អ្នកនាំពាក្យក្រសួងអប់រំគូសបញ្ជាក់ថា ក្រសួងនឹងប្រកាសផ្តល់និទ្ទេសជូនបេក្ខជនប្រឡង​បាក់ឌុបក្នុងឆ្នាំនេះដូចឆ្នាំមុនៗដែរ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ –ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានគូសបញ្ជាក់ថា ​ក្រសួង​នឹងផ្តល់និន្ទេសជូនបេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប​ក្នុង​ឆ្នាំ២០២០នេះ​ ដូចជាការប្រឡងឆ្នាំមុនៗដែរ ខណៈបេក្ខជនដាក់ពាក្យប្រឡងក្នុងឆ្នាំនេះ មានជាង១២ ម៉ឺននាក់។

ឯកឧត្ដម រស់ សុវាចា បានបញ្ជាក់ឱ្យដឹង នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះថា ការប្រឡងបាក់ឌុបឆ្នាំ២០២០នេះ នឹងមាននិទ្ទេសA, B, C, D, E ដូចឆ្នាំមុនដែរ។ ប៉ុន្ដែ​ដើម្បី​រក្សាគុណភាពនៃការប្រឡង ក្រសួងអប់រំ យុវជន និងកីឡាបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន ជាមួយនឹងការអនុវត្តវិធានការសុវត្ថិ ភាពសុខភាពសម្រាប់ការប្រឡងបាក់ឌុបនៅថ្ងៃទី២១-២២ ខែធ្នូឆ្នាំ ២០២០។ ឯកឧត្ដម​បាន​បន្ដថា ក្រសួងអប់រំបានកំពុងរៀបចំលិខិតស្នើសុំបន្តកិច្ចសហការពីសំណាក់ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធដូចជា ក្រសួងមហាផ្ទៃ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហ​ព័ន្ធយុវជនកម្ពុជា ក្រសួងសុខាភិបាល។ ទន្ទឹមនេះ ចំពោះលទ្ធភាពយ៉ាងណានោះ​ក្រសួង​អប់រំ នឹងបញ្ជាក់ជូនពីការចូលរួមរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធក្រោយមានការ ឆ្លើយតប​នាពេលក្រោយ។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា “ខ្ញុំសូមអនុញ្ញាតផ្ញើសារជូនប្អូនៗសិស្សានុសិស្ស ជាពិសេសបេក្ខជនប្រឡងថា ការសម្រេចបំណងជីវិតស្ថិតនៅក្នុងកណ្តាប់ដៃរបស់ប្អូនៗ ហើយស្វ័យសិក្សា ដើរតួនាទីសំខាន់ ជាពិសេសក្នុងបរិបទកូវីដ-១៩”។ ឯកឧត្ដមបានបន្ដថា ក្រសួងអប់រំ យុវជន និងកីឡាសូមលើកទឹកចិត្តសិស្សានុសិស្សបន្តស្វ័យសិក្សា និងរៀន​សូត្រតាមអនឡាញ និងទូរទស្សន៍ជាតិកម្ពុជា ទទក២ ប្រកបដោយការ​យកចិត្តទុក​ដាក់​ខ្ពស់ក្រោមការគាំទ្រពីលោកគ្រូ អ្នកគ្រូ មាតាបិតា និងគ្រប់ភា គីពាក់ព័ន្ធដោយបន្តអនុ វត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ឯកឧត្ដមក៏បានថ្លែងអំណរគុណបុគ្គលិក​អប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ ក្រសួង-ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួមជាមួយក្រសួង មុន និងក្នុងបរិបទកូវីដ-១៩ក្នុងការត្រៀមរៀបចំដំណើរការប្រឡងបាក់ឌុបក្នុងឆ្នាំនេះ។

បើយោងតាមក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០២០ បេក្ខជនដែលដាក់ឈ្មោះចូលរួមប្រឡងបាក់ឌុបមានចំនួនសរុប ១២១ ២០១ នាក់ (កើន ៤ ១៥៨ នាក់) ស្រី ៦៣ ៩៣៧ នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រមាន ចំនួន ៤០ ៧៦៥ នាក់ (៣៣,៦៣ភាគរយ) ស្រី ២៣ ៦៣៦ នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ៨០ ៤៣៦ នាក់ (៦៦,៣៧ភាគរយ) ស្រី ៤០ ៣០១ នាក់។ ចំពោះបេក្ខជនចំណេះទូទៅ ១០២ ០៣៧ នាក់ (៨៤,១៩ភាគរយ) បេក្ខជនស្វៃរិន ១៣ ៩៩១ នាក់(១១,៥៤ភាគរយ​)​បេក្ខជនបំពេញវិជ្ជា ៣​ ២៦០ នាក់ (២,៧ភាគរយ) និងបេក្ខជនស្វៃរិន​បំពេញវិជ្ជា ១ ៩១៣ នាក់(១,៥៨ភាគរយ)។ បេក្ខជនសាធារណៈ ១១៣ ១៧៣ នាក់(៩៣,៣៨ភាគរយ) ស្រី ៥៩ ៨៣៣ នាក់ និងបេក្ខជនឯកជន ៨ ០២៨នាក់ (៦,៥៧ភាគរយ) ស្រី ៤ ១០៤ នាក់។

បើតាមក្រសួងអប់រំបានបន្ថែមថា ក្នុងចំណោមបេក្ខជនដាក់ចូលរូមប្រឡង ទាំង​អស់​មានបេក្ខជនជ្រើសរើសភាសាអង់គ្លេសចំនួន ១២០ ៦០៥ នាក់ (៩៩,៥១ភាគរយ) ស្រី ៦៣ ៦៣២ នាក់ និងបេក្ខជនជ្រើសរើសភាសាបារាំងចំនួន៥៩៦នាក់ (០,៤៩ភាគរយ)​ស្រី​៣១៧នាក់។ សម្រាប់មណ្ឌលប្រឡងទៅទាំងប្រទេសមានចំនួន២៣៧មណ្ឌល (កើន​៣៥មណ្ឌល) និងចំនួនបន្ទប់ប្រឡងចំនួន ៤ ៨៩១ បន្ទប់ (កើន១៦៧បន្ទប់) ក្នុងនោះ ថ្នាក់​វិទ្យាសាស្ត្រ មាន៨២មណ្ឌល (កើន៧មណ្ឌល) ១ ៦៥១ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រ សង្គម មាន​១៥៥មណ្ឌល (កើន២៨មណ្ឌល) ៣ ២៤០ បន្ទប់៕

ដោយ ប៊ុនរិទ្ធ

You do not have permission to write comment on this post.

Log in Register