ក្រសួងទេសចរណ៍ បានដាក់ចេញប្រការគួរធ្វើ និងមិនគួរធ្វើចំនួន៨ចំណុច ក្នុងការធ្វើដំណើរ អំឡុងពេលមាន COVID-19 នៅកម្ពុជា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ — ដើម្បីអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលក្នុងការ ទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 ក្រសួងទេសចរណ៍បានដាក់ចេញនូវ «ប្រការគួរធ្វើ និងមិនគួរធ្វើ» ចំនួន៨ប្រការ ក្នុងការធ្វើដំណើរអំឡុងពេលជំងឺឆ្លង COVID-19 ក្នុង ប្រទេសកម្ពុជា។

ភ្ញៀវទេសចរអន្ដរជាតិធ្វើដំណើរមកកម្ពុជា ត្រូវគោរពតាមដំបូន្មានចំនួន៨ចំណុចគឺ៖ ១. អនុវត្តន៍តាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងត្រូវគោរពតាមវិធានការរបស់រាជ រដ្ឋាភិបាលកម្ពុជា​ជានិច្ច ប្រសិនបើអ្នកត្រឡប់មកពីតំបន់ដែលមានឆ្លងជំងឺ ហើយសូមពិនិត្យមើលដំបូន្មានរបស់រាជរដ្ឋាភិបាលអំពីចំណាត់ការពេលអ្នកមកដល់។ ២. ស្វះស្វែងរកដំបូន្មានខាងវេជ្ជសាស្រ្ដ ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលខ្លួន សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញដោយអាចទំនាក់ទំនងទូរស័ព្ទលេខ ១១៥។ ៣. ត្រូវមានធានារ៉ាប់រង ត្រូវធានាថាអ្នកមានធានារ៉ាប់រងគ្រប់គ្រាន់ លើការធ្វើដំណើរមកកាន់ កម្ពុជាក្នុងអំឡុងពេលនៃការរីករាលដាលជំងឺឆ្លង COVID-19។ ៤. កុំរើសអើង ខណៈដែល លោកអ្នកព្រួយបារម្ភអំពីសុខភាព អំឡុងពេលនៃការរីករាលដាលជំងឺឆ្លង COVID-19 លោក អ្នកមិនត្រូវរើសអើងជាតិសាសន៍ ជាពិសេសជាមួយភ្ញៀវទេសចរ និងក្រុមមនុស្សដែលមកពី តំបន់ដែលមានការឆ្លងជំងឺ។ ៥. លាងដៃរបស់អ្នក  អនាម័យល្អជាចំណុចសំខាន់ បំផុតក្នុងកិច្ចការពារ។ ដូច្នេះត្រូវប្រាកដថា អ្នកបានលាងដៃជាប់ជាប្រចាំដោយប្រើសាប៊ូ និងទឹក ឬអាល់កុល ជែល សម្រាប់លាងដៃ។ កុំភ្លេចខ្ទប់មាត់ និងច្រមុះជាមួយ ក្រដាសអនាម័យ ឬដៃអាវរបស់អ្នកផង នៅពេលអ្នកក្អក ឬកណ្ដាស់។ ៦. ចែករំលែកបទ ពិសោធន៍វិជ្ជមាន គឺប្រើបណ្ដាញសង្គមដើម្បីចែករំលែករឿងរ៉ាវធ្វើដំណើរជាវិជ្ជមាន នានារបស់អ្នក។ ៧. ធ្វើចិត្តឱ្យស្ងប់ ប្រកាន់ស្មារតីប្រុងប្រយ័ត្ន ប៉ុន្ដែកុំភ័យស្លន់ស្លោ និងត្រូវពាក់ ម៉ាស់ក្នុងដំណើរកម្សាន្ដរបស់លោកអ្នកនៅទីកន្លែងសាធារណៈ ឬមានការប្រមូលផ្ដុំ។ ៨. មេត្តាកុំលុបចោលការធ្វើដំណើរមកកម្ពុជា លោកអ្នកអាចពិចារណាក្នុងការពន្យារ ឬផ្លាស់ ប្ដូរគោលដៅមកកម្ពុជាបាន។ មានក្រុមហ៊ុនអាកាសចរណ៍ និងសណ្ឋាគារជាច្រើន កំពុងលើកលែងកម្រៃដូរសំបុត្រ និងការកក់ ដោយកំពុងផ្ដល់ជូននូវគោលនយោបាយ កក់ឡើងវិញតាមការចង់បានរបស់លោកអ្នក៕

ដោយ ម៉ៅ ចរិយា

You do not have permission to write comment on this post.

Log in Register