ប្រមុខរាជរដ្ឋាភិបាលសង្ឃឹមថា កម្ពុជានឹងកាន់តែទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិ​យោគ​កាន់តែច្រើនថែមទៀត ក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីកសាងរួច

Please log in or register to like posts.
ព័ត៌មាន

ប្រមុខរាជរដ្ឋាភិបាលសង្ឃឹមថា កម្ពុជានឹងកាន់តែទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិ​យោគ​កាន់តែច្រើនថែមទៀត ក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីកសាងរួច

AKP កណ្ដាល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សង្ឃឹមថា កម្ពុជានឹងកាន់តែទាក់ទាញបានភ្ញៀវទេសចរ និងអ្នកវិនិយោគកាន់​តែច្រើន​ថែមទៀត ក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីកសាងរួចនៅខេត្តកណ្ដាល ដែល​មានចម្ងាយប្រមាណជា២០គីឡូម៉ែត្រពីរាជធានីភ្នំពេញនោះ។

ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលសាងសង់បានចំនួន ៣០ភាគរយ មានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាល ស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បាន​ថ្លែង​នូវការ​កោត​សរសើរដល់គណៈកម្មការសាងសង់ ដែលបានប្រឹងប្រែងសម្របសម្រួល​ដោះ​ស្រាយ បញ្ហាផ្សេងៗ ដើម្បីសម្រួលដល់ការសាងសង់ព្រលានយន្តហោះថ្មីនេះ។ សម្តេច​តេជោនាយករដ្ឋមន្ត្រីបានថ្លែងបន្តថា បញ្ហាជំងឺកូវីដ-១៩ មិនបានធ្វើឱ្យប៉ះពាល់ដល់​ដំណើរការ អភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា រួមទាំងព្រលានយន្តហោះថ្មី​នេះផងដែរ។ សម្ដេចតេជោបានលើកឡើងថា ការរក្សាបាននូវដំណើរការសាងសង់ប្រព័ន្ធ​ហេដ្ឋារចនា​សម្ព័ន្ធទាំងនេះ ក៏រួមចំណែកផ្តល់ការងារដល់ប្រជាពលរដ្ឋដែលកំពុងជួប​វិបត្តិ​ការងារ​​ដោយ​សារជំងឺកូវីដ-១៩ផងដែរ នេះគឺជាគោលដៅមួយសំខាន់សម្រាប់ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០ ក្នុងការបំពេញតម្រូវការ។  សម្តេចតេជោនាយករដ្ឋមន្ត្រីក៏ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ និង អាជ្ញាធរក្រុង ខេត្តទាំង៣ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្តាល និងខេត្ត​តាកែវ ត្រូវរួម​សហការគ្នា និងសម្របសម្រួលជាមួយក្រុមហ៊ុនដើម្បីឱ្យការងាសាងសង់នេះ​មានដំណើរ​ការប្រកបភាពរលូន។ សម្តេចតេជោបានបន្ដថា ក្រោយពីការស្ថាបនាព្រលាន​យន្តហោះ​អន្តរជាតិភ្នំពេញថ្មីកនៅខេត្តកណ្ដាលនេះរួចរាល់ អាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ​​នៅ​ពោធិ៍ចិនតុង គឺរក្សាទុកនៅដដែល តែអាចប្រែក្លាយទៅជា ទី១ ជាព្រលានយន្ត​ហោះសម្រាប់កងទ័ព ទី២ ប្រើសម្រាប់ការហោះហើរផ្ទៃក្នុង ទី៣) ប្រើសម្រាប់ការដឹកជញ្ជូន​ទំនិញគ្រប់ប្រភេទ និងទី៤ ប្រើសម្រាប់ភ្ញៀវ និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្លូវការ។

គួរបញ្ជាក់ដែរថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលស្ថិតនៅខេត្តកណ្ដាល នេះគឺជាប្រភេទព្រលានយន្ដហោះ 4F ដែលអាចឱ្យយន្តហោះធំៗ ដូចជា Airbus A380-800 និង Boeing 747-800 ចុះចតបាន។ ព្រលានយន្តហោះថ្មីនេះ សាងសង់លើផ្ទៃដីទំហំ​ប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និង​ផ្នែកខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ វិនិយោគ ក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារអាម៉េរិក ក្នុងនោះទឹកប្រាក់១,១០០លាន ដុល្លារ អាម៉េរិកជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារអាម៉េរិកជារបស់ក្រុម CAIC របស់ ឧកញ៉ា ពុង ឃាវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់១២០លានដុល្លារអាម៉េរិក ដែល ដំណាក់កាលទីមួយនឹងសាងសង់រួចរាល់នៅឆ្នាំ២០២៣ ខាងមុខ។ វត្តមានអាកាសយាន ដ្ឋានអន្តរជាតិមួយនេះ អាចទទួលអ្នកដំណើរបានប្រមាណ១៣លាននាក់នៅឆ្នាំ២០៣០ ហើយអាចទទួលអ្នកដំណើរ ៣០លាននាក់ នៅឆ្នាំ២០៥០៕

ដោយ ជឹម ណារី
Credit:http://akp.gov.kh/kh/post/detail/213746

You do not have permission to write comment on this post.

Log in Register