អ្នកនាំពាក្យក្រសួងព័ត៌មានច្រានចោលការលើកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួន ដែលព្រួយបារម្ភចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ — ឯកឧត្ដម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានប្រកាស ច្រានចោលការលើកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួនដែលបានចេញសេចក្ដីថ្លែងការណ៍ ដោយចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា បានយារយីទៅលើប្រព័ន្ធផ្សព្វ​ផ្សាយ​ឯករាជ្យ និងអ្នកសារព័ត៌មាន ព្រមទាំងលើកឡើងពីការព្រួយបារម្ភចំពោះសេរីភាពសារព័ត៌​មាននៅកម្ពុជា។ ការច្រានចោល និងបំភ្លឺរបស់អ្នកនាំពាក្យក្រសួងព័ត៌មាននេះ ធ្វើឡើង​បន្ទាប់អង្គការសង្គមស៊ីវិលចំនួន៥៧ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដែលបានចោទ​ប្រកាន់​មក​លើរាជរដ្ឋាភិបាលកម្ពុជា និងបានស្នើឱ្យរាជរដ្ឋាភិបាលត្រូវបញ្ឈប់បំបិទសំឡេង​អ្នកសារព័ត៌​មាន និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន និងការបំភ្លឺជូនសាធារណជន អំពីការអនុវត្ដវិជ្ជាជីវៈ​សារព័ត៌មាននៅកម្ពុជា និងសេចក្ដីបំភ្លឺជុំវិញការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលមួយ​ចំនួន​ចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​ទីស្ដី​ការក្រសួងព័ត៌មានឯកឧត្ដម មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា ជាការកត់​សម្គាល់​ឃើញថា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ អង្គការសង្គមស៊ីវិលចំនួន៥៧ បានចេញ​សេចក្ដី​ថ្លែងការណ៍រួមមួយដោយចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា បានយារយីទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ និងអ្នកសារព័ត៌មាន។ ប៉ុន្ដែក្នុងចំណោមអង្គការសង្គមស៊ីវិលទាំង ៥៧ នោះ មានអង្គការសង្គមស៊ីវិលតែចំនួន១២ ដែលបានចុះបញ្ជីស្របច្បាប់នៅ​ក្រសួង​មហាផ្ទៃ និង០១ បានចុះបញ្ជីនៅក្រសួងព័ត៌មាន។ ក្រៅពីនោះជាក្រុមអង្គការសង្គម​ស៊ីវិល​ដែលមិនបានចុះបញ្ជីស្របច្បាប់ឡើយ។ ឯកឧត្ដមបានលើកឡើងថា “ដូច្នេះក្នុងការចោទ​ប្រកាន់​ខាងលើរបស់អង្គការទាំងនេះ គឺវាគ្រាន់តែជាយុទ្ធសាស្រ្ដរបស់អង្គការសង្គម​ស៊ីវិល​ទាំងនោះ ក្នុងការទាក់ទាញការយកលុយពីខាងក្រៅ និងទាក់ទាញការចាប់អារម្មណ៍ និង​ប្រជាប្រិយ ភាពសម្រាប់ក្រុមខ្លួន និងមានចេតនាក្នុងការបំភាន់សាធារណមតិតែ ប៉ុណ្ណោះ”។ ឯកឧត្ដមអ្នកនាំពាក្យរូបនេះបានអះអាងថា រាជរដ្ឋាភិ​បាលកម្ពុជាបានប្រកាន់ យ៉ាងភ្ជាប់ខ្ជួន​ក្នុង​ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស សិទ្ធិសេរីភាព សារព័ត៌មាន និងសេរីភាពក្នុងការបោះពុម្ពផ្សាយ ស្របតាម​មាត្រា៣១ និងមាត្រា៤១ នៃរដ្ឋ ធម្មនុញ្ញ​ព្រះរា​​ជាណាចក្រកម្ពុជា និងបាន​អនុវត្ដន៍យ៉ាង​ត្រឹមត្រូវតាមច្បាប់ស្ដីពីរបបសារព័ត៌ មាន​ឆ្នាំ១៩៩៥។ ឯកឧត្ដមបានពន្យល់ថា ផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដ ដែល​មាន​ជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសច្បាប់ស្ដីពីរបបសារព័ត៌មាន អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា អាចបំពេញវិជ្ជាជីវៈដោយសេរី និងគ្មានការត្រួត​ពិនិត្យជាមុនចំពោះការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន មិនត្រឹមតែប៉ុណ្ណោះ អ្នកសារព័ត៌មាន​អាច​រក្សាជាសម្ងាត់នូវប្រភពព័ត៌មានដែលខ្លួនទទួលបានផងដែរ។ ទន្ទឹមនេះ តាមរយៈការ​អនុវត្ដ​ច្បាប់នេះ បច្ចុប្បន្នវិស័យសារព័ត៌មាននៅកម្ពុជាមានការអភិវឌ្ឍគួរជាទីមោទនៈ ទាំង​វិសាល​ភាព និងមធ្យោបាយនៃការផ្សព្វផ្សាយដែលអាចឱ្យសាធារណជនទទួលបាន​ព័ត៌​មាន​យ៉ាងទូលំទូលាយ និងឆាប់រហ័សពីគ្រប់មជ្ឈដ្ឋានដែលកើតមានឡើងនៅទូទាំង​ពិភព​លោក។ ជាមួយគ្នានេះដែរ បច្ចុប្បន្ន អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិកំពុងតែ​បំពេញ​វិជ្ជាជីវៈរបស់ខ្លួនដោយសេរី និងបានគ្រប់ទីកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយ​គ្មាន​ការរើសអើង និងគ្មានការគំរាមកំហែង។

ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ ចំពោះស្ថាប័នមានសមត្ថកិច្ចដែលបានអនុវត្តន៍​ភារកិច្ចរបស់ខ្លួន​ទៅលើអ្នកសារព័ត៌មានដែលប្រព្រឹត្តខុសច្បាប់មួយចំនួនកន្លងមក ឯកឧត្ដម​បានថ្លែងថា “នេះជាការ​រំលោភបំពាន បំបិទសិទ្ធិសេរីភាពសារព័ត៌មាននោះ គឺជាការចោទប្រកាន់ដោយមិនបាន​ពិនិត្យទៅលើអង្គហេតុ និងអង្គច្បាប់លើករណីនីមួយៗ នោះឡើយ”។ ពាក់ព័ន្ធចំណុចនេះ អ្នកនាំពាក្យក្រសួងព័ត៌មានក៏សូមបញ្ជាក់ជូនដែរថា ការអនុវត្តវិធានការផ្លូវច្បាប់ទៅលើអ្នក​សារព័ត៌មានទាំងនោះ គឺជាការអនុវត្តទៅតាម អង្គ ហេតុ និងអង្គច្បាប់ស្របតាមគោល​ការណ៍​​​នីតិរដ្ឋដែលគ្រប់ប្រទេសប្រកាន់យក។ ឯកឧត្ដមក៏បានជំរុញដល់អ្នកដែលប្រកប​វិជ្ជាជីវៈទាំងអស់ រួមទាំងអ្នកប្រកបវិជ្ជាជីវៈ ព័ត៌មាន ត្រូវគោរពច្បាប់ និងលិខិតបទដ្ឋានគតិ​យុត្ត​នានាដែលមានជាធរមាននៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដើម្បីចៀសផុតពីការទទួល​ខុស​ត្រូវផ្នែកច្បាប់ ។

ឯកឧត្ដម មាស សុភ័ណ្ឌ ក៏បានបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ករណី​ការអនុវត្តវិធានការផ្លូវច្បាប់ចំពោះអ្នកសារព័ត៌មានមួយចំនួនដែលប្រព្រឹត្តខុសច្បាប់ កំពុង​ស្ថិត​នៅក្នុងដំណើរការនីតិវិធីរបស់ស្ថាប័នតុលាការ ហើយមានតែការចូលរួមអនុវត្តន៍​ទៅ​តាមនីតិវិធីតុលាការទេ ដែលជាដំណោះស្រាយក្នុងការអនុវត្តសិទ្ធិ សេរីភាព និងភាពត្រឹម​ត្រូវ​របស់ខ្លួនចំពោះមុខច្បាប់។ ក្នុងករណីនេះ ភាគីពាក់ព័ន្ធអាចផ្តល់ជាជំនួយផ្លូវ​ច្បាប់ដល់​ជនជាប់ចោទទាំងនោះ ទៅតាមនីតិវិធីច្បាប់។ ឯកឧត្ដមបានបន្ថែមថា ចំពោះការចោទ​ប្រកាន់​មកលើក្រសួងព័ត៌មានអំពីការដកអាជ្ញាបណ្ណអង្គភាពសារព័ត៌មានមួយចំនួន ដោយ​គ្មានមូលដ្ឋានច្បាស់លាស់ ហើយបើផ្អែកតាមច្បាប់ស្តីពីរបបសារព័ត៌មាន និងលិខិតបទ​ដ្ឋានគតិយុត្តរបស់ក្រសួងព័ត៌មាន ក្រសួងបានផ្តល់ការចុះបញ្ជីស្របច្បាប់ដល់អង្គភាព​សារព័ត៌មាន ឬអ្នកសារព័ត៌មាន ដោយគ្មានការរើសអើង និងដោយស្មើភាព ។ បន្ថែមពី​នេះ ក្រសួងព័ត៌មាន មានតួនាទី និងភារកិច្ចក្នុងការផ្តល់ ផ្អាកបណ្តោះអាសន្ន និងបញ្ឈប់​អាជ្ញាប័ណ្ណ ទៅលើអាជីវកម្មវិស័យសារព័ត៌មាន និងសោតទស្សន៍នៅ​ព្រះរាជាណាចក្រ​កម្ពុជា។ ឯកឧត្ដមក៏បានបញ្ជាក់បន្ថែមថា ក្នុងន័យនេះ ក្រសួងអាចផ្តល់អាជ្ញាប័ណ្ណក្នុងការ​ប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា នៅពេលណាដែលអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន​បានបំពេញទៅតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន។ ប៉ុន្តែ​ផ្ទុយទៅវិញ ក្រសួងក៏អាចផ្អាកជាបណ្តោះអាសន្ន ឬលុបអាជ្ញាប័ណ្ណ ប្រសិនបើក្រសួង​ពិនិត្យឃើញថា អង្គភាព ឬអ្នកសារព័ត៌មានទាំងនោះប្រព្រឹត្តផ្ទុយនឹងច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត និងកិច្ចសន្យារបស់ខ្លួនដែលបានតម្កល់ទុក នៅក្រសួងព័ត៌មាន។ ចំពោះករណី​ដែលក្រសួងលុបអាជ្ញាប័ណ្ណ ចំពោះអង្គភាពសារព័ត៌មានមួយចំនួនតូច កន្លងមក ដោយ​សារ​តែអង្គភាពសារព័ត៌មានទាំងនោះ បានប្រព្រឹត្តផ្ទុយទៅនឹងច្បាប់ លិខិតបទដ្ឋានគតិ​យុត្ត និងកិច្ចសន្យារបស់ខ្លួនដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន ។

ឆ្លៀតក្នុងឱកាសនេះផងដែរ អ្នកនាំពាក្យក្រសួងព័ត៌មាន ក៏សូមអំពាវនាវ និងលើក​ទឹកចិត្តដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានទាំងអស់នៅកម្ពុជា សូមចូលរួមគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាដែលសាម៉ី អង្គភាពខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន ឱ្យបានខ្ជាប់ខ្ជួន ដោយកុំបំពានសិទ្ធិអ្នកដទៃ និងកុំបំភ្លៃការពិត និងបន្តខិតខំអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ដើម្បីចូលរួមចំណែក​អភិវឌ្ឍន៍​វិស័យព័ត៌មានឱ្យកាន់តែរីកចម្រើន។

ឯកឧត្ដម មាន សុភ័ណ្ឌ ក៏បានលើកឡើងផងដែរថា “ច្បាប់ស្ដីពីរបបសារព័ត៌មាន​នេះ​គឺមានវិសាលភាពផ្ដល់នូវគុណតម្លៃ និងការពារប្រយោជន៍ដល់អ្នកដែល​ប្រកបវិជ្ជាជីវៈ​សារព័ត៌មាន អង្គភាពសារព័ត៌មាន ឬអ្នកសារព័ត៌មាន​ដែល​​បានចុះបញ្ជីស្របច្បាប់​នៅក្នុង​ក្រសួងព័ត៌មានតែប៉ុណ្ណោះ”៕

ដោយ រិទ្ធី, គង់ សិរីរ័ត្ន រូបថត៖ សួស សាវី

You do not have permission to write comment on this post.

Log in Register