បទវិចារណកថា៖ រឿងពិតក្នុងប្រវត្តិ នៃដំណើរការស្វែងរកសន្តិភាពនៅកម្ពុជាដែលយើងគួរតែដឹង

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០–ថ្ងៃនេះគឺជាខួបលើកទី២៩ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០២០) ដែលប្រជាពលរដ្ឋជាទូទៅដឹងថា គឺជាឫសមួយផ្នែកធំនៃដំណើរការសន្តិភាពនៅក្នុងប្រទេសកម្ពុជា ក្រោយពេលដែលសង្រ្គាមស៊ីវិលបានផ្ទុះឡើងនៅក្នុងប្រទេស ក្រោយព្រឹត្តិការណ៍នៃរដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ថ្ងៃនេះគ្រាន់តែជាទំព័រដើមមួយនៃដំណើរការសន្តិភាពនៅកម្ពុជាប៉ុណ្ណោះ ។

តាមការសិក្សាអំពីប្រវត្តិសាស្រ្តនៅក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ក្រុមការងារនៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) សូមអនុញាតចូលរួមអបអរនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត (២៣ តុលា) មួយនេះ ហើយក៏ចង់ចូលរួមចែករំលែកបន្តិចបន្តួច សម្រាប់ជាទុននៅក្នុងការស្វែងយល់អំពីដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ដែលជាប្រភពចំបងនៃការអភិវឌ្ឍ និងវឌ្ឍនភាពរបស់សង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ ។

កាលពី២៩ ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយ សម្តេចព្រះនរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាននិងក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) ដែលតំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីដែលមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។

ពាក់ព័ន្ធនឹងកិច្ចព្រមពៀងនេះ ម្ចាស់ហត្ថលេខីគឺមាន៤ ភាគី ប៉ុន្តែវាផ្តួចផ្តើមឡើងដោយតួអង្គសំខាន់តែពីរ រូបទេ គឺ សម្តេចតេជោ ហ៊ុន សែន និង អតីតព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រនៃកម្ពុជា ដែលកាលនោះព្រះអង្គកំពុងតែគង់និទេសខ្លួននៅបរទេសនៅឡើយទេ ។

គេចាំបានថា មុននឹងឈានដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីសនេះ គឺមានការជួបពិភាក្សាដំបូងបំផុតរវាងសម្តេចតេជោ ដែលកាលនោះសម្តេចមិនទាន់ទទួលគោរមងារនេះនៅឡើយទេ ជាមួយអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOISប្រទេសបារាំង ដែលការចរចានេះមានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះនរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ១៩៨៧)។ បន្ទាប់មកក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។

នេះគឺជាសក្ខីភាពមួយ ដែលគេអាចនឹងដឹងនូវឫសគល់ នៃដំណើរការស្វែងរកសន្តិភាពនៅក្នុងប្រទេសកម្ពុជា ក្រោយពេលដែលប្រទេសត្រូវបានហែកហួរដោយសង្រ្គាមស៊ីវិល ដែលធ្វើឱ្យបាត់បង់អាយុជីវិតពលរដ្ឋស្លូតត្រង់ជាច្រើននាក់ ជាពិសេសគឺរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថា របបខ្មែរក្រហម ឬរបបប្រល័យពូជសាស្រ្តដែលបានសម្លាប់ប្រជាពលរដ្ឋអស់ប្រមាណជាង ៣ លាននាក់ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ​១៩៧៩ ។ ហើយក៏នៅបន្តហែកហួរគ្នាជាបន្តដោយក្រុមអ្នកនយោបាយ ដែលមាននិន្នាការខុសៗគ្នា ជាច្រើនភាគី រហូតដល់ចុងឆ្នាំ​១៩៩៨។

តាមប្រវត្តិសាស្រ្តយើងដឹងថា ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នេះក៏ដោយ ក៏សង្រ្គាមស៊ីវិលនៅកម្ពុជានៅបន្ត ដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) ដែលជាហត្ថលេខីមួយនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនេះដែរ ។ ក្រោយកិច្ចព្រមព្រៀងនេះ អង្គការសហប្រជាជាតិបានបញ្ជូនកម្លាំងរក្សាសន្តិភាពមកកម្ពុជា ហើយបានរៀបចំការបោះឆ្នោតមួយ នៅឆ្នាំ១៩៩៣  រហូតកម្ពុជាមានរដ្ឋាភិបាលមួយដែលមានការទទួលស្គាល់ ហើយអង្គការសហប្រជាជាតិក៏ប្រកាសពីជោគជ័យ នៃដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ប៉ុន្តែការបោះឆ្នោតនេះគឺមានតែបីភាគីប៉ុណ្ណោះដែលចូលរួម ដោយភាគីកម្ពុជាប្រជាធិបតេយ្យនៅតែបន្តមានអង្គការចាត់តាំងនយោបាយ យោធា និងសេដ្ឋកិច្ច នៅផ្នែកខ្លះនៃកម្ពុជាដដែល ទោះបីមិនធំទូលាយ ហើយត្រូវបានគេចាត់ទុកថាជាអង្គការចាត់តាំងនយោបាយខុសច្បាប់មួយក៏ដោយ។

នៅក្នុងដំណាក់កាលនោះ កម្លាំងនយោបាយស្របច្បាប់ទាំងអស់នៅក្នុងរដ្ឋាភិបាលដែលមានការទទួលស្គាល់ គឺមានចលនានយោបាយប្រណាំងប្រជែងគ្នាដណ្តើមប្រជាប្រិយភាពតាមបែបប្រជាធិបតេយ្យផង និងតាមបែបកសាងកម្លាំងប្រដាប់អាវុធផង ដែលនរណាក៏ដឹងនៅក្នុងដំណើរការនយោយនៅកម្ពុជាកាលពីអំឡុងទស្សវត្សរ៍ឆ្នាំ១៩៩០  ប៉ុន្តែក្រោមនយោបាយ ឈ្នះ-ឈ្នះ ដែលផ្តួចផ្តើមដោយ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាល និងប្រមុខគណបក្សកាន់អំណាចនៅពេលបច្ចុប្បន្ននេះ គឺបានឈានទៅបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំចុងឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេសបានស្គាល់នូវសន្តិភាពពេញលេញ មានរដ្ឋាភិបាលតែមួយ មានកម្លាំងប្រដាប់អាវុធតែមួយ ដែលខុសពីសម័យណាៗទាំងអស់ ហើយអ្វីដែលពិសេសទៅទៀតនោះ គឺថានយោបាយដែលដាក់ចេញនេះគឺបាននាំមកនូវការបញ្ចប់ជម្លោះដែលគ្មាននរណាអាចទាយបានថា ទទួលជោគជ័យដោយគ្មានការបង្ហូរឈាម។

ទាំងនេះគឺជាដំណើរការនៃការស្វែងរកសន្តិភាពដែលមានតែស្នាមញញឹម និង អនុស្សាវរីយដ៏ផ្អែមល្ហែម សម្រាប់ពលរដ្ឋគ្រប់និន្នាការយោបាយទាំងអស់ ហើយក៏ជាព្រឹត្តិការណ៍ និងការវិវត្តនៃរបត់នយោបាយ ដ៏វិជ្ជមានសម្រាប់ឱ្យកម្ពុជាឈានឆ្ពោះទៅរកការអនុវត្តនូវគោលនយោបាយការបរទេសដើម្បីកសាងកិត្យានុភាពជាតិ ដែលកម្ពុជាបច្ចុប្បន្នកំពុងតែខិតខំអនុវត្តនៅក្នុងគោលដៅកសាងអនាគតមួយដ៏ភ្លឺស្វាងសម្រាប់ប្រជាជាតិ ១៦ លាននាក់ និងបុត្រធីតារបស់ពួកគេនាពេលអនាគត៕

ដោយ ហេង បញ្ញា

You do not have permission to write comment on this post.

Log in Register