សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែង ទទួលរង្វាន់ JIKJI នៃ​ស្មារតី​ចងចាំ ​ពិភព​លោក​ឆ្នាំ​២០២០ របស់អង្គការយូណេស្កូ

Please log in or register to like posts.
ព័ត៌មាន

AKP ​ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ — យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ នាថ្ងៃទី០៤ ខែកញ្ញា ​ឆ្នាំ​២០​២០ បានឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ​អង្គការ​យូណេស្កូ ដែល​មាន​មូល​ដ្ឋា​ន​នៅទីក្រុង​ប៉ារីស ​ បានសម្រេច​ផ្តល់​រ​ង្វាន់ JIKJI នៃ​ស្មារតី​ចងចាំ​ពិភព​លោក  របស់អង្គការ​យូ​ណេស្កូ​​ឆ្នាំ​២០២០ ​ដល់​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែង​ ទៅ លើ​សមិទ្ធផល​ នៃ​ការ​ខិត​ខំ​ប្រឹងប្រែង​​អភិរក្ស​ឯកសារ ​និង​បណ្ណ​សារ​រូបថត​ ​ជា​មរតក​ឯកសារ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​ស​ម្រាប់​មនុស្សជាតិ​។

​សេចក្ដីជូនដំណឹងបានបន្តថា ការសម្រេច​ផ្ដល់​រង្វាន់​​ដល់​គុក​ទួលស្លែង​ គឺធ្វើឡើង​យ៉ា​ង​​ហ្មត់​ចត់​បំផុត​ ពី​គណៈកម្មាធិការ​វាយតម្លៃ​ ដែល​ជ្រើស​ចេញពី​គណៈកម្មាធិការ​ទីប្រឹក្សា​អន្តរ​ជា​តិ​ នៃ​ស្មារតី​ចងចាំ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​។

ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈបាន​ប​ញ្ជា​ក់ផងដែរថា  ពានរង្វាន់​នៃ JIKJI នៃ​ស្មារតី​ចងចាំ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​នេះ​ ជា​​​រង្វាន់​​បង្កើត​ឡើង​ដើម្បី​រម្លឹក​ដល់​ខួប​ នៃ​ការចុះបញ្ជី​សៀវភៅ Butjo JiKji Sinche YoJeol ដែល​បោះពុម្ព​ចេញពី​អក្សរ​លោហៈ​ផ្គុំ​គ្នា​ ​នៅសល់​ចាស់​ជាងគេ​លើ​ពិភពលោក​ នា​អំឡុងពេល​នៃ​​កិច្ចប្រជុំ​ប្រតិបត្តិ​របស់​អង្គការ​យូណេស្កូ​ កាលពី​ខែ​មេសា ​ឆ្នាំ​២០០៤​។ គោលបំណង ​នៃ​ការ​ប​ង្កើត​កម្មវិធី​នេះ​ឡើង​ ដើម្បី​ចូលរួម​លើកស្ទួយ​ និង​លើកទឹកចិត្ត​ដល់​បុគ្គល ​ឬ​ស្ថាប័ន​ ដែល​បា​ន​​ខិតខំ​គាំពារ​ ថែរក្សា​មរតក​ឯកសារ​ ដោយ​ផ្ដោត​លើ​ទិសដៅ​អប់រំ​បណ្ដុះបណ្ដាល​ការ​ផ្សព្វ​ផ្សា​យ​ ​និង​ការ​ចែករំលែក​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ​គ្រប់​ជាតិ​សាសន៍​ និងគ្រប់​វ័យ​។ រង្វាន់ JIK​JI​​ ​នៃ​ស្មារតី​ចងចាំ​ពិភពលោក​របស់​អង្គការ​យូណេស្កូ បានផ្ដល់ជូនបុគ្គលិកសាធារណៈជារៀ​ង​រាល់ ២ឆ្នាំម្ដង។

សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែងនៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​ស្ថាប័​ន​​ទី​៨ ដែល​ទទួល​បាន​រង្វាន់​ប្រចាំ​ឆ្នាំ​២០២០​។ មូលដ្ឋាន​សំខាន់​ក្នុង​ការ​ផ្ដល់​រង្វាន់​ គឺ​ផ្ដោតទៅលើ​ការ​​ថែរក្សា​អភិរក្ស​ឯកសារ​បណ្ណ​សារ​រូបថត ​និង​ការរៀបចំ​ប្រព័ន្ធ​ទិន្នន័យ​រួមមួយ​ដែល​ផ្ដល់​ភាព​ងា​យស្រួល​ដល់​សាធារណជន​ក្នុងការ​ស្វែងរក​ឯកសា​រ។ ​ការផ្ដល់​រង្វាន់​ នេះ​ជា​សក្ខីភាព​មួយ​ប​ង្ហា​​ញ​ពី​ស្មារតី​ នៃ​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​រាជ​រដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​ សហការ​ជាមួយ​ដៃ​គូ​អន្តរជាតិ​នានា ​ក្នុងការ​ថែរក្សា​ឯកសារ​ទុកជា​ភស្តុតាង​សម្រាប់​មនុស្សជាតិ​ទាំងមូល​សិក្សា​រៀនសូត្រ ​ដើម្បី​ការពារ​កុំឱ្យ​អំពើ​ប្រល័យពូជសាសន៍​កើតឡើង​សាជាថ្មី​ក្នុង​ប្រទេស​កម្ពុជា ​និង​ពិភពលោក​៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register