ភ្ញៀវទេសចរបរទេសជាង១០០សញ្ជាតិមកលេងកម្សាន្តនៅកម្ពុជា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០–ភ្ញៀវទេសចរបរទេសសរុបប្រមាណជាជាង១០០ សញ្ជាតិបានបន្តមកកម្សាន្តនៅកម្ពុជា ទោះបីជាពិភពលោកកំពុងតែរាតត្បាតដោយសារតែមេរោគកូវីដ១៩ ក្តី។ 

របាយការណ៍ដែលផ្សព្វផ្សាយដោយក្រសួងទេសចរណ៍បាន​ឱ្យដឹងថា ទោះបីជាចំនួនភ្ញៀវទេសចរថយចុះជាអតិបរមាដោយសារតែវិបត្តិកូវីដ១៩ នេះក៏ដោយចុះ ប៉ុន្តែបើនិយាយអំពីពលរដ្ឋនៅលើពិភពលោក ដែលមកកម្សាន្តនៅកម្ពុជាគឺហាក់នៅតែដដែលទេ ពោលគឺនៅក្នុងចំណោមភ្ញៀវទេសចរបរទេសទាំងនោះ គឺមានប្រមាណជា ជាង១០០ សញ្ជាតិ ។

ភ្ញៀវទេសចរបរទេសមកលេងសរុបនៅកម្ពុជានៅរយៈពេល៩ខែ ឆ្នាំ២០២០ នេះ គឺធ្លាក់ចុះ៧៤,១ ភាគរយ ពោលគឺថយចុះមកនៅត្រឹមតែ ១ ២៤៧ ៦៨០ នាក់ប៉ុណ្ណោះ ។ 

តួលេខបានបង្ហាញថា គ្រប់ជនជាតិដែលមកលេងកម្សាន្តនៅកម្ពុជាគឺថយចុះគ្មានប្រទេសណាទាបជាង ៣០ ភាគរយទេ ប៉ុន្តែមានតែពលរដ្ឋនៅក្នុងប្រទេសហ្គាណាមួយគត់ដែលធ្លាក់ចុះត្រឹមតែ ០,៨ ភាគរយ ។

ជាការពិតអ្នកទេសចរមកពីប្រទេសនេះគឺមិនច្រើនទេ គឺត្រឹមតែ ២៥៦ នាក់ ប៉ុណ្ណោះ កាលពីឆ្នាំ២០១៩ ហើយមកដល់ ៩ខែ នៃឆ្នាំ២០២០ គឺបានមកកម្ពុជាប្រមាណជា ២៥៤ នាក់ ដូច្នេះភាគរយនៃការថយ គឺត្រឹមតែ ០,៨ ភាគរយ ។ 

ទាក់ទិននឹងជំងឺកូវីដ១៩ មកដល់ពេលនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុប ២៩២ នាក់ នៅក្នុងនោះពលរដ្ឋកម្ពុជាមាន១៨២ នាក់ បារាំង ៤៥ នាក់ ចិន១៨ នាក់ ម៉ាឡេស៊ី១៣ នាក់ ឥណ្ឌូនេស៊ី៩ នាក់ អាមេរិក ៧ នាក់ អង់គ្លេស ៦ នាក់ វៀតណាម ៣ នាក់ កាណាដា៣ នាក់ បែលហ្សិកម្នាក់ ឥណ្ឌា២នាក់ ក្រៅពីនោះ គឺកាហ្សាក់ស្ថាន ហុងគ្រី និង ប៉ូឡូញ ម្នាក់ៗ ។

នៅក្នុងចំណោមអ្នកដែលឆ្លងគឺ ៩៦,៩២ភាគរយជាសះស្បើយ ហើយសំខាន់គឺកម្ពុជានៅមិនទាន់មានអ្នកស្លាប់ដោយសារតែជំងឺនេះនៅឡើយទេ ៕

ដោយ ហេង បញ្ញា

រូបថត៖ Cambodia Airports

You do not have permission to write comment on this post.

Log in Register