អភិបាលស្រុកបន្ទាយស្រី លើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ចាប់យកមុខរបរចិញ្ចឹមសត្វពពែ ចៀម និងជ្រូកកណ្តុរ ដើម្បីឱ្យក្លាយទៅជាសាច់ និងម្ហូបប្រចាំតំបន់

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ — លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប​ បាន​ឱ្យដឹងកាល ពីចុងសប្តាហ៍ថា ស្រុកបន្ទាយស្រី គឺជាតំបន់ខ្ពងរាប តំបន់ភ្នំ ដូចនេះ បើប្រជាជនធ្វើស្រែ ចិញ្ចឹមត្រី យើងមិនសូវមាន​ទឹកគ្រប់គ្រាន់នោះទេ ប៉ុន្តែបើបងប្អូនងាកមកធ្វើការងារបែបចម្ការ ចិញ្ចឹមសត្វដូចជា ពពែ ចៀម និងជ្រូកកណ្តុរ វាមាន​លក្ខណៈត្រូវ និងសមស្រប ព្រោះការងារទាំងនេះមិនទាមទារទឹកច្រើន។

លោកអភិបាលស្រុកគិតថា បើបងប្អូនប្រជាពលរដ្ឋងាកមកធ្វើចម្ការ ចិញ្ចឹមសត្វនេះ ឱ្យទៅជាកសិទេសចរណ៍ គឺអាចមាន​ផលចំណេញច្រើនជាង ព្រោះថា ការងារចិញ្ចឹម សត្វទាំងនេះស័ក្តិសមនឹងភូមិសាស្រ្តផង និងអាចទាញយកចំណូលពីភ្ញៀវទេសចរមក ទស្សនាផង និងពីការលក់សត្វទាំងនេះផង។ ជាពិសេសនោះ ក៏អាចបង្កើតឱ្យមានសាច់ ឬម្ហូប ប្រចាំតំបន់ដែរ ឧទាហរណ៍ថា ភ្ញៀវទេសចរដែលមកកម្សាន្តនៅបន្ទាយស្រី គឺគេបានទទួល ទានមុខម្ហូបប្លែកៗប្រចាំតំបន់នេះ ដែលធ្វើពីសាច់ពពែ ចៀម និងជ្រូកកណ្តុរជាដើម។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា បច្ចុប្បន្ននេះ នៅក្នុងស្រុកបន្ទាយស្រីមាន កន្លែងចិញ្ចឹមពពែ និងជ្រូកកណ្តុរខ្លះហើយ លោកអភិបាលក៏បានលើទឹកចិត្តប្រជាពលរដ្ឋ ចាប់យកមុខរបរចិញ្ចឹមសត្វ ពពែ ចៀម និងជ្រូកកណ្តុរនេះ ដើម្បីឱ្យក្លាយទៅជាសាច់ និងម្ហូប ប្រចាំតំបន់ ខណៈនេះ យើងមានអង្គការដៃគូដែលអាចសហការគ្នាជួយខាង បច្ចេកទេសចិញ្ចឹមពពែ និងមានការផ្តល់ពូជមួយចំនួនផងដែរ។

លោក ចាន់ វិចិត្រ នាយកប្រតិបត្តិអង្គការគោសប្បុរសដើម្បីកម្ពុជា បានឱ្យដឹងដែរថា បើសិនជាប្រជាពលរដ្ឋនៅស្រុកបន្ទាយស្រីនេះ ងាកមកចង់ចិញ្ចឹមពពែ អង្គការរបស់លោក នឹងជួយផ្តល់បច្ចេកទេសក្នុងការចិញ្ចឹម និងផ្តល់កូនពពែទៅតាមដែលអាចធ្វើបាន៕

ដោយ ឃុត សៅ

You do not have permission to write comment on this post.

Log in Register