ស្រុកបន្ទាយស្រីទទួលបានជ័យលាភីមាន់អាំងឆ្ងាញ់ជាងគេប្រចាំខេត្តសៀមរាប

Please log in or register to like posts.
ព័ត៌មាន

AKP  ខេត្តសៀមរាប ថ្ងៃទី២០ ខែសីហា  ឆ្នាំ២០២០– ការប្រកួតដណ្តើមពានរង្វាន់ មាន់អាំង សៀមរាបឆ្ងាញ់ជាងគេ នៅក្នុងកម្មវិធីសម្រាកសៀមរាបបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ដោយមានបេក្ខជនចូលរួមប្រកួតចំនួន១២ក្រុម ក្នុង១ក្រុមមានចុងភៅ២នាក់ មកពី បណ្តាស្រុក-ក្រុងចំនួន៩ រួមមាន ក្រុងសៀមរាប ស្រុកពួក ក្រឡាញ់ ប្រាសាទបាគង សូទ្រនិគម វ៉ារិន ស្វាយលើ បន្ទាយស្រី និងស្រុកអង្គរធំ  លើបណ្តាក្រុង-ស្រុកទាំង១២របស់ខេត្តសៀមរាប។

ក្រុមអ្នកចូលរួមប្រកួតទាំងនោះ គឺជាអ្នកចំអិនអាហារដែលមានបទពិសោធន៍ ធ្លាប់បម្រើសេវាកម្មនៅ តាមភោជនីយដ្ឋាន រមណីយដ្ឋាន និងនៅតាមបណ្តាសហគមន៍ទេសចរណ៍ផងដែរ។ គណៈកម្មការ វាយតម្លៃនិងផ្តល់ពិន្ទុមកពីសមាគមចុងភៅកម្ពុជា។ ហើយចំណាត់ថ្នាក់ ដែលក្រុមបេក្ខជនទទួល បានយ៉ាងសុក្រិតនោះ គឺផ្អែកទៅលើលក្ខណៈសម្បត្តិ៤យ៉ាង គឺរសជាតិ សោភ័ណភាពនៃការ តុបតែងម្ហូប អនាម័យ និងថេរវេលានៃការចម្អិន។ ថ្វីបើជាមុខម្ហូបមាន់អាំងដូចគ្នា ក៏ប៉ុន្តែឈ្មោះមុខ ម្ហូបមិនដូចគ្នានោះទេ ដូចជាមាន់អាំងប្រហុកអង្ក្រង  មាន់អាំងប្រហុកក្តឹបអម្ពិល-ម្រេច មាន់អាំង ម្រេចខ្ចី មាន់អាំងអំបិលម្ទេស ជាដើម។ ជាមួយគ្នានេះ ទឹកជ្រលក់ថ្វីបើត្រូវយករសជាតិប្រហុកខ្មែរ ជាគោល ក៏ប៉ុន្តែការផ្សំគ្រឿងមិនដូចគ្នាឡើយ គឺផ្អែកតាមបទពិសោធន៍រៀងៗខ្លួន។ យ៉ាងណា ក៏ដោយ មាន់និងបន្លែ គឺជាសត្វចិញ្ចឹមនិងដាំដុះតាមបែបធម្មជាតិទាំងអស់។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ប្រធានក្រុមការងារ របស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីប្រកាស និងផ្តល់ជូនពានរង្វាន់ដល់ក្រុមបេក្ខជនជ័យលាភី មាន់អាំងសៀមរាបឆ្ងាញ់ជាងគេ ដែលវត្តមាន ដ៏ខ្ពង់ខ្ពស់នៃសម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញអំពីការគាំទ្រ និងអបអរសាទរចំពោះ ព្រឹត្តិការណ៍សម្រាកសៀមរាប ដែលបានប្រព្រឹត្តិទៅប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ អនុវត្តបាន យ៉ាងល្អប្រសើរតាមការអំពាវនាវរបស់ប្រមុខនៃរាជរដ្ឋាភិបាល វិធានការណែនាំរបស់ក្រសួង សុខាភិបាល និងវិធានសុវត្ថិភាពតេសចរណ៍ លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

លទ្ធផលនៃការប្រកួតនេះ ពានរង្វាន់លេខ៣ បានទៅលើក្រុមចុងភៅមកពីភោជនីយដ្ឋានមាន់ដុត ម្លប់ស្បូវក្រុងសៀមរាប អមដោយប័ណ្ណសរសើរ និងថវិការ១លានរៀល ពានរង្វាន់លេខ២ បានទៅ លើក្រុមចុងភៅមកពីសហគមន៍ទេសចរណ៍ខ្នារពោធិ ស្រុកសូទ្រនគម អមដោយប័ណ្ណសរសើរនិង ថវិកាចំនួន១លាន៥សែនរៀល និងពានរង្វាន់លេខ១ បានទៅលើក្រុមចុងភៅសហគមន៍              បឹងឈូក ស្រុកបន្ទាយស្រី អមដោយប័ណ្ណសរសើរនិងថវិកា២លានរៀល៕

ដោយ៖ ឃុត សៅ

You do not have permission to write comment on this post.

Log in Register