាប់ព្រឹត្តិ​ការ​ណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាននៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានមាន​ប្រសាសន៍ក្រោយបញ្ចប់កិច្ចប្រជុំ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជាឱ្យដឹងថា សម្រាប់សកម្មភាពការងារ គណៈកម្មការផ្សព្វផ្សាយ និងពត៌មានក្នុងដំណើរ​ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នេះគឺត្រូវបានបែងចែកជា៣ដំណាក់កាល គឺមុនព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ក្នុងពេលប្រកួតស៊ីហ្គេម និងក្រោយបញ្ចប់ស៊ីហ្គេម។ ឯកឧត្ដមបានបន្ដថា បច្ចុប្បន្នគណៈកម្ម​ការ​នេះកំពុងចាប់ផ្តើមធ្វើកិច្ចការនេះជាបណ្តើរៗហើយ មានន័យថា ក្នុងដំណាក់កាលមុនដំណើរការស៊ីហ្គេម ដែល​ជាបញ្ហាសំខាន់មួយ ដើម្បីបញ្ជ្រាបពត៌មានឱ្យប្រជាជនយើងយល់ច្បាស់អំពីការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ថាតើស៊ីហ្គេមនេះជាអ្វី ហើយដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម នេះ តើប្រជាជនកម្ពុជាត្រូវ​ចូល​រួមក្នុងរឿងអ្វីខ្លះ។ ឯកឧត្តមប្រធានគណៈកម្មការបានបញ្ជាក់ថា ក្នុងដំណាក់កាលទី១នេះ គឺជាបញ្ហា​សំខាន់ណាស់ ដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋខ្មែរ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ត្រូវត្រៀមខ្លួន​ធ្វើឱ្យមានបរិស្ថានស្អាត ដោយត្រូវរួមគ្នាធ្វើឱ្យមានបរិស្ថានស្អាត ការលុបបំបាត់បញ្ហាគ្រឿងញៀន ចរាចរណ៍​ល្អ។ ចំណុចនេះ គឺមានន័យថាការបើកបរត្រូវគោរពទៅតាមច្បាប់ ដោយភ្ញៀវមកពីច្រកព្រំដែនអន្តរជាតិ ឬតាមជើង​ហោះហើរអន្តរជាតិចូលមកក្នុងស៊ីហ្គេមនេះមើលមកឃើញការបើកបរមានរបៀបរបបល្អ និងការ​នាំគ្នាលេង​កីឡា ដែលទីណា ក៏មានសកម្មភាពលេងកីឡា ដើម្បីសុខភាពដែរ ដែលចំណុចទាំងអស់នេះ​គឺយើងទាំងអស់គ្នាត្រូវរួមដំណើរជាមួយគ្នាក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ឱ្យ​នទទួល​បានជោគជ័យជាប្រវត្តិសាស្ត្រលើកដំបូងនេះ។

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ក៏បានលើកឡើងដែរថា ក្រៅពីនេះក៏ថ្នាក់ដឹកនាំ CAMSOC បានចង្អុល​បង្ហាញលើការងារប្រព័ន្ធផ្សព្វផ្សាយនេះ គឺយើងនឹងអញ្ជើញពិធីករ ពីធីការិនីតាមបណ្តាស្ថានីយទូរទស្សន៍ ឬអ្នកពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលកីឡា ដើម្បីឱ្យពួកគាត់ឈ្វេងយល់​អំពី​វិស័យ​កីឡា អ្វីទៅជាកីឡាស៊ីហ្គេម កីឡាអាស៊ី និងកីឡាអូឡាំពិកហ្គេម ជាដើម ដើម្បីឱ្យ​ពួកគាត់បាន​យល់​ដឹងអំពីវិស័យកីឡា ក្នុងការយកទៅអត្ថាធិប្បាយ ឬសរសេរពីកីឡាជូនដល់ប្រិយមិត្ត​ទស្សនិកជន​របស់ខ្លួន៕

ដោយ ហេង ណាលីន
Credit:http://akp.gov.kh/kh/post/detail/32206

 

You do not have permission to write comment on this post.

Log in Register