កូនទន្សោងញីមួយក្បាលបានជាន់អន្ទាក់ស្លាប់នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងភូមិសាស្ត្រខេត្ដមណ្ឌលគិរី

Please log in or register to like posts.
ព័ត៌មាន

កូនទន្សោងញីមួយក្បាលបានជាន់អន្ទាក់ស្លាប់នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងភូមិសាស្ត្រខេត្ដមណ្ឌលគិរី

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ — កូនសត្វទន្សោងញីមួយក្បាលដែលមានអាយុប្រមាណទើប ៣ ខែទៅ ៤ ខែត្រូវបាន មន្ត្រី​ឧទ្យានុរក្សរកឃើញថា ស្លាប់កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២០ នៅក្នុងតំបន់ស្នូល នៃ​ដែនជម្រកសត្វព្រៃលំផាត់ក្នុងស្ថិតក្នុង ភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ នេះបើតាមការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាននៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២០។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា​កូនសត្វទន្សោងញីដែលដេកស្លាប់នេះ​មាន​របួសដាច់កជើងក្រោយខាងស្តាំដោយសារតែជាប់អន្ទាក់របស់ព្រានព្រៃ។ ឯកឧត្តមរដ្ឋ​លេខា​ធិការបានថ្លែងថា តាមការត្រួតពិនិត្យ និងវិនិច្ឆ័យរបស់មន្ត្រីឧទ្យានុរក្ស ឃើញថា កូន​សត្វទន្សោង(ញី) ដែលបានស្លាប់ប្រហែលជា ៤ទៅ ៥ថ្ងៃមុនរកឃើញ។ ទន្ទឹមនេះ កជើង​ម្ខាងក្រោយខាងស្តាំត្រូវបានដាច់ និងមានជាំបាក់ជើងជាសញ្ញាជាប់អន្ទាក់ ពិសេសមាន​ស្ថានភាព​ស្អុយរលួយខ្លាំង មិនអាចចូលទៅជិតបាន។

បើតាមការសន្និដ្ឋានរបស់មន្ត្រី​ឧទ្យានុរក្ស គឺកូនសត្វទន្សោង(ញី) ដែលបាន ស្លាប់​នៅ​ចំណុចខាងលើបណ្តាលមកពីជាប់អន្ទាក់ខ្សែកាប ដែលជនល្មើស បានលួចចូលមក​ក្នុងព្រៃតំបន់ស្នូលខាងលើ ដើម្បីដាក់អន្ទាក់សត្វព្រៃគ្រប់ប្រភេទ ក្រោយពេលដែលមន្ត្រី​ឧទ្យានុរក្ស វិលត្រឡប់ពីល្បាតវិញ។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សបានដឹកនាំបុគ្គលិកគម្រោងអង្គការ Birdlife ចុះល្បាតនៅជិតចំណុចខាង​លើ​​នោះ ឃើញមានស្នាមជើងសត្វទន្សោងចំនួន០៧ ក្បាលក្នុងនោះរួមមានស្នាមជើង កូន​សត្វទន្សោង(តូច) មួយក្បាលផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងបន្ដថា​ក្រសួង​បរិស្ថានពិតជាមានការ សោកស្តាយយ៉ាងខ្លាំងចំពោះបាត់បង់សត្វដ៏កម្រនេះ និងស្នើសុំ​សមត្ថ​កិច្ចពាក់ព័ន្ធចូលរួមចាត់វិធានការ លុបបំបាត់ការបង្កើតអន្ទាក់ក្នុងចេតនាបំផ្លិច​បំផ្លាញ​ធន​ធានសត្វព្រៃ។  ឯកឧត្តមបានបន្ដថា ចាប់តាំងពីខែមករាដល់ខែមិថុនានេះ សត្វ​ទន្សោងចំនួន០៥ក្បាល ហើយដែលបានរកឃើញថា ស្លាប់ក្នុងតំបន់ការពារធម្មជាតិរបស់​កម្ពុជា ដែលក្នុងនោះ ០១ ក្បាលរកឃើញស្លាប់ដោយ ជាប់អន្ទាក់នៅក្នុងខេត្តកំពង់ស្ពឺ ០១ ក្បាលស្លាប់ដោយជាប់អន្ទាក់ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នក្នុងខេត្តឧត្តរមានជ័យ និង ០៣ ក្បាលក្នុងតំបន់ជាប់នឹងដែនជម្រកសត្វព្រៃភ្នំព្រេចដោយសារការបាញ់ សម្លាប់ និង​កូន​ទន្សោងញី ០១ ក្បាលរកឃើញស្លាប់ក្នុងដែនជម្រកសត្វព្រៃលំផាត់។

ឯកឧត្តមបានបន្ថែមថា សកម្មភាពនៃការលួចបរបាញ់សត្វ និងការដាក់អន្ទាក់​ចាប់​សត្វនៅតែបន្តកើតមាន ហើយអន្ទាក់គឺជាឃាតករលាក់មុខបន្តសម្លាប់សត្វព្រៃ ជារៀង រាល់​ថ្ងៃ ដែលមន្ត្រីឧទ្យានុរក្សបានបង្ក្រាបនិងទប់ស្កាត់។

បើតាមរបាយការណ៍របស់ក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងរយៈពេល ៤ ខែឆ្នាំ ២០២០ គឺពីខែមករាដល់ខែមេសា អន្ទាក់ចំនួន ៨,៩៥០ ត្រូវបានដោះ ចេញពីតំបន់​ការពារ​ធម្មជាតិ និងកាំភ្លើង កាំភ្លើងកែច្នៃ និងស្នាតេះដែលប្រើសម្រាប់ការបរបាញ់សត្វ ចំនួន ២៣៩ ដើម ត្រូវបានដកហូត។ ក្នុងឆ្នាំ ២០១៩ កន្លងទៅ អន្ទាក់ជិត ២០,០០០ ត្រូវបានដោះ​ចេញពីតំបន់ការពារធម្មជាតិដើម្បីការពារសត្វព្រៃ ដែលកំពុងរស់នៅក្នុងតំបន់ការពារ​ធម្ម​ជាតិ។

ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងទៀតថា តាមរបាយការណ៍សិក្សារបាយប្រជាជន សត្វ​ទន្សោងនៅក្នុងប្រទេសកម្ពុជាមានចន្លោះពី ២,៧០០ ទៅ ៥,៧០០ ក្បាល។ ចំនួននេះ​បានធ្វើឱ្យប្រទេសកម្ពុជា ជាកន្លែងដែលមានវត្តមានសត្វទន្សោងច្រើនជាងគេនៅលើ​ពិភព​លោក ខណៈចំនួនសត្វទន្សោងសរុបនៅលើពិភពលោកត្រូវបានគេប៉ានស្មាន​ថាមាន​ចន្លោះ​ពី ៥,៩០០ ទៅ ១១,០០០ ក្បាលតែប៉ុណ្ណោះ។ ជាមួយគ្នានេះ ប្រទេសថៃ​និងប្រទេស​ឥណ្ឌូណេស៊ីក៏មានចំនួនសត្វទន្សោងប៉ុន្មានរយក្បាលប៉ុណ្ណោះ។

ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមទៀតថា សត្វទន្សោងជាប្រភេទសត្វកម្រជិតផុត ពូជនៅលើពិភពលោក ហើយកម្ពុជាមានមោទនភាពដែលប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវ ចូលរួមការពារនិងអភិរក្សសត្វព្រៃឱ្យបានគង់វង្សដោយនិយាយថាទេចំពោះការជួញដូរសត្វព្រៃ ការបរិភោគសាច់សត្វព្រៃ និងកុំបរបាញ់ និងចាប់សត្វព្រៃ៕

ដោយ រិទ្ធី
Credit:http://akp.gov.kh/kh/post/detail/32744

You do not have permission to write comment on this post.

Log in Register