សត្វខ្ទីងដែលជាប្រភេទសត្វកម្រនៅកម្ពុជាត្រូវបានព្រានព្រៃសម្លាប់និងពន្លះសាច់ជាដុំៗ

Please log in or register to like posts.
ព័ត៌មាន

សត្វខ្ទីងដែលជាប្រភេទសត្វកម្រនៅកម្ពុជាត្រូវបានព្រានព្រៃសម្លាប់និងពន្លះសាច់ជាដុំៗ

AKP ខេត្តពោធិ៍សាត់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ –​ សត្វខ្ទីង​ដែលជាប្រ​ភេទ​ស​ត្វ​ក​ម្រ​នៅ​ក​ម្ពុ​ជាដែលជាប់អន្ទាក់ត្រូវបានព្រានព្រៃសម្លាប់និងព​ន្លះសាច់ជាដុំៗត្រូវបាន​មន្ត្រីឧទ្យា​នុរ​ក្ស​និងមន្ត្រីនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រទះឃើញនៅថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២០ នេះ​អំ​ឡុងពេលចុះល្បាតទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់។ នេះគឺជាការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខា ធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅល្ងាចថ្ងៃទី២៣ ខែមិថុនា នេះ ដោយ​ឯក​ឧ​ត្ត​ម​បា​ន​បង្ហាញការ សោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់សត្វខ្ទីងមួយក្បាលនេះ និង​ថ្កោល​ទោ​ស​ចំពោះក្រុមជនល្មើសដែលតែងតែងលួចប្រព្រឹត្តបទល្មើសដាក់អន្ទាក់សត្វ និងបរ​បាញ់​ស​ត្វ​ក​ម្រ បើទោះបីជាក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធខិតខំប្រឹងប្រែងក្នុងការការពារអភិរក្ស បង្កើន​ការផ្សព្វផ្សាយ អប់រំ កុំឱ្យបរបាញ់សត្វព្រៃយ៉ាងណាក៏ដោយ។

ឯកឧត្ត​មរ​ដ្ឋលេ​ខា​ធិ​កា​រ​ក្រ​សួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានដឹងឬស្គា​ល់​ពីអ​ត្តសញ្ញានៃជនល្មើសជួយរាយការណ៍ប្រាប់សមត្ថកិច្ចដើម្បីចាត់វិធានការតាមច្បាប់។​ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្រុមជន​ល្មើសបានរត់គេចខ្លួនបាត់នៅពេល​ដែលដឹ​ង​ថា​ក្រុ​ម​មន្ត្រីឧទ្យានុរក្សដើរល្បាតនៅ​ក្នុងតំបន់នោះ ដោយបន្សល់ទុកនូវសា​ច់សត្វ​ខ្ទីងដែល​បាន​ព​ន្លះ​ជាដុំៗបម្រុងនឹងដឹកចេញ។

តាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន សត្វខ្ទីងដែ​លត្រូវ​បាន​ស​ម្លាប់ នេះមានជើងជាប់អន្ទាក់ ហើយស្នែងរបស់វាត្រូវបានគេកាត់យកទៅបាត់ បន្សល់ទុ​កក្បា​ល និងសាច់ជាច្រើនគីឡូក្រាម។ «នេះគឺជាសត្វខ្ទីងទី២ ហើយដែលត្រូវបានដឹង​ថាបា​នស្លា​ប់​នៅ​ក្នុងរយៈពេល ២ ខែចុងក្រោយនេះ។ ខ្ទីងពេញវ័យមួយក្បាលអាយុប្រហែល ៥ ឆ្នាំ ត្រូវ​បាន​ដឹងថាត្រូវបានព្រានបាញ់សម្លាប់ ដោយបន្សល់ទុកតែក្បាលនៅក្នុ​ងដែន​ជម្រ​កស​ត្វព្រៃ​ព្រះ​រកានៅក្នុងខេត្តព្រះវិហារកាលពីខែឧសភាកន្លងទៅ»។

នេះគឺជាការឱ្យដឹងរបស់ឯកឧត្តមនេត្រ ភក្ត្រា ជាមួយការបញ្ជាក់ថា អ​ន្ទាក់និ​ង​កាំ​ភ្លើ​ង​កែ​ច្នៃ គឺជាឃាតកលាក់មុខសម្លាប់សត្វព្រៃនៅកម្ពុជា ជារៀងរាល់ដែលចាំបាច់ត្រូវទប់​ស្កាត់​និ​ង​ប​ង្ក្រា​បកុំឱ្យមានការយកចូលក្នុងតំបន់ការពារធម្មជាតិ។ ឯកឧត្តមបានថ្លែងថា អន្ទា​ក់​ជា​ង​មួ​យម៉ឺនត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ និងកាំភ្លើងរួមនឹងកាំភ្លើងកែច្នៃជាង ៣០០ ដើ​ម​ត្រូវបានរឹបអូសនៅក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២០ នេះ។

យោងតាមជីវសាស្ត្រ សត្វខ្ទីងអាចរស់នៅបានពីតំបន់ទំនាប រហូតដល់រយៈកម្ព​ស់ខ្ព​ស់​រ​ហូ​តដល់កម្ពស់ជាង ២០០០ ម៉ែត្រ ហើយសត្វខ្ទីង​រស់នៅក្នុ​ងតំប​ន់មួ​យ​ចំ​នួ​ន​ដូ​ចជា​ភូ​មិ​ភា​គ​ឦ​សាន ភូមិភាគខាងជើង ខេត្តកោះកុង ពោធិ៍សាត់ (ជួរភ្នំក្រវាញ) និង​ក្នុង​ខេត្ត​កំព​ង់​ស្ពឺ​ជា​ដើ​ម​។ សត្វប្រភេទនេះចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ និងវាលស្មៅ ហើយ​សត្វ​ខ្ទី​ង​តែ​ង​តែ​ចេញរកស៊ីនៅពេលព្រឹកនិងពេលល្ងាច។

សត្វខ្ទីងចូលចិត្តរស់នៅជាហ្វូង ហើយ​អាហា​រ​រ​បស់វាគឺល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍​ជា​ដើ​ម។ សត្វខ្ទីងញីអាចបង្កើតកូនបាន១បន្ទាប់ពីពពោះរយៈពេល៩ខែ។ ឯកឧត្តម នេត្រ ភក្ត្រា បាន​មានប្រសាសន៍ថា សត្វខ្ទីងជាប្រភេទសត្វកម្រ ដែលងាយទទួ​លរ​ង​កា​រ​គំ​រា​ម​កំ​ហែ​ង​យ៉ាង​ខ្លាំ​ង ហើយចំនួនសត្វខ្ទីងត្រូវបានគេដឹងថា ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថា​ជា​ប្រ​ភេ​ទ​ស​ត្វ​ព្រៃ​ងាយរងគ្រោះថ្នាក់ជាសកលនៅឆ្នាំ១៩៨៦ ហើយនៅឆ្នាំ ២០១៦ សត្វខ្ទី​ង​នៅ​លើ​ពិ​ភ​ព​លោ​​ក​មានចំនួនប្រមាណ ២១០០០ ក្បាលដែលរស់នៅក្នុងប្រទេស ឥណ្ឌា​និ​ងតំប​ន់​អាស៊ី​អា​គ្នេ​យ៍។ សត្វខ្ទីងញីអាចមានទម្ងន់រហូតដល់ជិត ១ តោន ខណៈ​ខ្ទីង​ឈ្មោ​ល​អាច​មាន​ទ​ម្ង​ន់​ដ​ល់១តោនកន្លះ។ ចំនួនសត្វខ្ទីងមានការថយចុះគួរឱ្យកត់សម្គាល់ដោ​យសារតែការបាត់បង់​ទីជ​ម្រក ជាពិសេសគឺការបរបាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹងនិងការជួញដូរផ្សេងទៀត។ សត្វខ្ទី​ង​ស្ថិ​​តនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស៕

ដើម្បីចូលរួមការពារនិងអភិរក្សសត្វព្រៃជាពិសេសសត្វព្រៃកម្រៗនៅលើពិភពលោកដែលមានវត្ត មាននៅកម្ពុជា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការបរិភោគ សាច់សត្វព្រៃ និងកុំជឿថាបរិភោគសាច់សត្វព្រៃផ្តល់នូវសុខភាពល្អ។ ជាមួយគ្នានេះ សមត្ថកិច្ចពាក់ព័ន្ធនឹង អនុវត្តច្បាប់ប្រឆាំងនឹងជនល្មើសសម្លាប់សត្វដោយមិនលើកលែងឡើយ។ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានស្នើ សុំប្រជាពលរដ្ឋទាំងអស់ចូលរួមការពារនិងអភិរក្សសត្វព្រៃ និងសូមនិយាយថា ទេចំពោះការជួញដូរសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងចូលរួមរាយការណ៍ប្រាប់សមត្ថកិច្ច ប្រសិនបើឃើញមានការបរបាញ់សត្វ ការដាក់អន្ទាក់ចាប់សត្វ និងចូលរួមបណ្តុះស្មារតីក្មេងៗជំនាន់ក្រោយស្រឡាញ់ធនធានធម្មជាតិ និងសត្វព្រៃដើម្បីផលប្រយោជន៍ សម្រាប់អភិវឌ្ឍទេសចរណ៍ធម្មជាតិ បង្កើនចំណូលប្រជាសហគមន៍មូលដ្ឋាន កាត់បន្ថយនិងលុបបំបាត់របរ ចូលព្រៃកាប់ឈើនិងបរបាញ់សត្វ ឬដាក់អន្ទាក់ចាប់សត្វដែលប្រជាពលរដ្ឋមួយចំនួនកំពុងប្រកបរបរដែលប្រឈមនឹងមុខច្បាប់នេះ៕

គង់ សិរីរ័ត្ន

You do not have permission to write comment on this post.

Log in Register