សម្ដេចតេជោ ហ៊ុន សែន៖ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីរួមខេត្តសៀមរាប ចំនួន៣៨ខ្សែ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២១

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីរួមខេត្តសៀមរាបនេះ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២១ ហើយនឹងធ្វើឱ្យភ្ញៀវទេសចរកាន់តែមានមោទនភាពចំពោះសម្បត្តិបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលស្ថិតក្នុងទឹកដីអច្ឆរិយៈនេះ ព្រមទាំងមានមោទកភាពចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅក្នុងទីរួមខេត្តសៀមរាបផងដែរ។

នៅកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្ដេចតេជោបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញកញ្ចប់ថវិកាចំនួនពី១០០លានដុល្លារអាម៉េរិក ទៅ១៥០លានដុល្លារអាម៉េរិក សម្រាប់គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែ ក្នុងទីរួមខេត្តសៀមរាប ដើម្បីជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុងសៀមរាប បង្កើតការងារ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ជំរុញកំណើនភ្ញៀវទេសចរនិងកំណើនសេដ្ឋកិច្ចជាតិក្រោយវិបត្តិជំងឺកូវីដ-១៩។ 

ជាងនេះទៀត រាជរដ្ឋាភិបាល សូមថ្លែងអំណរគុណដល់គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំសន្សំសំចៃ មិនខ្ជះខ្ជាយថវិកា ក្នុងដំណាក់កាល នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលធ្វើឱ្យកម្ពុជាសន្សំថវិកាបានជាង៦០០លានដុល្លារអាម៉េរិក ដើម្បីប្រើប្រាស់បន្ថែមក្នុងការអភិវឌ្ឍប្រទេសជាតិ។ 

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាត្រូវអភិវឌ្ឍសេដ្ឋកិច្ចខ្លួនឱ្យដើរទាន់សភាពការណ៍ តាមរយៈជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីឬពហុភាគី និងត្រូវខិតខំនាំចេញទំនិញដែលផលិតបានទៅកាន់ទីផ្សារទាំងនោះ ព្រមទាំងបន្តចរចារ និងឈានទៅចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូថ្មីៗទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា។ 

សម្ដេចតេជោលើកឡើងថា ក្នុងដំណាក់កាលបច្ចុប្បន្ននៃវិបត្តិជំងឺកូវីដ-១៩ កម្ពុជាត្រូវបង្កើនឧត្តមភាពប្រកួតប្រជែងក្នុងការជំរុញការនាំចេញស្បៀង ពិសេសការនាំចេញអង្ករទៅកាន់ទីផ្សារបរទេស នូវអតិរេកស្រូវអង្ករប្រចាំឆ្នាំដែលកម្ពុជាសម្រេចបាន។ 

ជាមួយគ្នានេះដែរ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួង-ស្ថាប័ន កងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែកពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវខិតខំធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ និងត្រូវបន្តជំរុញការផ្សព្វផ្សាយសេចក្ដីណែនាំរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ស្តីពីវិធានការការពារការឆ្លងជំងឺកូវីដ-១៩៕ 

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register