ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាថា ការផ្តល់សេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានភាពល្អប្រសើរ

Please log in or register to like posts.
ព័ត៌មាន

AKP  ខេត្តសៀមរាប  ថ្ងៃទី២៩ ខែកញ្ញា  ឆ្នាំ២០២០ — ឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅល្ងាចថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២០នេះ បានធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់ពីការផ្តល់សេវាសុខាភិបាល និងពិនិត្យមើលទីតាំងសម្រាប់សាងសង់អគារនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងថា នៅក្នុងឱកាសធ្វើទស្សនកិច្ចនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ ឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានបង្ហាញពីការសប្បាយចិត្ត និងកោតសរសើរចំពោះការផ្តល់សេវាសុខាភិបាលនៅក្នុងមន្ទីរពេទ្យបង្អែកនេះជូនប្រជាពលរដ្ឋមានការល្អប្រសើរ បើទោះ បីអ្នកជំងឺមកសម្រាកនៅក្នុងមន្ទីរពេទ្យនេះច្រើន ប៉ុន្តែការផ្តល់សេវា និងការព្យាបាលគឺមានប្រសិទ្ធភាពដូចគ្នា។ 

ឯកឧត្តម ឯកអគ្គរាជទូតថា ឯកឧត្តមនិងខិតខំជួយមន្ទីរពេទ្យនេះបន្តទៀត តាមរយៈកិច្ចសហការរបស់មន្ទីរសុខាភិបាលខេត្តសៀមរាប និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។ ខណៈបច្ចុប្បន្ននេះ ជប៉ុនបានជួយសាងសង់អគារសង្គ្រោះបន្ទាន់ និងវះកាត់ដ៏ទំនើបមួយមានកម្ពស់៤ជាន់ដែលនៅក្នុងអគារនេះមានបន្ទប់វះកាត់ដ៏ទំនើបចំនួន៦បន្ទប់ ហើយអគារនេះគ្រោងសាងសង់នៅដើមឆ្នាំ២០២១ប្រសិនជាគ្មានការប្រែប្រួលទេនោះ។

ជាមួយគ្នានេះលោក ក្រុស សារ៉ាត់ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុនដែលបានជួយដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយជំនួយទាំងនេះ និងជួយដល់ប្រជាពលរដ្ឋច្រើនដែលមានជំងឺព្រោះថា នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មិនត្រឹមតែអ្នកខេត្តសៀមរាបទេដែលមកសម្រាក់ព្យាបាលជំងឺ គឺមានប្រជាពលរដ្ឋមកពីបណ្តាខេត្តផ្សេងៗជុំវិញជាច្រើបានមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យនេះផងដែរ៕

ដោយ ឃុត សៅ

You do not have permission to write comment on this post.

Log in Register