សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា រដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី​បានសុំអធ្យាស្រ័យ​ចំពោះផលប៉ះពាល់មកដល់កម្ពុជា បណ្ដាលមកពីខ្លួនគាត់

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០​ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍ថា ឯកឧត្ដម ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្ត្រីក្រសួងការបរទេស និង​ពាណិជ្ជកម្ម នៃប្រទេសហុងគ្រី ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ​នាទីក្រុង​ប៊ុយតាប៉េស្ត បានសុំការអធ្យាស្រ័យចំពោះកម្ពុជាអំពីផលប៉ះពាល់មកដល់កម្ពុជា បណ្ដាល​មកពីខ្លួនគាត់ដែលបានធ្វើតេស្តមិនមានកូវីដ១៩ នោះទេនៅក្នុងប្រទេស​របស់​គាត់ ទើប​គាត់មកធ្វើទស្សនកិច្ចនៅកម្ពុជា។

នៅក្នុងសារជាសំឡេងជាង ២០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ញើជូនឯកឧត្ដម ម៉ម ប៊ុនហេង និងសហការីក្នុងគណៈរដ្ឋមន្ត្រី ជាពិសេសគឺចំពោះឯកឧត្ដមឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬមន្ត្រីដែលពាក់ព័ន្ធជាមួយនឹងកូវីដ១៩ ហើយកំពុងតែធ្វើចត្តាឡីស័ក ពាក់​ព័ន្ធជាមួយនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រីមកកាន់កម្ពុជានោះ សម្ដេច​តេជោ ហ៊ុន សែន បានថ្លែងថា  កាលពីម្សិលមិញនេះឯកឧត្ដម ប្រាក់ សុខុន បានជួបតាមទូរសព្ទ័ផ្ទាល់ជាមួយឯកឧត្ដមរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលគាត់កំពុង​តែ​ព្យាបាលនៅក្នុងមន្ទីរពេទ្យ នៅឯទីក្រុងប៊ុយតាប៉េស្ត គាត់បានសូមអធ្យាស្រ័យចំពោះយើង អំពីផលប៉ះពាល់មកដល់យើង បណ្ដាលមកពីខ្លួនគាត់ ដែលគាត់បានធ្វើតេស្តមិនមាន​កូវីដ​១៩ទេ ទើបគាត់ចេញមកធ្វើទស្សនកិច្ច។ ឯការឆ្លងនេះទៀតសោត ប្រពន្ធរបស់គាត់​និងកូនទាំងពីររបស់គាត់ រួមទាំងអ្នកធ្វើដំណើរជាមួយគាត់មិនមានបញ្ហាអ្វីទាំងអស់ តែ​ចម្លែកតែគាត់ម្នាក់ ហើយតាមរយៈឯកឧត្ដម ប្រាក់ សុខុន ក៏បានផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ចំពោះគាត់។ សម្ដេចតេជោបានបន្តថា ដូច្នេះគឺច្បាស់ណាស់ថា កូវីដ១៩ បានកើតមាន​ចំពោះរដ្ឋមន្ត្រីការបរទេសហុងគ្រី។ ដូច្នេះហើយទាមទារឱ្យយើងនៅកម្ពុជា ដែលមកដល់​ពេល​នេះក្រសួងសុខាភិបាលបានខិតខំធ្វើតេស្តរហូតដល់ជាង ៨០០នាក់ រាប់ទាំងកូន ប្រពន្ធរបស់អ្នកដែលមានការពាក់ព័ន្ធ ហើយក៏ដាក់ឱ្យធ្វើចត្តាឡីស័ក។ ការធ្វើចត្តាឡីស័ក គឺជាផ្នែកដ៏សំខាន់មួយ នៃជោគជ័យរបស់យើងក្នុងការប្រយុទ្ធជាមួយនឹងកូវីដ១៩ អស់​រយៈពេលជាង១០ខែកន្លងទៅ។

គួរបញ្ជាក់ដែរថា ឯកឧត្ដម ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី បានដឹកនាំគណៈប្រតិភូ អញ្ជើញមកដល់កម្ពុជា នៅថ្ងៃ​ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល១ថ្ងៃ នៅព្រះរាជាណា​ចក្រកម្ពុជា៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register