សម្ដេចតេជោ ហ៊ុន សែន៖ អាទិភាពរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ថ្នាក់ គឺត្រូវសង្គ្រោះប្រជាពលរដ្ឋឱ្យចេញផុតពីតំបន់រងគ្រោះជាមុនសិន

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ —  ក្នុងខណៈអញ្ជើញជួបប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ហើយត្រូវបានដឹកជញ្ជូនមកកាន់ទួលសុវត្ថិភាព ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នារាត្រីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២០នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  មានប្រសាសន៍ថា អាទិភាពរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ថ្នាក់ក្នុងពេលនេះ គឺត្រូវសង្គ្រោះប្រជាពលរដ្ឋឱ្យចេញផុតពីតំបន់រងគ្រោះជាមុនសិន ហើយសម្ដេចក៏បានស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តបន្ទាយមានជ័យ បន្តការយកចិត្តទុកដាក់ តាមដានទៅលើការវិវត្តន៍របស់ចរន្តទឹកដែលហូរចូលផងដែរ។

សម្ដេចតេជោ ថ្លែងថា អ្វីដែលហៅថាការប្រែប្រួលអាកាសធាតុវាលំបាកណាស់។ ការខូចខាតដោយគ្រោះទឹកជំនន់មិនទាន់បានបូកសរុបនៅឡើយទេ ព្រោះអាទិភាពរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ថ្នាក់ក្នុងពេលនេះ គឺត្រូវសង្គ្រោះប្រជាពលរដ្ឋឱ្យចេញផុតពីតំបន់រងគ្រោះជាមុនសិន នេះជាបញ្ហាសំខាន់។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបន្តអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទយកចិត្តទុកដាក់ ទីមួយៈ គឺជម្លៀសប្រជាជននៅតំបន់ដែលរងគ្រោះដោយទឹកជំនន់ ទៅកាន់តំបន់ដែលមានសុវត្ថិភាព។ ទីពីរៈ បន្ទាប់ពីទឹកស្រកស្នើឱ្យអាជ្ញាធរគ្រប់ថ្នាក់ ជួយសម្រួលដឹកជញ្ជូនប្រជាជនទៅកាន់លំនៅឋានវិញ និង ទីបីៈ ត្រូវយកចិត្តទុកដាក់ ក្នុងការជួយផ្គត់ផ្គង់ស្បៀងអាហារ និងជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋ ប្រសិនបើមាន ហើយប្រជាពលរដ្ឋក៏ត្រូវរក្សាអនាម័យសុខភាពខ្លួនឯងផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋទាន់ពេលវេលា និងអរគុណសប្បុរសជននានា ដែលបានចូលរួមវិភាគទានជាថវិកា ដែលមកដល់ពេលនេះមានចំនួនជាង ៦លានដុល្លារអាម៉េរិក ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញ នូវការសង្ឃឹមនិងជឿជាក់ថា ខ្មែរ និងជម្នះបាននូវឧបសគ្គដែលនៅចំពោះមុខ ហើយបន្តរួមគ្នាប្រយុទ្ធ នឹងជំងឺកូវីដ-១៩ផង រួមគ្នាប្រយុទ្ធជាមួយនឹងគ្រោះមហន្តរាយធម្មជាតិ ជាទឹកជំនន់ផង និងរួមគ្នាស្ដារឡើងវិញប្រទេសជាតិ ក្រោយទឹកជំនន់ និងក្រោយជំងឺកូវីដ-១៩៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register