សម្ដេចតេជោ ហ៊ុន សែន អរគុណអ្នកសាព័ត៌មាន ដែលបានចូលរួមផ្សព្វផ្សាយព័ត៌មាន អំពីវិធីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩នៅទូទាំងប្រទេស

Please log in or register to like posts.
ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន អរគុណអ្នកសាព័ត៌មាន ដែលបានចូលរួមផ្សព្វផ្សាយព័ត៌មាន អំពីវិធីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩នៅទូទាំងប្រទេស

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវ​ការ​អរគុណដល់អ្នកសាព័ត៌មាន វិទ្យុ ទូរទស្សន៍ និងភ្នាក់ងារផ្សព្វផ្សាយអនឡាញ ដែលបាន​ចូលរួមផ្សព្វផ្សាយព័ត៌មានកូវីដ-១៩ ទាន់ហេតុការណ៍ និងអំពីវិធីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេស។

នៅលើផេកផ្លូវការ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោបានសរសេរថា “ខ្ញុំសូម​រម្លឹកដាស់តឿនដល់បងប្អូនជនរួមជាតិទូទាំងប្រទេស សូមមានការប្រុងប្រយ័ត្ន​ខ្ពស់​ជាប់ជានិច្ច ចំពោះជំងឺឆ្លងផ្លូវដង្ហើមកូវីដ-១៩ ដែលកំពុងរាតត្បាតនៅក្នុង២១៦​ប្រទេសនៅ​ទូទាំងពិភពលោក”។ សម្ដេចតេជោបានគូសបញ្ជាក់ថា  កូវីដ-១៩ ជាជំងឺឆ្លងរាតត្បាតដ៏​កាច​សា​ហាវបំផុត ដែលពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ជាមួយគ្នានេះ ជងឺ​កូវីដ-១៩ បាន​បន្ត​ឆ្លង និងសម្លាប់មនុស្សជារៀងរាល់ថ្ងៃ។ សម្ដេចតេជោបានលើក​ឡើងថា  ទោះអត្រាឆ្លង​រោគកូវីដ-១៩ នៅកម្ពុជាយើងមានកម្រិតទាប ហើយចំនួនអ្នកព្យាបាលបានជា​សះស្បើយ​ច្រើន​មែន ក៏ប៉ុន្តែយើងមិនត្រូវបណ្តោយខ្លួនធ្វេសប្រហែសមើលស្រាលលើជំងឺឆ្លង​រាតត្បាត​មួយនេះដាច់ខាត។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានណែនាំដល់បងប្អូនទាំងអស់ សូមដាក់​តាមខ្លួនជាប់ជាប្រចាំនូវម៉ាស់ និងលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល និងជែលល។ សម្ដេចតេជោក៏សូមឱ្យអាជ្ញាធរនិងសមត្ថកិច្ចទទួលខុសត្រូវ បន្តពិនិត្យទៅតាមភោជនីយដ្ឋាន ផ្សារតូច ធំ ទីកន្លែងប្រជុំជន និងកន្លែងបណ្តុំក្រុមមនុស្សច្រើន អំពីការអនុវត្តអនាម័យប្រចាំថ្ងៃ ដែលត្រូវតែមានទឹកអាល់កុល នឹងជែលលាងដៃសម្រាប់អតិថិជន ជាពិសេសគឺនៅ​តាមគ្លីនិក​ព្យាបាលជំងឺ និងមន្ទីរពេទ្យ គឺត្រូវតែមានជែល ឬទឹកអាល់កុល និងម៉ាស់​សម្រាប់មនុស្ស​ចេញ-ចូលក្នុងមន្ទីរពេទ្យប្រើប្រាស់ ដើម្បីការពារការឆ្លងរាលដាលមេរោគពីម្នាក់ទៅម្នាក់បាន​​​ដោយ​សារតែការធ្វេសប្រហែសគ្មានការប្រុងប្រយ័ត្ន។ សម្ដេចបានគូសបញ្ជាក់បន្ថែមថា សូមបងប្អូន​ជនរួមជាតិបន្តសហការជាមួយក្រសួងសុខាភិបាល មន្ទីរពេទ្យ និងរាយការណ៍ជាបន្ទាន់​មក​លេខ ១១៥ ប្រសិនបើមានការសង្ស័យណាមួយអំពីជំងឺឆ្លងកូវីដ-១៩។ លើសពីនេះទៀត សូម​តាមដាននិងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំអំពីវិធីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន ក៏សូមអរគុណដល់អ្នកសាព័ត៌មាន វិទ្យុ ទូរទស្សន៍ និងភ្នាក់ ងារផ្សព្វផ្សាយអនឡាញ ដែលបានចូលរួមផ្សព្វផ្សាយព័ត៌មានកូវីដ-១៩ទាន់ហេតុការណ៍ និង អំពីវិធីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេស៕

ដោយ ជឹម ណារី

Credit:http://akp.gov.kh/kh/post/detail/32838

You do not have permission to write comment on this post.

Log in Register