ក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធបើកសិក្ខាសាលាប្រមូលធាតុចូល ដើម្បីតាក់តែងសេចក្តីព្រាងច្បាប់គ្រប់ គ្រងវិស័យអប់រំកាយ និងកីឡា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ — ដើម្បីធានាបាននូវការបំពេញបេសកកម្មក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យ និងឧត្តមភាព ក្រសួងអប់រំយុវជននិងកីឡា រួមទាំងស្ថាប័នពាក់​ព័ន្ធ​បាន​បើកសិក្ខាសាលារយៈពេលពីរថ្ងៃពីថ្ងៃទី២៣-២៤ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ ដើម្បី​ប្រមូលធាតុចូល នៃការតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ​យុវជន និងកីឡា និងជាប្រធានក្រុមការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌បានមានប្រសាសន៍ថា នា​ឆ្នាំ២០២៣ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតស៊ីហ្គេម​លើកទី​៣២ ជាលើកដំបូងជាប្រវត្តិសាស្ត្រ ហើយក្នុងនាមជាសមាជិកស្ថាបនិកតាំងពីឆ្នាំ១៩៥៩ មក យើងមិនមាន​ឱកាសល្អដូចជាពេលនេះឡើយ។ ឯកឧត្ដមបានបន្ដថា ចំពោះបេសកកម្មដ៏ឧត្តុង្គឧត្តមនេះពិតជាធ្ងន់ធ្ងរ និង​មានតម្លៃបំផុត សម្រាប់កម្ពុជា ក្នុងការបញ្ចេញសមត្ថភាព និងរួមគ្នា ដើម្បីស្តារកិត្យានុភាពរបស់ប្រទេសជាតិ យើងឡើងវិញនៅលើឆាកអន្តរជាតិ។ ឯកឧត្តមបន្តទៀតថា ដូច្នេះដើម្បីធានាបាននូវឧត្តមភាពយើងត្រូវការ​រៀបចំ​តាក់តែងច្បាប់ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា ហើយច្បាប់នេះ នឹងចូលរួម ចំណែក​យ៉ាង​សំខាន់មួយ ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម២០២៣ ហើយក៏ជាការ​ពង្រឹងនូវការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡារបស់យើងឱ្យកាន់តែមានលក្ខណៈនីតិរដ្ឋ។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ដើម្បីឱ្យច្បាប់នេះបានចេញជាស្ថាពរ ក្រសួងបានសម្រេច​បង្កើត​គណៈកម្មការសិក្សាស្រាវជ្រាវ រៀបចំតាក់តែងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយនិងកីឡា នៃក្រសួង​អប់រំយុវជននិងកីឡា ដោយមានសមាជិក២០រូប។ គណៈកម្មការនេះមានភារកិច្ច សិក្សាស្រាវ​ជ្រាវច្បាប់​កីឡាផ្សេងៗក្នុងប្រទេស ក្នុងតំបន់ និងអន្តរជាតិ សិក្សាអំពីតួនាទីភារកិច្ចទំនួលខុសត្រូវរបស់ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាចងក្រងតាក់តែងធ្វើសេចក្តី​ព្រាង​ច្បាប់គ្រប់គ្រងវិស័យអប់រំកាយ និងកីឡា ស្នើសុំយោបល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡារៀបចំ​សិក្ខាសាលាដើម្បីស្វែងរកធាតុចូលក្នុងការតាក់តែងច្បាប់នេះ សិក្សាលើគម្រោងចំណាយក្នុងកិច្ចការងារ សិក្សាស្រាវជ្រាវចងក្រងច្បាប់ អនុវត្តន៍ភារកិច្ចផ្សេងៗទៀតតាមការចាំបាច់ គណៈកម្មការនេះមានសិទ្ធិបន្ថែម​សមាជិកតាមការចាំបាច់។

សូមបញ្ជាក់ថា សិក្ខាសាលាប្រមូលធាតុចូល នៃការតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រង​វិស័យ​អប់រំកាយ និងកីឡា មានសិក្ខាកាមចំនួន៥០រូប មកពីក្រសួងអប់រំយុវជននិងកីឡា ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងដោយអគ្គ​លេខាធិការឯកឧត្តម វ៉ាត់ ចំរើន គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាតំណាងដោយអគ្គលេខាធិការ ឯកឧត្តម យី វាសនា និងសហព័ន្ធកីឡាជាតិនានា៕

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register