សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណអង្គការទេសចរណ៍ពិភពលោក ក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាចំពោះវិធានការប្រកបដោយប្រសិទ្ធភាព ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើលិខិតថ្លែងអំណរគុណចំពោះអង្គការទេសចរណ៍ពិភពលោក ដែលបានការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ចំពោះការដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព  និងសកម្មបំផុត ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងអំឡុងពេលឈប់សម្រាកជំនួសពិធីបុណ្យចូលឆ្នាំខ្មែរ កាលពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០កន្លងមកនោះ។

ក្នុងលិខិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ផ្ញើជូនឯកឧត្ដម ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ដែលបានផ្សព្វផ្សាយនៅលើផេកផ្លូវការបានសរសេរថា  “ឯកឧត្តម ជាទីរាប់អាន ខ្ញុំសូមថ្លែងអំណរគុណចំពោះលិខិតដ៏ប្រពៃ និងប្រកបដោយអត្ថន័យនៃលិខិតរបស់ឯកឧត្តម ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដែលបង្ហាញពីការគាំទ្រ ចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យមានថ្ងៃឈប់សម្រាកជំនួសពិធីបុណ្យចូលឆ្នាំខ្មែរ កាលពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០”។ ក្នុងលិខិតសម្ដេចតេជោបានបន្តថា  ដោយប្រកាន់ខ្ជាប់តាមគោលការណ៍ណែនាំសុវត្ថិភាព និងសុខភាពនានារបស់អង្គការសុខភាពពិភពលោក នៅអំឡុងពេលនៃការឈប់សម្រាកនេះ យើងពុំមានករណីឆ្លងថ្មីទេ នៅក្នុងប្រទេស។ ប៉ុន្តែយើងទទួលបានអ្នកទេសចរក្នុងស្រុក និងជនបរទេសប្រហែល ១,៥លាននាក់ ធ្វើដំណើរកម្សាន្តតាមតំបន់គោលដៅទេសចរណ៍ នានាទូទាំងប្រទេស។ លើសពីនេះ ដោយចាត់ទុកសុវត្ថិភាពប្រជាជនជាចម្បង គោលដៅទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងអាជ្ញាធរមូលដ្ឋានបានធ្វើការដោយឥតឈប់ឈរទាំងថ្ងៃទាំងយប់ ដើម្បីតាមដាន និងណែនាំឱ្យមានការអនុវត្តវិធាននានាបន្ថែម ដែលបានបង្កើត និងរៀបចំដោយក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ។ សម្ដេចតេជោបានគូសបញ្ជាក់ថា  ដើម្បីធានាការបើកឱ្យមានការធ្វើដំណើរកម្សាន្តក្នុងស្រុកឡើងវិញប្រកបដោយសុវត្តិភាព និងប្រុងប្រយ័ត្ន កម្ពុជាបាននឹងកំពុងសហការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ក្នុងការសម្រួលដល់ការចាប់ផ្តើមឡើងវិញនូវ វិស័យទេសចរណ៍ដែលជាផ្នែកដ៏សំខាន់ ដើម្បីជួយជំរុញសេដ្ឋកិច្ច។

នៅក្នុងលិខិតដដែលនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្ថែមថា “ជាថ្មីម្ដងទៀត ខ្ញុំសូមសម្ដែងនូវអំណរគុណចំពោះសារគាំទ្ររបស់ឯកឧត្តម ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធនឹងកូវីដ-១៩ ហើយក្នុងនាមជាសមាជិកដ៏សកម្មរបស់ UNWTO កម្ពុជានឹងធ្វើអ្វីៗ ដើម្បីលើកកម្ពស់ទេសចរណ៍ ខណៈទុកសុវត្ថិភាពប្រជាជនជាអាទិភាព នៅក្នុងគ្រាដ៏លំបាកនៃកូវីដ១៩នេះ។ សូមឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ និងសូមប្រសិទ្ធពរឯកឧត្តម ប្រកបដោយ សុខភាពល្អ និងសូមឱ្យអង្គការអន្តរជាតិដ៏ល្បីល្បាញរបស់ឯកឧត្តម កាន់តែទទួលបានជោគជ័យធំធេងបន្ថែមទៀត”។

គួរបញ្ជាក់ដែរថា  កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម ហ្សូរ៉ាប ប៉ូឡូលីកាស៊្វីលី អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ផ្ញើជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  គឺបានកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព និងសកម្មបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ ឆ្លៀតក្នុងឱកាសនេះដែរ អង្គការទេសចរណ៍ពិភពលោកក៏សូមជូនពរដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឱ្យជួបតែសុខសុវត្ថិភាព និងសុខភាពល្អអំឡុងពេលនៃថ្ងៃឈប់សម្រាកពិធីចូលឆ្នាំខ្មែរ ដែលតាមប្រពៃណីប្រារព្ធធ្វើឡើងក្នុងខែមេសា តែត្រូវបានលើកពេលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្ដមបានបន្តថា  អង្គការទេសចរណ៍ពិភពលោកពិតជារីករាយខ្លាំងណាស់ ដោយបានឃើញកម្ពុជាកំពុងតែចាប់ផ្តើមទេសចរណ៍ក្នុងស្រុកឡើងវិញ ស្ថិតក្រោមការគ្រប់គ្រងដ៏ល្អ និងបានដាក់អនុវត្តន៍វិធានសុវត្ថិភាពចាំបាច់ និងអនាម័យ ក៏ដូចជាគោលការណ៍ណែនាំនានានៅតាមតំបន់ទេសចរណ៍។ ការចាប់ផ្តើមឡើងវិញប្រកបដោយការទទួលខុសត្រូវនេះ ពិតជាស្របតាមអនុសាសន៍ណែនាំរបស់អង្គការទេស​ចរណ៍ពិភពលោក។ អង្គការទេសចរណ៍ពិភពលោកកំពុងសម្របសម្រួលការបើកឡើងវិញនូវវិស័យទេសចរណ៍ ដោយសហការជាមួយប្រទេសជាសមាជិក និងអង្គការអន្តរជាតិនានា តាមរយៈការបង្កើតគោលការណ៍ណែនាំ និងអនុសាសន៍នានា សម្រាប់ការចាប់ផ្តើមឡើងវិញនូវសកម្មភាពទេសចរណ៍ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។ ឯកឧត្ដមក៏សូមអរគុណដល់កម្ពុជាជាអនេក សម្រាប់ការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ដែលបានឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងសកម្មភាពរបស់អង្គការទេសចរណ៍ពិភពលោកអំឡុងពេលវេលាដ៏លំបាកនេះ។ ជាថ្មីម្តងទៀត អង្គការទេសចរណ៍ពិភពលោក សូមសម្ដែងនូវការកោតសរសើរខ្ពស់ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងតែទុកសុខុមាលភាព និងសុវត្ថិភាពប្រជាពលរដ្ឋជាអាទិភាព ហើយឯកឧត្ដមសង្ឃឹមយ៉ាងមុតមាំថា ថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំថ្មីនេះនឹងចូលរួមចំណែកដល់ការចាប់ផ្តើមឡើងវិញនូវទេសចរណ៍ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវក្នុងប្រទេសកម្ពុជា៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register