រដ្ឋមន្រ្ដីក្រសួងព័ត៌មានជំរុញលើកទឹកចិត្តឱ្យបងប្អូននារី ត្រូវមានទំនុកចិត្តខ្ពស់លើខ្លួនឯង ត្រូវចេះជួយគ្នាទៅវិញទៅមក ដើម្បីជំរុញតួនាទីនារី ក្នុងកិច្ចការងារ

Please log in or register to like posts.
ព័ត៌មាន

AKP កំពង់ឆ្នាំង ថ្ងៃទី០៦ ខែតុលា​ ឆ្នាំ២០២០ –ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានជំរុញលើក​ទឹក​ចិត្ត​ឱ្យបងប្អូននារី ត្រូវមាន​ទំនុកចិត្តខ្ពស់លើខ្លួនឯង ត្រូវចេះជួយគ្នាទៅវិញទៅមក មានស្មារតី​ជា​ក្រុម មានចិត្តទូលាយ ពិសេសបង្កើនសមត្ថភាពជំនាញបានកាន់តែល្អប្រសើរ ដើម្បីជំរុញ​តួនាទីរបស់នារី ក្នុងកិច្ច​ការងារ តូច ធំ បានរលូនទៅមុខ។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងពិធីបើក​សិក្ខាសាលាផ្សព្វផ្សាយអំពីសមិទ្ធផលនិងផែនការសកម្មភាព ឆ្លើយតបនឹងអនុសាសន៍ របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង​ការអនុវត្តគោលនយោបាយសមភាពយេនឌ័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយថ្នាក់ក្រោមជាតិ ដែល​រៀបចំឡើងដោយក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ នាសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានមានប្រសាសន៍ថា សិក្ខាសាលា នេះគឺស្របទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាល  ក្នុងការយកចិត្តទុកដាក់លើកស្ទួយតម្លៃស្រ្តី​ខ្មែរ ក្នុងសង្គមជំរុញការអភិវឌ្ឍស្ត្រីលើគ្រប់ផ្នែកលុបបំបាត់រាល់ទស្សនៈ ឬឥរិយាបថរើស​អើង​ចំពោះស្រ្តី សំដៅបង្កើនការចូលរួមដ៏សកម្មរបស់ស្ត្រី ក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈ​ការបន្តលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិរបស់ស្រ្តី សំដៅបង្កើនតួនាទីរបស់ស្ត្រីក្នុង​វិស័យ​សេដ្ឋកិច្ច តាមរយៈកម្មវិធីបណ្តុះបណ្តាលបំពាក់បំប៉នជំនាញបច្ចេកទេស ការផ្តល់ឱកាសការ​ងារ​ធ្វើ។ ជាក់ស្តែងនៅពេលដែល ក្រសួង ស្ថាប័នរដ្ឋ ប្រឡងជ្រើសរើសមន្រ្តីចូលបម្រើការងារ គឺ ៥០ ភាគរយ សម្រាប់ស្រ្តី តែបើមិនបានក៏ត្រឹម ៣០ ភាគរយដែរ ហើយសម្រាប់ថ្នាក់ដឹកនាំ នៅតាមអង្គភាព ក៏ត្រូវមាននារីកាន់តូនាទីផងដែរ។ ឯកឧត្ដមបានជំរុញដល់ថ្នាក់ដឹកនាំ មន្រ្តី​រាជការទាំងអស់ក្នុងមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ត្រូវបង្កើនស្មារតីសាមគ្គីភាពផ្ទៃក្នុង មាន​យុត្តិធម៌ និងមានវិន័យក្នុងការងារ មានស្មារតីធ្វើការជាក្រុម។ ជាមួយគ្នានេះ មន្រ្តីព័ត៌មាន ត្រូវ​ដឹងថាខ្លួនត្រូវដឹងថាអ្វីខ្លះនៅក្នុងខេត្ត ដោយមិនត្រូវអង្គុយចាំតែគេប្រើនោះទេ ត្រូវដឹង និង​រាយការណ៍ជាប្រចាំទៅអភិបាលរងខេត្ត ដែលទទួលការងារព័ត៌មាន ដើម្បីឱ្យគណៈអភិបាល ខេត្តបានដឹង និងដើម្បីមានវិធានការដោះស្រាយបានទាន់ពេលវាលា។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា មន្រ្ដីព័ត៌មាន ត្រូវមានទំនាក់ទំនងល្អ គ្រប់ក្រសួង ស្ថាប័ន ជុំវិញខេត្ត ហើយអ្នកដែលធ្វើទំនាក់ទំនងបានល្អគឺ​បង​ប្អូននារី នេះតែម្តងដែល​អាច​ជួយ​ដល់ប្រធានមន្ទីរ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា ការងារមន្ទីរព័ត៌មានគឺធ្វើយ៉ាង​ណា​ឱ្យប្រជាជនបានយល់មានអារម្មណ៍ស្ងប់ ហើយមានការ​ឆ្លើយតមទៅនឹងសំណួររបស់ប្រជាជន ហើយនៅពេលដែលយើងបានផ្សព្វផ្សាយបានគ្រប់ជ្រុងជ្រោយនៃបញ្ហាទាំងនោះ។

ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ដើម្បីលើកកម្ពស់​សម​ភាពយេនឌ័រ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការជាក់លាក់ ជាច្រើនក្នុងការ​បញ្ជ្រាប​​យេនឌ័រ និងបង្កើតនូវតួនាទីស្ត្រី ក្នុងការធ្វើសេចក្តីសម្រេច រួមទាំងការបញ្ចូលទៅក្នុង​ច្បាប់ យុទ្ធសាស្ត្រ និងកម្មវិធីនយោបាយ ដែលកិច្ចខិតខំប្រឹងប្រែងទាំងនេះ បាននាំមកនូវការ​កើន​ឡើង​ជាបណ្តើរៗនូវសមាមាត្រស្ត្រី ជាថ្នាក់ដឹកនាំទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ឯកឧត្ដមបានបន្ដថា សម្រាប់ខេត្តកំពង់ឆ្នាំង ស្ត្រីជាថ្នាក់ដឹកនាំមាននៅគ្រប់ថ្នាក់ ខេត្ត ស្រុក និងឃុំ សង្កាត់។

សូមបញ្ជាក់ថា សម្រាប់សិក្ខាកាមដែលចូលរួមក្នុងសិក្ខាសាលានេះ គឺជាអ្នកកំពុង​បម្រើ​ការងារក្នុងវិស័យព័ត៌មាន និង​សោតទស្សន៍នៅថ្នាក់ក្រោមជាតិ មកពីខេត្តពោធិ៍សាត់ កំពង់​ចាម រាជធានី ភ្នំពេញ ព្រៃវែង និងខេត្តកំពង់ឆ្នាំង។ ចំពោះប្រធានបទនៃសិក្ខាសាលានេះ គឺ​បាន​​លើកឡើងអំពីសមិទ្ធផលទាំងឡាយ ដែលសម្រេចបានកន្លងមក ក្នុងការអនុវត្តគោល​នយោបាយសមភាពយេនឌ័រក្រោមអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទនៅប្រទេសកម្ពុជា ហៅកាត់ថា CEDAW ដែលសំដៅការពារសិទ្ធិជាមូលដ្ឋាន​របស់​នារី និងកសាងផែនការសកម្មភាពបន្តអនុវត្តន៍៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា

You do not have permission to write comment on this post.

Log in Register