បទយកការណ៍៖ មូលហេតុអ្វី ទើបត្រីគល់រាំង អាចក្លាយជាត្រីតំណាងអត្តសញ្ញាណជាតិ?

Please log in or register to like posts.
ព័ត៌មាន

បទយកការណ៍៖ មូលហេតុអ្វី ទើបត្រីគល់រាំង អាចក្លាយជាត្រីតំណាងអត្តសញ្ញាណជាតិ?

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ —

ត្រីគល់រាំង ដែលមានឈ្មោះវិទ្យាសាស្រ្ត​ Catlocarpio siamensis បានឆ្លងកាត់ការប្រជុំពិភាក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ និងយូរណាស់ ពីសំណាក់ថ្នាក់ដឹកនាំនៃរដ្ឋបាលជលផល ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មុនដាក់ឆ្លងការសម្រេចពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន ទំរាំអាចក្លាយជាត្រីអត្តសញ្ញាណជាតិបាន នេះជាប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេស (CITES) កម្ពុជា (អនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ រុក្ខជាតិព្រៃ កំពុងរងគ្រោះថ្នាក់) ។

ឯកឧត្តមបណ្ឌិត បានថ្លែងគូសបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយនឹងអ្នកយកព័ត៌មាន របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ថា៖ “កាលពីមានការរៀបចំសម្រេចដាក់បញ្ចូលត្រីគល់រាំង ជាត្រីអត្តសញ្ញាណជាតិ ដើម្បីដាក់ទៅគណៈរដ្ឋមន្ត្រី សុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺមានការជជែកវែកញែកយូរណាស់ នៅរដ្ឋបាលជលផល និងនៅក្រសួងកសិកម្មតែម្តង ដោយមានការលើកឡើងអំពីគុណសម្បត្តិ និងគុណវិបត្តិ ក៏ដូចជាប្រភេទត្រីកម្រជាច្រើនប្រភេទទៀត ដែលត្រូវប្រកួតប្រជែង ជាពិសេសនោះគឺត្រីរាជ ដែលជាត្រីមានទំហំធំបំផុតមួយ ហើយមានទំហំ និងទម្ងន់ប្រហាក់ប្រហែលនឹងត្រីគល់រាំងនេះដែរ ប៉ុន្តែក្រោយពីមានការជជែកវែកញែកយ៉ាងល្អិតល្អន់មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានសម្រេចចិត្តថា នឹងដាក់ស្នើត្រីគល់រាំង ជាត្រីអត្តសញ្ញាណជាតិតែម្តង” ។

ឯកឧត្តម ណៅ ធួក បានបន្ថែមថា៖ “មានកត្តាជាច្រើនដែលនាំឱ្យរដ្ឋបាលជលផល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចជ្រើសរើសយកត្រីគល់រាំងនេះ ក្នុងនោះរួមមាន៖ ទី១ ត្រីគល់រាំង មានប្រវត្តិយូរលង់ណាស់មកហើយទាក់ទងនឹងជីវភាពប្រជាជន តាំងពីមុនសម័យអង្គរមកម្ល៉េះ ដោយសារតែនៅតាមប្រាង្គប្រសាទបុរាណ នៅខេត្តសៀមរាបយើងនេះ មានរូបចម្លាក់ជាច្រើនទាក់ទងនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនដោយភ្ជាប់នឹងរូបត្រី ជាពិសេសគឺនៅប្រាសាទបាយ័ន ដោយនៅតាមជញ្ជាំងប្រាសាទផ្លែកខ្លះៗ យើងអាចមើលឃើញនូវចម្លាក់រូបត្រីគល់រាំងនេះ ដែលជាភស្តុតាងពីការផ្សារភ្ជាប់ត្រីនេះទៅនឹងជីវភាពរស់នៅរបស់ប្រជាជនយើងតាំងពីយូរលង់ណាស់មកហើយ ។ ទី២ ត្រីគល់រាំងនេះ មិនមែនត្រឹមចាប់ផ្តើមហាមឃាត់ការនេសាទ លក់ដូរ និងដឹកជញ្ជូន ដោយព្រះរាជក្រឹត្យចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ នៅពេលដែលត្រីនេះត្រូវបានចាត់បញ្ចូលជាប្រភេទត្រីតំណាងអត្តសញ្ញាណជាតិនោះដែរ ចំពោះត្រីគល់រាំងនេះ គឺត្រូវបានហាមឃាត់ការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូន តាំងពីសម័យសម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតកោដ្ឋ) មកម្ល៉េះ គឺតាមរយៈក្រមនេសាទ លេខ៨០នស ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៥៦ ។ ទី៣ ត្រីគល់រាំងនេះ ត្រូវបានវាយតម្លៃថា ប្រជាជនកម្ពុជាស្គាល់យ៉ាងច្បាស់ តាមរយៈរូបរាង ក៏ដូចជាទំហំរបស់វា ហើយមានប្រវត្តិជាប់ជាមួយប្រជាជនផងដែរ ព្រោះថាកាលសម័យអាណានិគមនិយមបារាំង ស្រការរបស់ត្រីគល់រាំងនេះ ដែលទំហំប៉ុនកាក់មួយ គឺត្រូវបានចាស់ៗជំនាន់នោះច្នៃធ្វើជាសីទាត់ ដែលជាទីពេញនិយមបំផុតកាលពីសម័យកាលនោះផងដែរ ។​ ទី៤ កត្តាដែលនាំឱ្យត្រីគល់រាំងនេះ ឈ្នះត្រីរាជ ព្រោះថា ត្រីរាជគឺជាប្រភេទត្រីដែលនៅក្នុងទន្លេប៉ុណ្ណោះ ហើយរូបរាងរបស់វាស្រដៀងនឹងត្រីប្រភេទគ្មានស្រកាមួយចំនួនធំ ដូចជាត្រីពោ ត្រីប្រា ។ល។ គ្រាន់តែត្រីរាជមានទំហំធំជាងគេ គឺប្រវែងប្រមាណ២ម៉ែត្រ ទៅ៣ម៉ែត្រ ខណៈត្រីគល់រាំងវិញ គឺជាប្រភេទត្រីមានស្រកាតែ១គត់ នៅព្រះរាជាណាចក្រកម្ពុជាយើង ដែលអាចលូតលាស់រហូតដល់ទម្ងន់ប្រមាណ៣០០គីឡូក្រាម និងប្រវែងពី២ម៉ែត្រ ទៅ៣ម៉ែត្រដែរ ហើយត្រីគល់រាំងនេះផងដែរគឺអាចរស់នៅបានទាំងទន្លេ និងបឹង ហើយត្រីគល់រាំងនេះ ត្រូវបានប្រជាជនប្រសិទ្ធនាមថា “ស្តេចបឹង” ។ ទី៥ ដោយក្រសួងកសិកម្មពិនិត្យឃើញថា ត្រីគល់រាំងនេះ គឺមានចំនួនច្រើនជាងត្រីរាជ (បើតាមខ្ញុំប៉ាន់ស្មាន គឺត្រីគល់រាំង មានចំនួនច្រើនជាងត្រីរាជ ២០ដង ទៅ ៣០ដង) ខណៈដែលត្រីរាជគឺកម្រមែនទែន គឺស្ទើរតែដាច់ពូជទៅហើយ ហើយក្នុងករណីដែលត្រីរាជពុំនៅបានយូរ ឬក៏អាចដាច់ពូជនោះ គឺពុំមានអ្វីសេសសល់សម្រាប់ប្រជាជនបានដឹង បានឃើញទៀតនោះទេ ខណៈត្រីគល់រាំងមានចំនួនច្រើនជាង តែជាប្រភេទត្រីកម្រដូចគ្នា ហើយបើទោះជាប្រឈមខ្លាំងក៏ត្រីគល់រាំងនេះ នៅអាចសេសសល់សម្រាប់បងប្អូនប្រជាពលរដ្ឋបានឃើញ និងបានស្គាល់ផងដែរ ។ ទី៦ ត្រីគល់រាំងមានរូបរាងស្អាតប្លែក និងស្រកាពណ៌ស្អាតផ្លេក ខុសពីត្រីមានស្រកាទូទៅ ហើយក៏ជាប្រភេទត្រីទឹកសាប (មានស្រកា)ដ៍ធំជាងគេបំផុតផងដែរ” ។

ឯកឧត្តមបានបន្តទៀតថា៖ “ត្រីគល់រាំងនេះ ក៏ស្ទើរតែពុំត្រូវបានជ្រើសរើសជាត្រីតំណាងអត្តសញ្ញាណជាតិផងដែរ ក៏ព្រោះតែឈ្មោះរបស់ត្រីនេះ ដែលមានឈ្មោះវិទ្យាសាស្ត្រថា​ Catlocarpio siamensis និងខ្លះហៅថាត្រី Siamese carp ។ ខ្ញុំសូមរំលឹកថា កាលនោះក្រុមអ្នកវិទ្យាសាស្ត្រពាក់ព័ន្ធនឹងត្រីទឹកសាបបានទៅសិក្សាអំពីត្រីនេះនៅប្រទេសថៃ មុនសិក្សានៅប្រទេសកម្ពុជា ទើបសម្រេចដាក់ឈ្មោះត្រីនេះដូច្នោះទៅ ខណៈនៅកម្ពុជាយើង ត្រីនេះមានប្រវត្តិយូរលង់ណាស់មកហើយ” ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ណៅ ធួក ក៏បានសំណូមពរដល់បងប្អូនប្រជានេសាទនៅតំបន់បឹងទន្លេសាប ក៏ដូចជាទន្លេមេគង្គ ដែលបន្ទាប់ពីនេសាទបានត្រីគល់រាំងហើយ គឺសូមចូលរួមសហការដោយព្រលែងចូលទៅក្នុងទឹកវិញ ដើម្បីទទួលបានផលបុណ្យត្រលប់មកវិញ ព្រោះជាត្រីតំណាងជាតិខ្មែរ ប៉ុន្តែក្នុងករណីដែលត្រីគល់រាំងស្លាប់ហើយ សូមរាយការណ៍មកអាជ្ញាធរពាក់ព័ន្ធដើម្បីយកត្រីនេះទៅទុកសម្រាប់ជាប្រយោជន៍ផ្សេងៗ។

លោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប នៃរដ្ឋបាលជលផល និងជាបុរសឆ្នើមដែលបានទទួលពានរង្វាន់ក្នុងការងារអភិរក្សទន្លេមេគង្គ បានឱ្យទីភ្នាក់ងារ AKP ដឹងផងដែរថា ត្រីគល់រាំងនេះ ចូលចិត្តរស់នៅតំបន់អន្លង់ជ្រៅៗតាមដងទន្លេមេគង្គ បឹងទន្លេសាប ហើយតាមការសិក្សាស្រាវជ្រាវកន្លងមក ត្រីគល់រាំងពេញវ័យអាចបន្តពូជបាននៅអាយុ៧ឆ្នាំឡើង ឬអាចយូរជាងនេះ ដែលជាវដ្តជីវិតបន្តពូជមួយដ៏យូរ ដែលនេះហើយជាហានិភ័យនៃការឈានទៅរកការផុតពូជបាន បើពុំមានការអភិរក្ស ឬក៏ចូលរួមពីយើងទាំងអស់គ្នានោះទេ។​ ម្យ៉ាងទៀត ពិតមែនតែត្រីគល់រាំងនេះអាចរស់នៅបានរហូតដល់អាយុ៦០ឆ្នាំ និងអាចពងកូនម្តងរង្វង់ពី៦០ម៉ឺន ទៅ៨០ម៉ឺនកូន ប៉ុន្តែហានិភ័យនៃការប្រឈមរបស់ត្រីគល់រាំងនៅតែខ្លាំងដដែល ដោយសារការនេសាទខុសច្បាប់ ការជាប់មងដោយចៃដន្យ និងការបំផ្លាញជម្រក ក៏ដូចជាជីវចម្រុះរបស់វា ព្រោះថាត្រីគល់រាំងអាចមានតម្លៃថ្លៃគួរសម គឺប្រហែល២៥ ទៅ៣០ដុល្លារ ក្នុងមួយគីឡូក្រាមឯណោះ តាមរយៈមានឈ្មួញលួចទិញ ខណៈនៅកម្ពុជាយើងពុំមានការលក់ដូរជាបើកចំហរណាស់ណានោះទេក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះថាប្រជានេសាទ ក៏ដូចជាអ្នកលក់ដូរ មានការយល់ដឹង និងស្គាល់ត្រីនេះច្រើន និងបានចូលរួមជាមួយរដ្ឋបាលជលផល ក៏ដូចជាក្រសួងកសិកម្ម ដោយក្នុងនោះប្រជានេសាទនៅពេលដាក់មងបាន គឺតែងតែព្រលែងទៅវិញ ឬក៏បានហៅខាងជំនាញរដ្ឋបាលជលផលដើម្បីធ្វើការព្រលែង ប៉ុន្តែក៏មានបងប្អូនប្រជានេសាទ ក៏ដូចជាអ្នកលក់ដូរមួយចំនួន នៅបន្តលក់ត្រីគល់រាំងដដែល ប៉ុន្តែគឺចំនួនតិចតួចនោះទេ។

ដោយឡែក អ្នកស្រី កៅ សារឹម អាជីវករលក់ត្រីនៅផ្សារលើ ខេត្តសៀមរាប បានមានប្រសាសន៍ថា៖ “ខ្ញុំលក់ត្រីនៅផ្សារលើនេះ ជាង២០ឆ្នាំហើយ ហើយខ្ញុំស្គាល់ត្រីគល់រាំងនេះច្បាស់ណាស់ និយាយជារួមគឺអ្នកលក់ត្រីស្គាល់ត្រីគល់រាំងទាំងអស់ ហើយក៏ដឹងថាវាជាត្រីកម្រ ត្រីដែលត្រូវអភិរក្ស ហើយក៏ជាត្រីតំណាងជាតិខ្មែរដែរ តាមរយៈការផ្សព្វផ្សាយរបស់រដ្ឋបាលជលផល ហើយដោយសារតែការយល់ដឹងនេះហើយ ទើបពួកខ្ញុំពុំមានលក់ដូរត្រីប្រភេទនេះទេ ហើយនៅផ្សារលើនេះ ក៏ពុំមានលក់ដូរត្រីនេះតាំងពីឆ្នាំ២០០២មកម្ល៉េះ ព្រោះថាការលក់ដូរត្រីនេះ គឺស្មើនឹងលក់ដូរអត្តសញ្ញាណជាតិដូច្នោះដែរ” ។

ត្រីគល់រាំង ឬត្រីកាហោ ឬត្រីក្បាលឡាន គឺជាប្រភេទត្រីទឹកសាបដ៏ធំបំផុតមួយ ដែលមានក្បាលធំ ហើយស្រការបស់វាពណ៌ផ្លេក ។ ចំណីរបស់វា គឺប្លង់តុង និងរុក្ខជាតិបៃតងនានា នៅក្នុងទឹក ហើយការស៊ីចំណីរបស់ពួកវា គឺស្រូបអាហារចូលទៅក្នុងពោះតែម្តង។ ត្រីគល់រាំងត្រូវបានជ្រើសរើសជាត្រីតំណាងឱ្យអត្តសញ្ញាណជាតិខ្មែរ តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ដោយហាមឃាត់ដាច់ខាត ការនេសាទ ទិញលក់ និងដឹកជញ្ជូន ហើយត្រីគល់រាំងនេះ គឺជាប្រភេទត្រីទឹកសាបដែលមានទំហំធំជាងគេបំផុត ដែលអាចលូតលាស់រហូតដល់ទៅប្រវែង៣ម៉ែត្រ និងទម្ងន់រហូតដល់ ៣០០គីឡូក្រាម ឯណោះ ហើយត្រីប្រភេទនេះ លូតលាស់ ឬធំធាត់លឿន គឺក្នុងរង្វង់១០ឆ្នាំ ដោយអាចលូតលាស់ដល់ទម្ងន់១០០គីឡូក្រាម ។ ប៉ុន្តែបច្ចុប្បន្ននេះ ត្រីប្រភេទនេះកម្រនឹងអាចធំធាត់ដល់ប៉ុណ្ណឹងណាស់ ហើយបើតាម លោក ថាច់ ផាណារ៉ា មួយរយៈចុងក្រោយនេះ រដ្ឋបាលជលផលបានប្រទះត្រីគល់រាំងនេះ កម្រមានទម្ងន់លើសពី១០០គីឡូក្រាមណាស់ ប៉ុន្តែនៅពេលថ្មីៗនេះ ត្រីគល់រាំងមួយ ដែលមានទម្ងន់ជាង១០០គីឡូក្រាម បានជាប់មងអ្នកនេសាទ នៅម្តុំអរិយក្សត្រ ហើយប្រជានេសាទបានទាក់ទងមកខាងជំនាញរដ្ឋបាលជលផល ដើម្បីធ្វើការព្រលែងចូលទន្លេវិញផងដែរ ។

ត្រីគល់រាំង ស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN (International Union for Conservation of Nature) ហើយត្រីនេះត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១ របស់អនុសញ្ញាសាយតេស (CITES)ផងដែរ ។

គួររម្លឹកផងដែរថាតាមរយៈអនុក្រឹត្យចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ព្រះរាជាណាចក្រកម្ពុជា បានសម្រេចយក ត្រី ល្មូន ដើមឈើ ផ្លែឈើ បក្សី សត្វព្រៃ និងផ្កា ជាតំណាងឱ្យអត្តសញ្ញាណជាតិខ្មែរ ដែលរួមមាន៖ ត្រីគល់រាំង តំណាងឱ្យពពួកត្រីទឹកសាប អណ្តើកហ្លួង តំណាងឱ្យពពួកល្មូន ដើមត្នោត តំណាងឱ្យដើមឈើ ចេកពងមាន់ តំណាងឱ្យផ្លែឈើ ត្រយ៉ងយក្ស តំណាងឱ្យបក្សី គោព្រៃ(ផុតពូជ) តំណាងឱ្យចតុបាតសត្វ និងផ្ការំដួល តំណាងឱ្យផ្កា ៕

ដោយ ផែន រតនៈ
Credit:http://akp.gov.kh/kh/post/detail/215097

You do not have permission to write comment on this post.

Log in Register