បទយកការណ៍៖​ ផ្កាអំបិលកំពុងក្លាយជាផលិតផលថ្មី ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង

Please log in or register to like posts.
ព័ត៌មាន

បទយកការណ៍៖​ ផ្កាអំបិលកំពុងក្លាយជាផលិតផលថ្មី ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ​២០២០ — ផ្កាអំបិលដែលកសិករផលិតអំបិលកម្ពុជាមួយចំនួនតូចបានផលិតប៉ុន្មានឆ្នាំចុងក្រោយនោះ នៅពេលនេះ កំពុងតែក្លាយជាផលិតផលថ្មីមួយដែលមានទីផ្សារទាំងក្នុង និងក្រៅប្រទេស ហើយតម្លៃក៏ទទួលបានគួរសមផងដែរ ។​

លោក ប៊ុន ណារិន ម្ចាស់សហគ្រាសផលិតអំបិល “​ថូង” បានមានប្រសាសន៍ថា ផ្កាអំបិលមិនមែនជារឿងថ្មីសម្រាប់កសិករផលិតអំបិលនៅកម្ពុជានោះទេ ប៉ុន្តែវាទើបតែមានតម្លៃផ្នែកសេដ្ឋកិច្ច និងកំពុងតែទទួលការចាប់អារម្មណ៍ក្រោយពីពេលដែលសហគ្រាសរបស់លោកបានធ្វើការណែនាំផលិតផលនេះជូនអតិថិជនប្រមាណជា ៤ ទៅ ៥ឆ្នាំ ចុងក្រោយនេះ ។​

លោកបានថ្លែងបញ្ជាក់តាមទូរស័ព្ទ ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ថា៖ “អត់មានអីថ្មីទេរឿងផ្កាអំបិលនេះ អ្នកដែលនៅស្រែអំបិលនរណាក៏ស្គាល់ដែរ ហើយពីមុនមក អ្នកផលិត​អំបិលប្រមូលវាទុកតែសម្រាប់ហូបខ្លួនឯងតែប៉ុណ្ណោះដោយសារតែវាពិបាកប្រមូល ប៉ុន្តែដល់ទៅមានទីផ្សារទើបមានការចាប់អារម្មណ៍បណ្តើរៗ​” ។

លោកបានបន្ថែមថា៖ “នៅក្នុងមួយរដូវផលិតអំបិល នៅក្នុងស្រែអំបិលមួយហិកតា គឺអាចប្រមូលបានផ្កាអំបិលនេះ យ៉ាងច្រើនបាន​២០០ គីឡូ (គីឡូក្រាម) តែប៉ុណ្ណោះ” ។​

ទាក់ទិននឹងផលិតផលផ្កាអំបិលនេះ លោក ប៊ុន បារាំង ប្រធានសហគមន៍ផលិតអំបិលកែប-កំពត ក៏បានប្រាប់ឱ្យ AKP ដឹងផងដែរថា ផ្កាអំបិលនេះវាមិនមែនជារឿងថ្មីមែន ប៉ុន្តែមកដល់ពេលនេះសហគមន៍មិនបានប្រមូលវានៅឡើយទេ ។ លោកបានពន្យល់ថា៖ “​បើរវល់តែប្រមូលផ្កាអំបិល ខ្លាចផលិតអំបិលហូបជូនប្រជាពលរដ្ឋមិនទាន់ទីផ្សារ” ។​

តាំងពីដើមរៀងមក ដើម្បីផលិតអំបិលបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទូទៅ កសិករផលិតអំបិលនៅកម្ពុជាបានប្រើប្រាស់វិធីសាស្ត្របុរាណ ដោយបង្ហួតទឹកសមុទ្រ នៅក្រោមកម្ដៅថ្ងៃ។ តាមវិធីសាស្រ្តនេះ កំហាប់អំបិលនឹងកើនឡើង នៅពេលទឹកហួតបន្ដិចម្ដងៗ រហូតដល់ក្រាមអំបិលនឹងកើតឡើងនៅបាតស្រែអំបិល។ ប៉ុន្ដែវានឹងមានដុំគ្រីស្ទាល់អំបិលស្ដើងៗ អណ្ដែតលើផ្ទៃទឹក ដែលគេឱ្យឈ្មោះវាថា ផ្កាអំបិល។ ផ្កាអំបិល អាចប្រមូលបាននៅពេលដែលថ្ងៃក្ដៅខ្លាំង ស្ងួត និងគ្មានខ្យល់បក់ ហើយគេប្រមូលវាដោយប្រើដៃប៉ុណ្ណោះ ។

លោក ប៊ុន បារាំង បានថ្លែងបញ្ជាក់ថា អំបិល​ធម្មតា​ដុះ​នៅ​លើ​ដី តែ​សម្រាប់​ផ្កាអំបិល វា​ដុះ​នៅ​លើ​ទឹក ។ ហេតុដូច្នេះ​ហើយ អ្នក​ផលិត​ត្រូវ​ដង​វា​ចេញពី​ទឹក​យក​ទៅ​ហាល​ឱ្យ​ស្ងួត ទើប​គេ​ហៅ​ថា ផ្កាអំបិល។ ផ្កាអំបិល​នេះ​មិនមែន​កើត​​មាននៅ​គ្រប់​រដូវ​ទេ គឺ​វា​មាន​ផ្កា​នៅ​អំឡុង​ខែមេសា ឬ​ឧសភា ដែល​​ក្ដៅ​ខ្លាំង និង​មាន​ខ្យល់​បោកបក់​ផង​ដែរ ។

​តាមការសិក្សាស្រាវជ្រាវ ផ្កាអំបិល គឺមាន​សារធាតុ​សូ​ដ្យូ​មតិ​ច និង​មិនសូវមាន​ជាតិ​ប្រៃ​ខ្លាំង ​ដូច្នេះហើយបានជាវាទទួលបានការចាប់អារម្មណ៍នៅពេលដែលមនុស្សភាគច្រើនចាប់​ផ្តើមគិតអំពីបញ្ហាសុខភាពនៅក្នុងការហូបចុក​ ជាហេតុនាំឱ្យផ្កាអំបិល មានតម្លៃ​ថ្លៃ​ជាង​អំបិល​ធម្មតា ។

ម្ចាស់សហគ្រាសផលិតអំបិល “​ថូង”​ បានឱ្យដឹងទៀតថា កាលពីរដូវប្រមូលផលអំបិលកន្លងទៅនេះ លោកខ្លួនឯងអាចប្រមូលផលផ្កាអំបិលនេះបានតិចតួចប៉ុណ្ណោះ ប៉ុន្តែលោកបានប្រមូលទិញពីអ្នកផលិតផ្សេងៗ​ ហើយសរុបទៅនៅពេលនេះ លោកអាចមានផ្កាអំបិលនេះ​ប្រមាណជា ២០​តោនផងដែរ សម្រាប់ផ្គត់ផ្គង់ទីផ្សារ ។​

សម្រាប់ទីផ្សារផ្កាអំបិលនេះ​ លោក ប៊ុន ណារិន បានបញ្ជាក់ថា វាមិនទាន់ទូលំទូលាយដូចជាទីផ្សារអំបិលនៅឡើយទេ ប៉ុន្តែវាមានលក់ទាំងនៅទីផ្សារក្នុងស្រុក ហើយកន្លងមកក៏មានដៃគូសាកល្បងនាំចេញទៅកាន់ទីផ្សារនៅក្រៅប្រទេសមួយចំនួនរួចមកហើយដែរ ដូចជាទៅ ជប៉ុន ស្វីស កាណាដា ជាដើម។

លោកបានបន្តថា តម្លៃនៃការលក់គឺ ក្នុងមួយគីឡូក្រាម ពី ១០ ដុល្លារ ទៅ​១៥ ដុល្លារ អាស្រ័យទៅលើបរិមាណដែលអតិថិជនទិញ ៕

​ដោយ ហេង បញ្ញា និង ជា វណ្ណៈ​

រូបថត៖​ ផែន រតនៈ និងសហគ្រាសផលិតអំបិល “​ថូង”​

You do not have permission to write comment on this post.

Log in Register