ឯកអគ្គរដ្ឋទូតទីម័រខាងកើត ចង់ជំរុញឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងស្ថាប័ន​សារព័ត៌មាន នៃប្រទេសទាំងពីរ

Please log in or register to like posts.
ព័ត៌មាន

ឯកអគ្គរដ្ឋទូតទីម័រខាងកើត ចង់ជំរុញឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងស្ថាប័ន​សារព័ត៌មាន នៃប្រទេសទាំងពីរ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ — ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃ​សាធារណរដ្ឋ ប្រជាធិបតេយ្យ ទីម័រខាងកើតប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ការរឹតចំណងសាមគ្គីភាព និងពង្រឹង​កិច្ចសហការលើវិស័យព័ត៌មាននៃប្រទេសទាំងពីរកម្ពុជា និង ទីម័រខាងកើត នឹងកាន់តែមានភាពរឹងមាំ បន្តទៅថ្ងៃអនាគត ហើយចង់ចង់ជំរុញ​ឱ្យមាន​ការផ្លាស់ប្តូរដំណើរទស្សនកិច្ច រវាងស្ថាប័នសារព័ត៌មាន នៃប្រទេសទាំងពីរ ដើម្បីយកមក​ផ្សព្វផ្សាយជូនដល់ប្រជាជនប្រទេសទាំងពីរបានស្គាល់គ្នាកាន់តែច្បាស់ជាងមុន។ ការលើក​ឡើងរបស់ឯកឧត្ដមឯកអគ្គរដ្ឋទូតនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តី​ការក្រសួងព័ត៌មាន។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន។

ឯកឧត្តម   Ermenegildo Kupa Lopes បានម្ដែងនូវការរីករាយ ដោយបានមកបំពេញ​បេសកកម្មការងារការទូតនៅព្រះរាជណាចក្រកម្ពុជា ហើយក៏បានកោតសរសើរចំពោះ​ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន​ដែលបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការងារ​សង្គម បម្រើដល់ប្រជាជន និងរាជរដ្ឋាភិបាល តាំងពីដើមរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានជម្រាបជូនថា ប្រទេសទីម័រខាងកើត ជាប្រទេសតូច មួយដែល​ទើប​និងករកើតឡើង ហើយធ្លាប់បានជួបការឈឺចាប់ដូចប្រទេសកម្ពុជា កាលពីពេល កន្លង​មក ជួបប្រទេះនូវសង្គ្រាមស៊ីវិល ឥតឈប់ឈរ។ ឯកឧត្ដមឯកអគ្គរដ្ឋទូតក៏ ចង់ពង្រឹង​និង​ពង្រីកកិច្ចសហការជាមួយក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីការរីកចម្រើន និងការអភិវឌ្ឍ​ប្រទេសទាំងពីរឱ្យបានកាន់តែទូលំទូលាយថែមទៀត។

ឯកឧត្ដម ខៀវ កាញារីទ្ធ បានស្វាគមន៍ចំពោះកិច្ចសហការគ្នារវាងប្រទេសទាំងពីរ ពិសេសលើវិស័យសារព័ត៌មាន ដោយក្នុងនោះក្រសួងព័ត៌មាន នឹងចាត់បញ្ជូនថ្នាក់ដឹកនាំ និង​អ្នកយកព័ត៌មានពីស្ថាប័នទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP ទៅធ្វើទស្សនកិច្ច និងថតយករូបភាព ទិដ្ឋភាព ជីវភាពរស់នៅរបស់ ប្រជាជន​ទីម័រខាងកើត ដើម្បីយកមកធ្វើការផ្សព្វផ្សាយ ឱ្យប្រជាជនកម្ពុជាបានឃើញ យល់ដឹង និង​ស្គាល់គ្នាកាន់តែជិតស្និទ្ធថែមទៀត៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា
Credit:http://akp.gov.kh/kh/post/detail/214082

You do not have permission to write comment on this post.

Log in Register