កម្ពុជាអនុម័តយល់ព្រមលើកញ្ចប់ស្តង់ដារបណ្តុះបណ្តាល និងលិខិតបទដ្ឋានគតិយុត្ត​ សម្រាប់​គាំទ្រ និងអនុវត្តន៍ ក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ –គណៈកម្មាធិការជាតិបណ្តុះបណ្តាល (NTB) បានផ្តល់យោបល់ ឯកភាព អនុម័តយល់ ព្រមលើកញ្ចប់ស្តង់ដារបណ្តុះបណ្តាល និងលិខិតបទដ្ឋានគតិយុត្តដែលបានអភិវឌ្ឍន៍ក្នុង វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់គាំទ្រដល់ការអនុវត្តក្របខ័ណ្ឌ គុណវុឌ្ឍិជាតិកម្ពុជា(CQF) ឱ្យផ្សារភ្ជាប់ទៅនឹងក្របខ័ណ្ឌគុណវុឌ្ឍិយោងអាស៊ាន(AQRF) ក៏ ដូចជាការគាំទ្រប្រព័ន្ធវាយតម្លៃផ្អែកលើសមត្ថភាព និងការផ្តល់គុណវុឌ្ឍិសម្រាប់កម្ពុជា (CBACS) ដើម្បីលើកកម្ពស់និងជំរុញការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ឱ្យឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គមសេដ្ឋកិច្ចកម្ពុជានាពេល បច្ចុប្បន្ន​នេះ ។

ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិបណ្តុះបណ្តាលលើកទី១០ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល (National Training Board, NTB) បានគូសបញ្ជាក់ថា កន្លងមកគណៈកម្មាធិការជាតិបណ្តុះ បណ្តាល ធ្លាប់បានអនុម័តយល់ព្រមដាក់ឱ្យប្រើប្រាស់ និងអនុវត្តគោលនយោបាយមួយ ចំនួនសម្រាប់អនុវត្តនៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងកញ្ចប់ ស្តង់ដារបណ្តុះបណ្តាលតាមវិស័យអាទិភាពលើមុខរបរដែលទីផ្សារកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងទៅអនាគតជាច្រើនរួចមកហើយ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា កញ្ចប់ស្តង់ដារបណ្តុះ​បណ្តាល​នេះ គឺជាឯកសារគោលក្នុងការកំណត់សមត្ថភាពសំខាន់ៗ ដូចជាសមត្ថភាពមូលដ្ឋាន ឬសមត្ថភាពគាំទ្រការបំពេញការងារ (ជំនាញទន់) និងសមត្ថ​ភាពស្នូល (ជំនាញបច្ចេកទេសបំពេញការងារ)ជាដើម។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិបណ្តុះបណ្តាលលើកទី១០ នេះ អង្គប្រជុំបានអនុម័តយល់ព្រមលើកញ្ចប់ស្តង់ដាបណ្តុះបណ្តាលលើ ៦វិស័យ ចំនួន ៣៣មុខរបរ ចាប់ពីកម្រិត ១ ដល់កម្រិត ៥ នៃក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (CQF) ក្នុងនោះរួមមាន ទី១. វិស័យសំណង់មាន ៨មុខរបរ។ ទី២. វិស័យមេកានិក (អនុវិស័យ​រថយន្ត) មាន ៧មុខរបរ។ ទី៣. វិស័យអគ្គិសនី និងថាមពលមាន ៥មុខរបរ។ ទី៤. វិស័យ​ធុរកិច្ច និងព័ត៌មានវិទ្យាមាន ៤មុខរបរ។ ទី៥.​ វិស័យកម្មន្តសាលមាន ៧មុខរបរ។ ទី៦. វិស័យបរិក្ខារត្រជាក់ និងកំដៅមាន ២មុខរបរ និងកញ្ចប់ស្តង់ដាបណ្តុះបណ្តាលអ្នកវាយ​តម្លៃសមត្ថភាពកម្រិត១៕

ដោយ រិទ្ធី

You do not have permission to write comment on this post.

Log in Register