ប្រមុខរាជរដ្ឋាភិបាល អរគុណប្រជាពលរដ្ឋកម្ពុជាជាង១៦លាននាក់ដែលបានចូលរួម ថែរក្សាសន្តិភាព មិនលុះតាមការញុះញុងពីពួកឧក្រិដ្ឋជន

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែង​នូវការអរគុណចំពោះប្រជាពលរដ្ឋកម្ពុជា ជាង១៦លាននាក់ដែលបានចូលរួមថែរក្សា សន្តិភាព មិនលុះទៅតាមការញុះញុងពីពួកឧក្រិដ្ឋជនពីខាងក្នុងនិងក្រៅប្រទេសនោះ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ដែលមាន​ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ សម្ដេច​តេជោ ហ៊ុន សែន បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គមឱ្យខាងតែបាន ដោយធ្វើយ៉ាងណាកុំ​ឱ្យប្រទេសជាតិធ្លាក់ទៅក្នុងភាពចលាចល ទោះបីតម្លៃណាក៏ដោយ។ ដូច្នេះប្រជាពលរដ្ឋ និងព្រះសង្ឃត្រូវបន្តថែរក្សាសន្តិភាព។ ជាមួយការលើកឡើងរបស់មនុស្សខ្លះ ដែលលើក ឡើងថា កម្ពុជាអត់មានសន្តិភាពផ្លូវចិត្ត សម្តេចតេជោថ្លែងថា បើធ្វើខុសច្បាប់គឺត្រូវ តែរស់​នៅភ័យខ្លាចហើយ។ បើធ្វើខុសច្បាប់គឺច្បាប់ត្រូវតែមានវិធានការច្បាប់។ សម្ដេច​តេជោ​​បាន​បន្ដថា បើចង់មានសន្តិភាពផ្លូវចិត្តកុំធ្វើខុសច្បាប់ទៅបានហើយ។ សម្ដេចតេជោក៏​បាន​គូសបញ្ជាក់ថា ដើម្បីការពារប្រជាពលរដ្ឋប្រមាណ ១៦ លាននាក់សម្តេចបានធ្វើគ្រប់បែប​យ៉ាងដើម្បីសន្តិភាព។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងរម្លឹក និងដាស់តឿនប្រជាពលរដ្ឋថា សុខសន្តិភាពគឺជាកត្តាធំបំផុតសម្រាប់កម្ពុជា ដែលសម្តេចបានប្រឹងប្រែងរកសុខ សន្តិភាព ក្នុងការបញ្ចប់ជម្លោះប្រដាប់អាវុធពីច្រើនភាគី មកមានរាជរដ្ឋាភិបាលតែមួយនឹងកម្លាំង​ប្រដាប់អាវុធតែមួយ។

គួរបញ្ជាក់ដែរថា មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ គឺជាលំដាប់អន្តរជាតិលើក ដំបូង​​នៅ​ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលវិនិយោគទឹកប្រាក់រហូតទៅដល់៨៥លានដុល្លារ​អាម៉េរិក។ មជ្ឈមណ្ឌលកម្សាន្តនេះ គ្របដណ្តប់លើផ្ទៃដីទំហំ ជាង ១៣ហិកតា ជាមួយ​គម្រប​រុក្ខជាតិបៃតងចំនួន ៨៨ភាគរយ។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» មាន​គម្រោង​កម្សាន្តដូចជា ការកម្សាន្តបែបផ្សងព្រេង រំភើប កក់ក្តៅ និងពោរពេញដោយមនោ​ស​ញ្ចេតនា។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ក៏មានកងវិលកម្ពស់ ៨៨ម៉ែត្រ ដែល​ប្រៀបដូចជាភ្នែកនៃទីក្រុងភ្នំពេញ រួមជាមួយពិភពទឹកកម្សាន្តព្រីនស៍ ដែលមានទំហំ​ប្រមាណ ១ហិកតា ទីវាលប្រណាំងឡានប្រកបដោយស្តង់ដារ និងសួនរុក្ខជាតិអេកូឡូ​ស៊ីជាដើម។ ជាមួយគ្នានេះ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» មានសេវាកម្ម​កម្សាន្ត​ដូចជា ឧបករណ៍ជិះទម្លាក់ កៅអីវិលហោះហើរ សេះវិល ទូកចោរសមុទ្រ រថយន្តបុកគ្នា ឌីស្កូក្រឡាប់ចាក់ រថយន្តប្រណាំង កន្ត្រកវិល និងសួនទឹកជាដើម។ ក្រៅតែពីផ្តល់នូវការ​កម្សាន្ត​ដ៏សម្បូរបែបហើយនោះ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ​ដែលវិនិយោគ​ដោយក្រុមហ៊ុន​ចិននេះ ក៏បានរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែររហូតដល់ ប្រមាណ ១៩០នាក់ផងដែរ៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register