ក្រសួងអប់រំអនុញ្ញាតឱ្យបើកសាលារៀនថ្នាក់ទី៩ និងទី១២ នៅខែកញ្ញា ហើយការប្រឡងសញ្ញាបត្រទុតិយភូមិនៅខែធ្នូខាងមុខ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ — តាមរយៈក្រសួងអប់រំយុវជន និងកីឡា ប្រមុខរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យសាលារៀន​ថ្នាក់ទី៩ និងទី១២ បើកដំណើរការចូលរៀន​ឡើងវិញ នៅក្នុងកំឡុងខែកញ្ញា ឆ្នាំ២០២០​ហើយការរៀបចំប្រឡងសញ្ញាបត្រទុតិយភូមិថ្នាក់ជាតិ នឹងធ្វើឡើងនៅខែធ្នូ​ឆ្នាំ២០២០​ខាង​មុខ។ ការអនុញ្ញាតនេះបន្ទាប់ពីសាលារៀននៅទូទាំងរាជធានី ខេត្ត​បានបិទផ្អាក​អស់​រយៈ​ពេលជាច្រើន ខែ កន្លងមក ពីព្រោះខ្លាចឆ្លងរីករាលដាលជំងឺកូវីដ-១៩។ នេះបើយោងតាម​សេចក្តីប្រកាស​ព័ត៌មានរបស់ក្រសួងអប់រំយុវជន និងកីឡាចេញផ្សាយនៅថ្ងៃទី១០​ ខែ​សីហា ឆ្នាំ២០២០។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានលើកឡើងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យសិស្សថ្នាក់ទី៩ និង​សិស្សថ្នាក់ទី១២ នៃគ្រឹះស្ថានសាធារណៈ ចូលរៀននៅក្នុងដំណាក់ទី២ នៃការបើកដំណើរ​ការគ្រឹះស្ថានសិក្សា នៅអំឡុងខែសីហា ឆ្នាំ២០២០ ក្នុងទ្រង់ទ្រាយតូច ដោយ១៥នាក់​ក្នុងមួយថ្នាក់ ដោយគោរពតាមវិធាន​អនាម័យ​របស់ក្រសួងសុខាភិបាល និងអង្កការសុខ​ភាព​ពិភពលោក ដើម្បីត្រៀមចូលរួម​ការ​ប្រឡង។ ក្នុងន័យនេះក្រសួងនឹងរៀបចំការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិឆ្នាំសិក្សា២០១៩-២០២០ នៅខែធ្នូ ឆ្នាំ២០២០ខាងមុខ ។ ចំពោះ​ការ​រៀបចំការសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈ សម្រាប់សិស្សថ្នាក់ដទៃ​ទៀត ក្រសួងនឹងរៀបចំសេចក្តីណែនាំតាមក្រោយ។

  ជាមួយគ្នានេះ ក្រសួងអប់រំបានបន្ដថា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែល​ជាតំណាងគ្រឹះស្ថានសិក្សាឯកជន និងគ្រឹះស្ថានឯកជនដទៃទៀតបានស្ម័គ្រ​ចិត្តពន្យាពេល​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ដើម្បីចូលរួម​ជាមួយការ​ប្រឡង​ថ្នាក់​ជាតិ​នៅខែ ធ្នូ ឆ្នាំ២០២០ ជាមួយនឹងគ្រឹះស្ថានសាធារណៈ។

ក្រសួងអប់រំក៏បានជំរុញដល់សាធារណជន មាតាបិតា អ្នកអាណាព្យា​បាល​សិស្ស និងបេក្ខជន ជ្រាប។ ដោយឡែកវិទ្យាល័យ និងអនុវិទ្យាល័យទាំងអស់​ត្រូវត្រៀម​លក្ខណៈ​ដើម្បីអនុវត្តន៍កិច្ចការខាងលើនេះ៕

ដោយ ប៊ុនរិទ្ធ

You do not have permission to write comment on this post.

Log in Register