ឯកអគ្គរាជទូតអូស្រ្ដាលី សន្យានឹងផ្តល់កម្មវិធី Software eWater Source ដែលជាកម្មវិធីធ្វើម៉ូឌែលគ្រប់គ្រងធនធានទឹក ជូនដល់កម្ពុជា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ —

ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជាបានសន្យាថា នឹងធ្វើការផ្តល់ជូននូវកម្មវិធី Software eWater Source ដែលជាកម្មវិធីធ្វើម៉ូឌែលគ្រប់គ្រង​ធន​ធានទឹក ដល់ក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ប្រើប្រាស់ក្នុងការចងក្រង ត្រួតពិនិត្យ និងគ្រប់គ្រងធនធានទឹកនៅកម្ពុជាឱ្យកាន់តែប្រសើរ។ ការលើកឡើងរបស់ឯកឧត្ដម ឯកអគ្គ​រាជទូតអូស្រ្តាលីនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តី​ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការ (គម្រោងជំនួយ) លើវិស័យធនធានទឹក នៅទីស្តីការក្រសួងធនធានទឹក នារសៀលថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។ នេះបើយោងតាមក្រសួង​ធន​​ធានទឹក និងឧតុនិយម។

ឯកឧត្តម Pablo Kang បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ​លើវិស័យធនធាន​ទឹក និងឧតុនិយម ដែលក្រសួងសម្រេចបាន ក៏ដូចជាកិច្ចការបន្តដែលត្រូវ​អនុវត្តន៍ក្នុង​បេសក​កម្ម​រួមចំណែកដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ចប្រទេសកម្ពុជាបានកាន់​តែ​ប្រសើរ​ថែមទៀត។ ឯកឧត្តមឯកអគ្គរាជទូតបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី នូវការប្តេជ្ញាចិត្ត​បន្តរួមចំណែកជួយរបស់រាជរដ្ឋាភិបាលអូស្រ្តាលី ដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យ​ធនធានទឹក មានការវិវត្តរីកចម្រើនតទៅមុខ។ ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាលអូស្រ្តាលី ឯកឧត្តមឯកអគ្គរាជទូតបានបន្ថែមថា សម្រាប់ទិសដៅបន្តក្រសួងធនធានទឹក និងឧតុនិយម និង DFAT ដោយមានការគាំទ្របច្ចេកទេសពី CAVAC និង eWater នឹងពិភាក្សាគ្នាលម្អិត​បន្ថែមទៀត អំពីគម្រោងជាក់លាក់ ក្រោមជំនួយគាំទ្រពីរាជរដ្ឋាភិបាលអូស្រ្តាលី សម្រាប់​វិស័យ​ធនធានទឹកនៅកម្ពុជា ។

ឯកឧត្តម លឹម គានហោ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈ ឯកឧត្តមឯកអគ្គរាជទូត ដែលបានជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឱ្យ​មានការរីកចម្រើនជាបន្តបន្ទាប់ និងដោយឡែកសម្រាប់វិស័យធនធានទឹក ដែលជាផ្នែក មួយ​ដ៏សំខាន់ រួមចំណែកទ្រទ្រង់ដល់ការលូតលាស់សេដ្ឋកិច្ចជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាប​អំពីសមិទ្ធផល និងការងារដែលក្រសួងសម្រេចបាន និងកំពុងអនុវត្តន៍ ព្រមទាំងកិច្ចការងារចំ​ពោះមុខក្នុងក្របខ័ណ្ឌវិស័យធនធានទឹក និងឧតុនិយម ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហា​ប្រឈមក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ សំដៅធានានូវសន្តិសុខទឹក សម្រាប់បំពេញ​តម្រូវការ​ប្រើប្រាស់ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សូមបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលអូស្រ្តាលី បាន និងកំពុង​ជួយដល់កម្ពុជា លើគម្រោង CAVAC ជំហាន ១ (២០១០-២០១៥) បានអនុវត្តន៍នៅខេត្តកំពត ខេត្តតាកែវ និងខេត្តកំពង់ធំ និងគម្រោង CAVAC ជំហាន ២ (២០១៦-២០២១) កំពុងអនុវត្តន៍​នៅខេត្តតាកែវ ខេត្តកណ្តាល និងខេត្តព្រៃវែង៕

ដោយ ឡុង ស៊ីវ៉ាន់

You do not have permission to write comment on this post.

Log in Register