សម្ដេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឱ្យកាត់ឆ្វៀលដីជូនពលរដ្ឋដែលរស់នៅយូរ មកហើយ ក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ

Please log in or register to like posts.
ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឱ្យកាត់ឆ្វៀលដីជូនពលរដ្ឋដែលរស់នៅយូរ មកហើយ ក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញបទបញ្ជានិងបញ្ជាក់ច្បាស់ៗជូន រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺត្រូវតែកាត់ឆ្វៀលដីជូនបងប្អូនប្រជាពលរដ្ឋដែលបានមករស់នៅលើទីតាំងដី ដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ដូចជានៅកោះកុង ព្រះវិហារជាដើម។ល។ ដែលមានពលរដ្ឋបានមកធ្វើផ្ទះរស់នៅជាងដប់ម្ភៃឆ្នាំមកហើយនោះ។

នៅលើផេកផ្លូវការ នា ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ របស់សម្ដេចតេជោបានសរសេរថា ក្នុងសម័យប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ នាព្រឹកថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជានិងបញ្ជាក់ច្បាស់ៗជូន រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី គឺត្រូវតែកាត់ឆ្វៀលដីជូនបងប្អូនប្រជាពលរដ្ឋដែលបានមករស់នៅលើទីតាំងដីដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ដូចជានៅកោះកុង ព្រះវិហារជាដើម…ដែលមានពលរដ្ឋបានមកធ្វើផ្ទះរស់នៅជាងដប់ម្ភៃឆ្នាំមកហើយ។ សម្ដេចតេជោបានគូសបញ្ជាក់ថា ព្រោះកន្លងមក រដ្ឋមានតែដីក្នុងផែនទីទេ តាមពិតមានបងប្អូនប្រជាពលរដ្ឋបានកសាងលំនៅឋានរស់នៅបង្កើតកូនចៅរាប់សិបឆ្នាំមកហើយ នៅលើទីតាំងដីទាំងនោះ។ សម្តេចតេជោបានបន្តថា នេះជាការដោះស្រាយកង្វល់ជូនពលរដ្ឋពិតប្រាកដ។ កុំទុកប្រជាពលរដ្ឋឱ្យភ័យខ្លាច អត់ឃ្លាន រត់ទៅចំណាកស្រុកគេតទៅទៀត។ ទន្ទឹមនឹងនេះ សូមកុំឱ្យបងប្អូនប្រជាពលរដ្ឋពង្រីកថែមទៀត ព្រោះត្រូវការរក្សាទុកព្រៃសហគមន៍ខ្លះនៅជិតៗ ដើម្បីជាប្រយោជន៍សហគមរស់នៅផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានឱ្យក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី ត្រូវដោះស្រាយឱ្យដាច់ស្រេចក្នុងតែប៉ុន្មានខែខាងមុខដើម្បីចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋ ហើយកិច្ចការនេះត្រូវធ្វើឱ្យបានហ្មត់ចត់និងត្រឹមត្រូវបំផុត។ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនេះដែរ  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានព្រមានដាក់ទោសដ៏ធ្ងន់ធ្ងរចំពោះមន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋហើយរិះរកកលល្បិច និងវិធីផ្សេងៗធ្វើបាបប្រជពលរដ្ឋវិញ។ សម្តេចតេជោបានបញ្ជាក់ថា ចំពោះមន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋហើយរិះរកកលល្បិចនិងវិធីផ្សេងៗធ្វើបាបប្រជាពលរដ្ឋវិញ ដើម្បីខ្លួនបានកាន់កាប់ដីធ្លីស្របច្បាប់ គឺនឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត ហើយនឹងឈានទៅបណ្តេញចេញពីគណបក្សតែម្តង។ ចំពោះប្លង់រឹងដែលបានធ្វើដោយអំពើឃុបឃិតទុច្ចរិត គឺ នឹងរំលាយចោលវិញ។

គួរបញ្ជាក់ដែរថា មាន  សេចក្ដីព្រាងច្បាប់ចំនួនពីរ ដែលក្នុងនោះរួមមាន សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ និងសេចក្ដីព្រាងច្បាប់ស្ដីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងបញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្ដីពីការ ជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េផងដែរ នឹងត្រូវលើយកមកពិភាក្សា និងអនុម័ត ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ ជឹម ណារី
Credit: http://akp.gov.kh/kh/post/detail/214504

You do not have permission to write comment on this post.

Log in Register