តំបន់ខ្លះនៃក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កំពុងជន់លិច អាជ្ញាធរកងកម្លាំងប្រដាប់អាវុធ​បន្តចុះជួយ និងចែក​អំណោយដល់ប្រជាពលរដ្ឋរងគ្រោះ​

Please log in or register to like posts.
ព័ត៌មាន

AKP បន្ទាយមានជ័យ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ —

តំបន់ខ្លះនៃក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី នៃខេត្តបន្ទាយមានជ័យ កំពុង ទទួលរង​គ្រោះដោយការជន់លិចពីជំនន់ទឹកភ្លៀង ដែលហូរធ្លាក់មកពីព្រំដែនកម្ពុជា-ថៃ និងពី ខេត្តបាត់​ដំបងតាមស្ទឹងបវេលមង្គលបូរី អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធបានចុះអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព។

ក្នុងដំណើរចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងចែកអំណោយប្រជាពលរដ្ឋរងគ្រោះ​នៅក្នុងស្រុកមង្គលបូរី ជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការ ជាតិ​គ្រប់គ្រងគ្រោះមហន្តរាយកាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យឱ្យដឹងថា នៅក្នុងស្រុកមង្គលបូរី គឺឃុំសឿ និងឃុំចំណោម ទទួលរងគ្រោះ​ទឹកជន់លិចខ្លាំងប្រជាពលរដ្ឋប្រមាណមិនតិចជាង៤០០គ្រួសារ បានរងការ លិចលង់ផ្ទះសម្បែង​ហើយមានប្រមាណជាង២០០គ្រួសារត្រូវបាន ជម្លៀសមកកាន់ទីទួល សុវត្ថិភាព។ នៅក្រុងសិរី​សោភ័ណអាជ្ញាធរមូលដ្ឋាន រួមទាំងកងកម្លាំងប្រដាប់អាវុធ ក៏បានចុះអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋ​រស់នៅតាមដងស្ទឹង ដែលរងការលិចលង់ខ្លាំងនៅ សង្កាត់ព្រះពន្លា, អូរអំបិលចំនួនជាង៤០​គ្រួសារមកកាន់ទីទួលសុវត្ថិភាព។

អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី ក៏បានអំពាវនាវទៅកាន់​ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតដោយសារក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះស្ថានភាពទឹកបាន និងកំពុងហូរធ្លាក់មកពីព្រំដែន កម្ពុជា-ថៃ(មានការបើក ទំនប់អាងអូខៃដនក្រុងប៉ោយប៉ែត) និងទឹកធ្លាក់មកពីខេត្តបាត់ដំបងតាមស្ទឹងបវេលមង្គលបូរី ធ្វើឱ្យស្ថានភាពទឹកមានការកើនឡើងគួរឱ្យព្រួយបារម្ភ ​ នៅភូមិសាស្រ្តមួយផ្នែកនៃ ក្រុងសិរីសោភ័ណ និងឃុំមួយចំនួន ក្នុងស្រុកមង្គលបូរី ដែលនៅជាប់តាមដងស្ទឹងមង្គលបូរី និងកន្លែងផ្សេងៗទៀតផ្នែកខាងក្រោម។

ឯកឧត្តមបន្ថែមទៀតថា សូមប្រជាពលរដ្ឋត្រូវបង្កើនការយកចិត្តទុកដាក់ប្រុង ប្រយ័ត្នខ្ពស់ បើមានបញ្ហាអ្វីកើតឡើងត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យ បានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យដើម្បីជៀសវាងកើតមានជំងឺតម្កាត់ផ្សេងៗ។

ជាមួយនេះដែរ នៅព្រឹកថ្ងៃទី១៣ ខែតុលានេះ អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តបន្ទាយ មានជ័យ ដែលដឹកនាំដោយឯកឧត្តម ប៉ាល់ សំអឿន រួមនឹងមន្ត្រីក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្ត​​បន្ទាយមានជ័យ បាននាំយកអំណោយសង្គ្រោះបន្ទាន់ទៅចែកជូនដល់បងប្អូនប្រជា ពលរដ្ឋចំនួន២៩គ្រួសារ ដែលរងគ្រោះដោយ ទឹកជំនន់លិចលង់ផ្ទះសម្បែងមកនៅទីទួល សុវត្ថិភាពក្នុងសង្កាត់ព្រះពន្លា និងសង្កាត់អូរអំបិល ក្នុងក្រុងសិរីសោភ័ណ​៕

ដោយឈុនសារ៉ាត

You do not have permission to write comment on this post.

Log in Register