រដ្ឋមន្រ្ដីក្រសួងព័ត៌មានកោតសរសើរដល់ក្រុមហ៊ុន ឌីណេតវើក ក្នុងការបណ្ដុះបណ្ដាល​ជំនាញទាក់ទងនឹងការនិយាយជាសាធារណៈ និងការធ្វើទំនាក់ទំនង

Please log in or register to like posts.
ព័ត៌មាន

រដ្ឋមន្រ្ដីក្រសួងព័ត៌មានកោតសរសើរដល់ក្រុមហ៊ុន ឌីណេតវើក ក្នុងការបណ្ដុះបណ្ដាល​ជំនាញទាក់ទងនឹងការនិយាយជាសាធារណៈ និងការធ្វើទំនាក់ទំនង

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានកោតសរសើរដល់ក្រុមហ៊ុន ឌីណេតវើក វើលវ៉ាយដ៍(ខេមបូឌា) ដែលបានរៀបចំជាវគ្គបណ្តុះបណ្តាល ស្តីអំពីការ និយាយជា​សាធារណៈ និងទំនាក់ទំនងតាមរយៈបណ្តាញសង្គមដើម្បីឱ្យស្របទៅតាមជំនាញ វិជ្ជាជីវៈ​និងក្រមសីលធម៌ ដែលជំនាញទាំងនេះ គឺជាកិច្ចការដ៏សំខាន់នៅក្នុងការងារ។ ការលើក​ឡើង​របស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងពិធីប្រគល់ និងទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សា នៃ វគ្គបណ្តុះ​បណ្តាលស្តីអំពីការ​និយាយជាសាធារណៈ តាមរយៈបណ្តាញសង្គម ដើម្បីឱ្យស្រប​ទៅតាមជំនាញ វិជ្ជាជីវៈនិងក្រមសីលធម៌ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នាទីស្នាក់ការ​ក្រុមហ៊ុនឌីណេតវើក វើលវ៉ាយដ៍ ខេមបូឌា សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដែលមានសិក្ខាកាម ជាសមាជិក ក្រុមហ៊ុនឌីណេតវើក វើលវ៉ាយដ៍ (ខេមបូឌា)ចំនួន ៥១ អង្គ នាក់។

ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ការនិយាយជាសាធារណៈ និងការ​ធ្វើទំនាក់ទំនងគ្នាល្អ គឺជាប្រការសំខាន់ណាស់ ហើយភាពជោគជ័យក្នុងកិច្ចការងារក៏​អាស្រ័យ លើការទំនាក់ទំនងនេះដែរ។ ទាក់ទងទៅនឹងអារម្មណ៍របស់មនុស្សម្នាក់ៗ​ក្នុងកិច្ចការងារនេះ​ដែរ ឯកឧត្ដមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា ដំបូងឡើយគេគិតថា មនុស្សធ្វើការតែនៅ​ក្នុងផ្ទះ​ក៏បានដែរ ប៉ុន្តែនៅពេលមានការកើតការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រយៈពេល ៣ ខែ ដែលមនុស្ស​ធ្វើការតែនៅក្នុងផ្ទះដោយមិនបានចេញក្រៅធ្វើទំនាក់ទំនងជាមួយមនុស្សដទៃ គឺមនុស្សនោះជួបវិបត្តិផ្លូវចិត្ត ផ្លូវអារម្មណ៍ច្រើន។ ដូច្នេះនៅពេលជំងឺកូវីដ-១៩នេះ បាន​បញ្ចប់​ទៅ គឺអ្នកដែលរងគ្រោះស្លាប់ និងរងគ្រោះដោយចិត្តសាស្រ្ត មានចំនួនច្រើនជាង​អ្នកកើតជំងឺ​ទៅទៀត ព្រោះដោយសារថា មនុស្សកើតឡើងសម្រាប់ធ្វើទំនាក់ទំនងគ្នា បើគ្មាន​នោះទេ ដូចជា​បាត់នូវអ្វីមួយដែរ។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានលើកជាឧទាហរណ៍ថា ជាក់​ស្តែងនៅពេលមនុស្សចូលនិវត្តន៍ពីការងារ រយៈពេល​មួយឆ្នាំ គឺពិនិត្យឃើញថា វ័យកាន់​តែចាស់ សុខភាពកាន់តែទ្រុឌទ្រោម ដោយសារការខ្វះទំនាក់ទនង។

លោក ណាត់ថាផុង ប៊ុនសារុំា ប្រធាន ក្រុមហ៊ុនឌីណេតវើក វើល វ៉ាយដ៍ (ខេមបូឌា) បានជម្រាបជូនពីប្រវត្តិនៃការបង្កើតឡើងនូវក្រុមហ៊ុន ដំបូងឡើយនៅក្នុង ប្រទេសថៃ ឆ្នាំ២០១០ ហើយសម្រាប់នៅកម្ពុជា គឺនៅឆ្នាំ២០១៤ ដែលរហូតមកដល់ពេល នេះ ក្រុមហ៊ុន​មានសមាជិកជាង ២ ម៉ឺននាក់ នៅទូទាំងប្រទេស។  លោកបានបន្ដថា ក្រុមហ៊ុន ឌីណេតវើក វើលវ៉ាយដ៏(ខេមបូឌា) ជាក្រុមហ៊ុនទីផ្សារបណ្តាញ ដោយមានឆន្ទៈឱ្យមនុស្ស​ក្នុងពិភពលោក​មានសុខភាពល្អ ផ្តល់ឱកាសឱ្យមនុស្សគ្រប់រូបអាចចាប់ផ្តើមកសាង​អាជីវកម្ម​ផ្ទាល់ខ្លួន ចំណាយ​ដើមទុនតិច ចំណូលបានច្រើន កសាងធនធាន មនុស្ស រឹតចំណង​សាមគ្គីភាព មាន​ឥស្សរភាពក្នុងជីវិត FREEDOM OF LIFE។ លោកប្រធានក្រុមហ៊ុនបានលើកឡើងថា ការងារ​បណ្តុះ​បណ្តាលនេះ គឺធ្វើឡើងដើម្បីឱ្យសមាជិក សមាជិកា ក្រុមហ៊ុន មានការយល់ដឹង​ច្បាស់​ពីការនិយាយ តាមបណ្តាញផ្សព្វផ្សាយសង្គម ឱ្យបានត្រឹម​ត្រូវស្របតាមច្បាប់ប្រទេសកម្ពុជា ហើយមិនមានការប៉ះពាល់ដល់អ្នកដទៃ ជាពិសេសយល់​ដឹងពីការនិយាយនូវអ្វីដែលមាន​ប្រយោជន៍ដល់ការងាររបស់ខ្លួន និងក្រុមហ៊ុន។ ជាមួយគ្នានេះ លោកក៏បានបង្ហាញពីភាព​ជោគ​ជ័យរបស់ក្រុមហ៊ុន ក្នុងការពង្រីកទីផ្សារបណ្តាញ លក់ផលិតផលអាហារបំប៉ន​សុខភាពនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា  ការបណ្ដុះបណ្ដាលនេះ មានបុគ្គលិកក្រុមហ៊ុនចំនួន៥១ អង្គ នាក់ ក្រោមប្រធានបទ “ទំនាក់ទំនងការនិយាយ ជាសា​ធារណៈ និងការបញ្ចុះបញ្ចូល ការស្វែងរក​ការគាំទ្រ ឱ្យមានប្រសិទ្ធភាព ប្រកបដោយ វិជ្ជាជីវៈ និងក្រមសីលធម៌ ដែលបានធ្វើឡើងកាល​ពីថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០២០ កន្លង មកនេះ៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា
Credit:http://akp.gov.kh/kh/post/detail/213830

You do not have permission to write comment on this post.

Log in Register