ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នឹងយាងទៅពិនិត្យ-ព្យាបាលព្រះរាជសុខភាព នៅប្រទេសចិន នៅថ្ងៃស្អែក

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ — ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ នឹងយាងទៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព។ នេះបើយោងតាមព្រះរាជសាររបស់ ព្រះករុណា ព្រះមហាក្សត្រ ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ទទួលបាននៅរសៀលថ្ងៃនេះ។

ព្រះរាជសារក៏បានបញ្ជាក់ថា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយព្រះមហាក្សត្រក្នុងឋានៈជាប្រមុខរដ្ឋស្តីទី បន្ទាប់ពីព្រះមហាក្សត្រ អវត្តមាននៅក្នុងប្រទេស។

ឆ្លៀតឱកាសនេះ ព្រះករុណា ព្រះមហាក្សត្រ ក៏បានថ្វាយព្រះពរសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំទាំងបីស្ថាប័ន និងជនរួមជាតិខ្មែរ សូមជួបតែពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ផែន រតនៈ

You do not have permission to write comment on this post.

Log in Register