អាជ្ញាធរជាតិព្រះវិហារ ប្រារព្ធពិធីអបអរសាទរខួបលើកទី១២ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

Please log in or register to like posts.
ព័ត៌មាន

អាជ្ញាធរជាតិព្រះវិហារ ប្រារព្ធពិធីអបអរសាទរខួបលើកទី១២ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

AKP ព្រះវិហារ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ — អាជ្ញាធរជាតិព្រះវិហារ សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ បានប្រារព្ធពិធី អបអរសាទរខួបលើកទី១២ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភព លោក (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២០) ដែលពិធីនេះបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្ដម សួស យ៉ារា អ្នកតំណាងរាស្រ្ដមណ្ឌលខេត្ដព្រះវិហារ ឯកឧត្ដម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅបរិវេណប្រាសាទព្រះវិហារ កាលពីថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម គង់ ពុទ្ធិការ អគ្គនាយក អាជ្ញាធរជាតិព្រះវិហារ និងលោក មុត ភិសិទ្ធនា អភិបាលរងខេត្តព្រះវិហារ ដោយមានការ អញ្ជើញចូលរួមពីកងយោធពលខេមរភូមិន្ទ​ កងនគរបាលជាតិ បញ្ជាការដ្ឋាន អង្គរក្សប្រចាំទិសទី១ ប្រាសាទព្រះវិហារ  នគរបាលបេតិកភណ្ឌ  នគរបាលទេសចរ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចំនួន៤០០នាក់ ។

លោក មុត ភិសិទ្ធនា បានថ្លែងថា ពិតជាមោទនភាពបំផុត ដែលប្រាសាទព្រះវិហារ ត្រូវបានអង្កការយូនីស្កូ បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃ៧ ខែកក្កដា ឆ្នាំ២០០៨ មិនត្រឹមតែជាតម្លៃសកល និងតម្លៃដែលមិនអាចកាត់ថ្លៃបាននោះ បានធ្វើឱ្យ ប្រជាជនកម្ពុជា ពិសេសខេត្តព្រះវិហារទទួលបាននូវផលប្រយោជន៍ ដែលមិនអាចបំភ្លេច បាននូវកាតព្វកិច្ចដ៏សំខាន់ក្នុងការថែរក្សា អភិរក្ស អភិវឌ្ឍន៍ប្រាសាទព្រះវិហារ ក្រោមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលបានធ្វើឱ្យ បេសកកម្មចុះបញ្ជី ប្រាសាទព្រះវិហារទទួលបានជោគជ័យ និងភាពល្បីល្បាយលើឆាកអន្តរជាតិ។

លោក ក៏សូមថ្លែងកោតសរសើរដល់ អាជ្ញាធរព្រះវិហារ ដែលតែងតែបំពេញ ការងារយកចិត្តទុកដាក់អភិរក្ស និងអភិវឌ្ឍន៍ប្រាសាទព្រះវិហារ និងសូមអំពាវនាវដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាបន្ត និងផ្តល់កិច្ចសហការ ដល់អាជ្ញាធរព្រះវិហារ ដើម្បីទទួលបានជោគជ័យ និងប្រសិទ្ធភាព ។

ឯកឧត្ដម សួស យ៉ារា បានមានប្រសាសន៍ថា ថ្ងៃ​នេះយើងប្រារព្ធ ពិធីអបអរសាទរខួបលើកទី១២ នៃថ្ងៃចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌ​ពិភពលោក ដែលជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងតស៊ូយ៉ាងលំបាករបស់រាជរដ្ឋភិបាល និង​សម្តេចវិបុលបញ្ញា សុខ អាន រហូតទទួលបានជោគជ័យនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅទៅក្រុងកេបិច ប្រទេសកាណាដា។

ឯកឧត្តមបានបន្តថា ប្រាសាទព្រះវិហារ និងប្រាសាទផ្សេងៗទៀតដែលបាន រកឃើញ ជាបន្តបន្ទាប់ពិតជាមានតម្លៃផ្នែកផ្លូវចិត្ត និងសាសនាខ្លាំងណាស់សម្រាប់ ប្រជាជនកម្ពុជា និង​សម្រាប់​ពិភពលោកទាំងមូល លើសពីនេះទៅទៀតប្រាសាទ ដែលជាកេរមរតក​ពីដូនតាមិន​ត្រឹម​បា​ននាំមកនូវកេរ្តិ៍ឈ្មោះ​ល្បីល្បាញ ភាពស្ញប់ស្ញែង និងការកោតសរសើរឥតឈប់​ឈរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែបាននាំ​មកនូវលំហូរភ្ញៀវទេសចរដ៏ច្រើនក្រៃលែងមកកម្ពុជា ដែលបង្កើត​បាន​ជាប្រភព ចំណូលមិនចេះរីងស្ងួតសម្រាប់ប្រជាជនខ្មែរគ្រប់រូបនិយាយដោយឡែក​សម្រាប់​ប្រជាជនរស់នៅក្នុងខេត្តព្រះវិហារប្រជាជនកម្ពុជា ពិតជាមានមោទនភាព និងទទួល​យក​ផល​ប្រយោជន៍ជាកេរមរតកនេះដោយរីករាយ។

ឯកឧត្តម សូមអំពាវនាវ​ដល់​ប្រជាជន​សមត្ថកិច្ច អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់មេត្តា ការពារ ថែរក្សា អភិវឌ្ឍន៍ប្រាសាទព្រះវិហារ និងប្រាសាទបុរាណដទៃទៀត ក៏ដូចជាសម្បត្តិ​ធម្មជាតិផ្សេងៗ​ទៀត ដើម្បីទុកផល​ប្រយោជន៍សម្រាប់ខ្លួនឯងផង សម្រាប់ជនរួមជាតិផង និងសម្រាប់ជាកេរដំណែលបន្ត​ទៀត ​ដល់​អ្នកជំនាន់ក្រោយៗ​នៃយើងទាំងអស់គ្នាផង។

សូមបញ្ជាក់ថា ប្រាសាទព្រះវិហារ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការ យុត្តិធម៌អន្តរជាតិ ICJ ក្រុងឡាអេ បានកាត់សេចក្តី ប្រាសាទព្រះវិហារ ស្ថិតក្នុងអធិបតេយ្យ​ភាព​ប្រទេសកម្ពុជានៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ការដាក់បញ្ចូលប្រាសាទព្រះវិហារជា សម្បត្តិបេតិកភណ្ឌពិភពលោក នៅទីក្រុងកេបិច ប្រទេសកាណាដា លុះថ្ងៃទី១៥ កក្កដា ២០០៨ ទាហានឈុតខ្មៅថៃ ចូលឈ្លានពាន ប្រាសាទព្រះវិហារ (វត្តកែវសិក្ខាគីរីស្វារៈ​) សាលដីកា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ សំណើសុំបកស្រាយសាលដីកាចុះថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ១៩៦២ ក្នុងរឿងក្តីប្រាសាទព្រះវិហារ ៕

ដោយ ទិត ស្រ៊
Credit: http://akp.gov.kh/kh/post/detail/214784

You do not have permission to write comment on this post.

Log in Register