ម្ចាស់ខ្សែក្រវាត់ WBA ក្លាយជាជម្រើសជាតិប្រដាល់សកលកម្ពុជា

Please log in or register to like posts.
ព័ត៌មាន

ម្ចាស់ខ្សែក្រវាត់ WBA ក្លាយជាជម្រើសជាតិប្រដាល់សកលកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ — កីឡាករកូនខ្មែរកាត់អាម៉េរិក Eric Pieroun Pen ដែលកំពុងហ្វឹកហាត់នៅប្រទេសវៀតណាមត្រូវបានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា សម្រេចបញ្ចូលក្នុងក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា សម្រាប់ត្រៀមចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិនាន

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបញ្ជាក់ថា កីឡាករកូនខ្មែរកាត់អាម៉េរិក ដែលមានឪពុកម្តាយដើមកំណើតខ្មែររស់នៅខេត្តកំពតរូបនេះបានចាប់ផ្តើមធ្វើការហ្វឹកហាត់កីឡាប្រដាល់សកលស្ម័គ្រចិត្តនាឆ្នាំ២០១៤។ កីឡាករ Eric Pen បានឈានប្រឡូកចូលរួមប្រកួតប្រដាល់សកលអាជីពកាលពីឆ្នាំ២០១៨ និងដណ្តើមបានខ្សែក្រវាត់ WBA Asia Heavyweight Championship នៅឆ្នាំ២០១៩។ កីឡាករ Eric Pen ដែលស្ថិតក្នុងប្រភេទទម្ងន់ធ្ងន់រូបនេះនឹងបន្តហ្វឹកហាត់នៅប្រទេសវៀតណាម រហូតមានការប្រកួតជាលក្ខណៈអន្តរជាតិទើបត្រឡប់មកចូលរួមប្រកួតតែម្តង។

កីឡាករ Eric Pieroun Pen បាននិយាយនៅក្នុងវីដេអូយ៉ាងដូច្នេះថា «ជម្រាបសួបងប្អូន ខ្ញុំឈ្មោះ Eric Pieroun Pen ម្ចាស់ខ្សែក្រវាត់ WBA Asia Heavyweight Championship។ ខ្ញុំមានអារម្មណ៍រីករាយ ពេលដែលខ្ញុំបានចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជា។ ខ្ញុំពិតជាមានមោទនភាព និងកិត្តិយសក្រៃលែង ដែលបានក្លាយជាកីឡាករជម្រើសជាតិកម្ពុជា។ ខ្ញុំពិតជាចង់បង្ហាញពីដើមកំណើតរបស់ខ្ញុំ និងឪពុកម្តាយរបស់ខ្ញុំ ក៏ដូចជាបង្ហាញដល់សាធារណៈជនពីកម្ពុជា។ ខ្ញុំប្តេជ្ញាចិត្តនឹងប្រឹងប្រែង ដើម្បីឆ្ពោះទៅជោគជ័យ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ខ្ញុំនឹងបន្តប្រឹងប្រែងហ្វឹកហាត់ និងចូលរួមប្រកួតបន្ថែមទៀតរហូតដល់ពេលវេលាមកដល់។ ខ្ញុំនឹងអាចរៀបចំខ្លួនបានល្អសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ហើយយើងនឹងឈានទៅសម្រេចគោលដៅ។ ខ្ញុំចង់ប្រាប់ទៅអ្នកទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជាថា ខ្ញុំសូមអរគុណយ៉ាងក្រៃលែងសម្រាប់ការគាំទ្ររូបខ្ញុំ។ ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នា និងជួបគ្នានាពេលឆាប់ៗនេះ»៕

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register