ព្រះករុណាព្រះមហាក្សត្រ កោតសរសើរសម្ដេចតេជោ ហ៊ុន សែន ដែលមានវិធានការដោះស្រាយទាន់ពេលវេលា ក្នុងការសង្គ្រោះប្រជាពលរដ្ឋពីជំនន់ទឹកភ្លៀង

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ — ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការកោតសរសើរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលមានវិធានការដោះស្រាយទាន់ពេលវេលា ក្នុងការសង្គ្រោះប្រជាពលរដ្ឋពីជំនន់ទឹកភ្លៀង ពិសេសការជម្លៀសបងប្អូនប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះ ទៅកាន់ទីតាំងសុវត្ថិភាពនោះ។

នៅក្នុងព្រះរាជសារលិខិតចុះថ្ងៃទី ១៦ខែតុលាឆ្នាំ២០២០ របស់ព្រះករុណាព្រះមហាក្សត្រ ផ្ញើជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានមានព្រះរាជបន្ទូលថា “ខ្ញុំមានសេចក្តីរំជួលហឫទ័យជាខ្លាំង ដោយបានទទួលដំណឹងអំពីបងប្អូន កូនចៅ នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនត្រូវទទួលរងគ្រោះ ដែលបង្កឡើងដោយជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃមកនេះ បណ្តាលឱ្យមានការបាត់បង់ជីវិត និងខូចខាត ទ្រព្យសម្បត្តិ។ ខ្ញុំសូមចូលរួមរំលែកទុក្ខលំបាកជាមួយបងប្អូនប្រជារាស្ត្រនៅទូទាំងប្រទេស”។ ព្រះអង្គសូមកោតសរសើរនូវភាពឈ្លាសវៃ និងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសម្តេចអគ្គមហាសេនា បតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានវិធានការជួយដោះស្រាយទាន់ពេលវេលា ជម្លៀសបងប្អូនប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះ ទៅកាន់ទីតាំងសុវត្ថិភាពនានា។ព្រះអង្គបន្តថា ខ្ញុំ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក៏បានប្រទានព្រះរាជអំណោយជូនដល់បងប្អូនរងគ្រោះមួយចំនួន តាមរយៈ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងជាបន្តបន្ទាប់ផងដែរ។

ព្រះអង្គក៏សូមជូនពរដល់បងប្អូន កូនចៅប្រជារាស្ត្រកម្ពុជាទាំងអស់ បានរួចផុតពីគ្រោះមហន្តរាយ ធម្មជាតិខាងលើនេះ និងសូមមេត្តាការពារ និងថែរក្សាសុខភាពឱ្យបានល្អ កុំឱ្យមានជំងឺឈឺថ្កាត់ ផ្សេងៗ។ ជាមួយគ្នានេះ ព្រះអង្គក៏សូមប្រសិទ្ធពរដ៏ល្អបវរ មហាប្រសើរ ជូន សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋ មន្ត្រី និងសមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃរាជរដ្ឋាភិបាលកម្ពុជា សូមទទួលបានមហាជោគ ជ័យថ្មីៗទៀត និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ដោយឡែកក្នុងលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ចុះថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០ ក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា បពិត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ជាបឋមក្នុងនាមសមាជិក សមាជិកានៃរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋគ្រប់រូប ព្រមទាំង ទូលព្រះបង្គំជាខ្ញុំ សូមថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្សរីករាយជាអតិបរមាថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេ ទ្រង់ស្ដេច សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវព្រះរាជអំណោយ ជាបន្តបន្ទាប់ជួយសម្រាលនូវទុក្ខលំបាកដល់ ប្រជាពលរដ្ឋជាកូន ជាចៅរបស់ព្រះអង្គ ក្នុងគ្រាជួបហានិភ័យដ៏ធ្ងន់ធ្ងរដោយគ្រោះធម្មជាតិ ទឹកជំនន់ប៉ះពាល់ ដល់បណ្តាខេត្តមួយចំនួន និងរាជធានីភ្នំពេញ។ សម្ដេចតេជោបានបន្តថា តបចំពោះព្រះរាជកាយវិការប្រកបដោយព្រះព្រហ្មវិហារធម៌ ព្រះទសពិធរាជធម៌ ព្រមទាំងមនុស្សធម៌ ដ៏មហាត្រជាក់ត្រជំត្រចះត្រចង់នេះ ជាថ្មីម្តងទៀត ទូលវព្រះបង្គំយើងខ្ញុំគ្រប់រូប សូមថ្លែងអំណរព្រះរាជគុណ ជាអនេកប្បការ និងសូមលំឱនកាយថ្វាយនូវព្រះសព្វសាធុការពរបវរមហាប្រសើរ សូមព្រះករុណា ជាអម្ចាស់ ជីវិតលើត្បូងជាទីគោរពសក្ការៈ និង សម្តេចព្រះមហាក្សត្រី ព្រះវរមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេទ្រង់ស្ដេចព្រះប្រកប ដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈ ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូ កតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំ៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register