ក្រុមហ៊ុន SCG និង​ដៃគូចំនួន ១៨០ស្ថាប័ន រួមគ្នាជំរុញការ​អនុវត្ត​សេដ្ឋកិច្ចវិលជុំ​ដើម្បីដោះស្រាយ​បញ្ហា​បរិស្ថាន​សកល

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ​២០២០–ក្រុមហ៊ុន SCG ដែលជាវិស័យ​ឯកជន​នៅក្នុង​ប្រទេស​ថៃ​ រួមជាមួយដៃគូចំនួន១៨០ ស្ថាប័ន បាន​អំពាវនាវ​ឱ្យ​មានការ​ពន្លឿន​ការអនុវត្ត​គោលការណ៍​សេដ្ឋកិច្ច​វិលជុំ (circular economy) ដើម្បីជំរុញ​ជីវភាពប្រសើរ​ឡើង​របស់​ប្រជាជន និងដោះស្រាយ​បញ្ហា​​ធំៗ ទាក់ទងនឹងគ្រោះ​រាំង​ស្ងួត ភាពក្រីក្រ ធូលី​បំពុលខ្យល់ PM 2.5 និង​បញ្ហា​សំណល់។ ការអំពាវនាវ​នេះ​ធ្វើ​ឡើង​​​នៅ​ក្នុងសន្និសីទ​ SD ឆ្នាំ​២០២០ ស្ដីពី “សេដ្ឋកិច្ច​វិលជុំ៖សកម្មភាព​ដើម្បី​អនាគត​ប្រកប​ដោយចីរភាព” ដែលឆ្នាំនេះ​ធ្វើតាម​ប្រព័ន្ធ​អនឡាញ កាលពីរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុង​សន្និសីទនេះ ក្រុមហ៊ុន SCG និង​ដៃគូទាំង ១៨០ ស្ថាប័ន ផ្សេងទៀតបាន​ប្រកាស​អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​សេដ្ឋកិច្ច​វិលជុំនាឆ្នាំកន្លង​មក និង​សម្រាប់​ឆ្នាំ​២០២០​នេះ ដោយក្រុមហ៊ុន​និងដៃគូ​បាន​ដាក់​ចេញ​នូវ​ដំណោះស្រាយ​ ៤ចំណុច ដែល​​ចាំបាច់ត្រូវ​ធ្វើការជាបន្ទាន់ ក្នុងនោះរួមមាន ១. ដោះស្រាយ​គ្រោះ​រាំង​ស្ងួត ដោយ​ប្រើ​ប្រព័ន្ធ​ទឹក​វិលជុំ។ ២. កាត់បន្ថយ​ធូលីបំពុលខ្យល់ PM 2.5 ដោយ​អនុវត្តន៍​កសិកម្ម​ដែលគ្មានការដុត​១០០​ភាគរយ ព្រមទាំង​ការផ្ដល់​លទ្ធភាព​ប្រើប្រាស់​គ្រឿងម៉ាស៊ីនកសិកម្ម​ដល់​កសិករ ដើម្បី​បង្កើត​​ចំណូល​ប្រកប​ដោយ​និរន្តរភាព។ ៣. ការស្នើ​ឱ្យ​ដាក់​បញ្ចូល​ការគ្រប់គ្រង​សំណល់​ប្លាស្ទិក​​​ទៅក្នុង​របៀប​វារៈ​ជាតិ និង ៤. ស្វែងរក​ការយកចិត្តទុកដាក់ពី​រដ្ឋាភិបាល​ដើម្បីគាំទ្រ​ដល់​សំណង់​បៃតង​ និង​បរិស្ថាន​មេត្រី។

លោក Roongrote Rangsiyopash ប្រធាន ​និងអគ្គនាយកក្រុមហ៊ុន SCG បាន​ថ្លែង​ថា សន្និសីទនេះ ​ធ្វើឡើង​ក្នុងបំណង​បំផុស​គំនិត​ដើម្បី​ដោះស្រាយ​ភាព​ប្រឈម​ចំពោះ​ជាតិ​ និង​ប្រជាជន​ ដែលកំពុងកើតមាន ដូចជា របៀប​កាត់បន្ថយ​ផល​ប៉ះពាល់ពី​បញ្ហា​អាកាស​ធាតុ ធូលី​បំពុល​ខ្យល់ PM 2.5 គ្រោះរាំងស្ងួត ទឹកជំនន់ កង្វះ​ធនធាន​ធម្មជាតិ ការកើន​ឡើង​នូវ​សំណល់​ប្លាស្ទិក​ក្នុងអំឡុង​វិបត្តិកូវីដ-១៩។ លោកបានគូសបញ្ជាក់ថា “ភាពជាដៃគូ​ពហុ​វិស័យ​នេះ បាន​ពង្រីកខ្លួន​កាន់តែធំ ពោលគឺតាំងពីមានដៃគូត្រឹម ៤៥ក្រុមហ៊ុន-ស្ថាប័ន កាលពីឆ្នាំទៅមិញ រហូតមានដៃគូដល់ទៅ ១៨០ ក្រុមហ៊ុន-ស្ថាប័ន នៅឆ្នាំនេះ ដោយ​ប្រមូល​​ស្ថាប័ន​​​នានា​មក​រួម​គ្នា ដើម្បី​ដោះស្រាយ​បញ្ហាសំខាន់ៗ និង​ដាក់បញ្ចូលទៅក្នុង​កិច្ចសហប្រតិបត្តិការ​នូវកត្តា​មូលដ្ឋានសំខាន់ៗ​ចំនួន ៤ ដើម្បីធ្វើឲ្យ​ជីវភាពរស់នៅកាន់តែ​ប្រសើរ​ឡើង ជាមួយនឹងគោលការណ៍​សេដ្ឋកិច្ច​វិលជុំ”។ លោកបានបន្ដថា ចំពោះកត្ដាទាំង​៤នោះ រួមមាន ទី១. កសាង​ប្រព័ន្ធ​ទឹក​វិលជុំ ដែលជាការត្រៀមលក្ខណៈដើម្បី​​ទប់ទល់នឹង​គ្រោះរាំងស្ងួតធ្ងន់ធ្ងរ​នៅ​ឆ្នាំ​ខាងមុខ កិច្ច​សហប្រតិបត្តិការ​នេះ មាន​គោលដៅ​ជំរុញ​កសិករ​ឱ្យ​មានភាពស៊ាំក្នុងការរៀនសូត្រ​អំពី​វិធីសាស្ត្រ​កែសម្រួល​ដី រួមជាមួយនឹង​ការប្រើប្រាស់​បច្ចេកវិទ្យា។ លើសពីនេះទៀត ដើម្បី​អប់រំ​កសិករ និងកសិករថ្មីដែលវិលត្រឡប់​ទៅស្រុក​កំណើតវិញ​ដោយសារ​ផលប៉ះពាល់សេដ្ឋកិច្ច​ពីកូវីដ-១៩ និង​ពង្រីកគំនិតទាំងនេះ​ទៅទូទាំង​ប្រទេស យើងបានស្នើសុំ​រដ្ឋាភិបាល​ចូលរួម​នៅក្នុងគម្រោងនេះ។ លោកបានបន្ដទៀតថា គោលបំណងនៃគម្រោងនេះ គឺ​ដើម្បី​កាត់បន្ថយ​វិសមភាព​សង្គម​ ស្ដារ​សេដ្ឋកិច្ច​សហគមន៍ និង​បង្កើន​ផលដំណាំកសិកម្ម​របស់​ប្រទេស ដើម្បី​ឱ្យ​ប្រទេស​ថៃ​ក្លាយ​ជា​ផ្ទះបាយរបស់ពិភព​លោក ។ ទី២. ជំរុញ​កសិកម្ម​ដែលគ្មាន​ការ​ដុត​ភ្លើង ១០០ភាគរយ នៅក្នុងឆ្នាំ២០២២ ដោយ​អនុវត្តន៍​គោលការណ៍​សេដ្ឋកិច្ច​វិលជុំ ដោយ​ច្នៃប្រើប្រាស់ឡើងវិញ​នូវ​សម្ភារ​សំណល់​ ដូច​ជា គល់កញ្ជ្រាំង​ ស្លឹក​អំពៅ ចម្បើង ដោយ​បំប្លែង​វា​ទៅជា​ថាមពល​ជំនួសជីវម៉ាស ចំណី​សត្វ ជាដើម។ ចំពោះការវេចខ្ចប់​ដោយប្រើ​រុក្ខជាតិ នឹងកាត់បន្ថយ​ធូលី​ PM 2.5 និង​បង្កើត​ចំណូល​បាន ២៥ ០០០​ លាន​បាត ក្នុង​មួយឆ្នាំ។ បន្ថែម​លើ​នេះ គឺ​ការណែនាំ​អំពី​គោល គំនិត​សេដ្ឋកិច្ចចែករំលែក(sharing economy) នៅក្នុងការ​បង្កើត​មូលនិធិ​គ្រឿងចក្រ​សហ​គមន៍ ដែលអនុញ្ញាត​ឱ្យ​កសិករ​ប្រើប្រាស់​គ្រឿង​ចក្រកសិកម្ម​សម្រាប់​ការកែលម្អ​ការដាំដុះ និងការ​ប្រមូលផល ព្រមទាំង​បង្កើន​ទិន្នផល​របស់ពួកគាត់ ដោយ​មិន​ចាំបាច់​វិនិយោគទៅ​លើ​គ្រឿងចក្រ​ដោយ​ខ្លួន​ឯង​ឡើយ ។ ទី៣. ជំរុញឱ្យរដ្ឋាភិបាល​ដាក់​ការគ្រប់គ្រង​សំណល់​ផ្លាស្ទិក​ជា​របៀប​វារៈ​ជាតិ ក្នុងនោះ ប្រទេស​ថៃ​ត្រូវតែ​អនុវត្ត​ន៍ច្បាប់​គ្រប់គ្រង​សំណល់​ឱ្យ​បាន​​ហ្មត់ចត់ ។ ទន្ទឹមនេះ រដ្ឋាភិបាលក៏ត្រូវបាន​ជំរុញ​ផង​ដែរ ឱ្យ​ជួយសម្រប​សម្រួល​និង​ដាក់ចេញ​នូវ​បទប្បញ្ញត្តិ​នានា ដើម្បីអាចធ្វើការរួមគ្នា​នៅ​លើ​បញ្ហា​នេះ​បាន ។ ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​ការគ្រប់គ្រង​សំណល់​ប្លាស្ទិក​ ត្រូវការចាំបាច់​នូវ​ក្របខ័ណ្ឌ​រឹងមាំ និង​ដំណើរការ​ការងារ​ច្បាស់លាស់។ ជាមួយគ្នានេះ ស្ថាប័ន​និយ័តកម្ម ត្រូវ​ដឹកនាំ​ភាពម្ចាស់ការ​នៅក្នុង​ការ​ដោះស្រាយបញ្ហា​នេះ នៅក្នុង​ខ្សែចង្វាក់​តម្លៃ​ទាំងអស់ ដោយរាប់ចាប់តាំងពី​ការកែសម្រួល​រចនា​សម្ព័ន្ធ​ពន្ធ និង​ការ​ផ្ដល់​បុព្វសិទ្ធិពន្ធដល់​ធុរកិច្ច​គ្រប់គ្រង​និង​កែច្នៃ​សំណល់។ ទី៤. ជំរុញ​សេដ្ឋកិច្ច​វិលជុំនៅក្នុង​វិស័យ​សំណង់ នៅក្នុងការ​ប្រែក្លាយ​វិស័យ​សំណង់​ឱ្យ​ទៅជា​វិស័យ​បៃតង​ និង​បរិស្ថាន​មេត្រី រដ្ឋាភិបាល​ចាំបាច់ត្រូវតែ​ដើរ​តួនាទី​ដឹកនាំ។ រដ្ឋាភិបាល​ត្រូវ​ដាក់ចេញ​នូវ​គោលការណ៍ណែនាំ​លទ្ធកម្ម​ថ្មីសម្រាប់គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ។លោក​ អគ្គនាយកក្រុមហ៊ុន SCG បានបន្ថែមថា ការប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​គ្រប់គ្រង​ធនធាន​ឱ្យ​មាន​ប្រសិទ្ធផល​អតិបរមា និង​កាត់បន្ថយ​​សំណល់​គ្រឿងសំណង់​ ក៏ចាំបាច់ត្រូវ​ដាក់​បញ្ចូល​​នៅក្នុងគោលការណ៍​ណែនាំ​នេះ​ផងដែរ ឬ​ម្យ៉ាង​ទៀត ត្រូវ​ផ្ដល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធ​ដល់​អ្នក​ម៉ៅការគម្រោង​សាងសង់ ដើម្បី​លើក​ទឹក​ចិត្ត​ពួកគេ​ឱ្យ​​ងាកទៅប្រើប្រាស់​វត្ថុ​ធាតុ​​ដើម​បរិស្ថានមេត្រី ឬ​ច្នៃប្រើប្រាស់​វត្ថុធាតុ​ដើម​ឡើងវិញ នៅ​ក្នុង​ការសាងសង់។ លើស​ពីនេះទៀត SCG បានសន្យា​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ និង​ឈានទៅដល់​ការកាត់បន្ថយ​ឱ្យដល់​កម្រិត​សូន្យ នៅក្នុងឆ្នាំ​២០៥០ ដោយ​ចូលរួម​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​​ប៉ារីស ដើម្បី​រឹតត្បិត​កំណើត​សីតុណ្ហភាព​ឱ្យ​នៅត្រឹម​តិចជាង​ ១,៥​អង្សា​សេ។ ក្រុម​ហ៊ុន SCG ក៏​បាន​ដាក់​បញ្ចូលល​នូវ​គោលការណ៍​សេដ្ឋកិច្ច​វិលជុំទៅក្នុង​ប្រតិបត្តិការ​ធុរកិច្ច​របស់ខ្លួនផងដែរ ។

លោក Roongrote Rangsiyopash បានលើកឡើងថា ដើម្បី​សម្រេច​គោលដៅ​និរន្តរភាព SCG បាន​អនុវត្ត​ន៍នូវ​យុទ្ធសាស្ត្រ​ធុរកិច្ច​វេចខ្ចប់ ដោយអនុវត្តន៍​គោលការណ៍​សេដ្ឋកិច្ច​វិលជុំ​នៅក្នុង​ទិដ្ឋភាពនានា​នៃ​ប្រតិបត្តិការរបស់ខ្លួន។ “ក្នុង​ន័យ​ជា​ដំណោះស្រាយ​ផ្នែក​រចនា​ផលិតផល យើងផ្ដោត​សំខាន់ទៅលើ​ការ​ធ្វើ​រចនា​បថ​ផលិតផល​ដែល​​ប្រើប្រាស់​ធនធានតិចជាងមុន និង​ប្រើប្រាស់​ធនធាន​ដែល​អាចប្រើឡើង​វិញ ឬ​កែច្នៃប្រើបាន​ឡើង វិញ។ ចំពោះ​ការគ្រប់គ្រង​ខ្សែងចង្វាក់តម្លៃ យើងបានអនុវត្ត​កម្មវិធី​ទទួលយក​ផលិតផល​មកវិញ ដើម្បី​ធានា​នូវ​ការគ្រប់គ្រង​ធនធាននិងសំណល់​​ឱ្យមានប្រសិទ្ធផល ព្រមទាំង​បង្កើន​អត្រានៃការ​កែច្នៃប្រើ​​ឡើងវិញ នៅ​ក្នុង​ដំណើរការ​​ផលិតកម្ម។” នេះជាការបញ្ជាក់​បន្ថែមរបស់លោក Roongrote Rangsiyopash។ ចំពោះផ្នែកធុរកិច្ច​គីមី បានប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ដើម្បី​ដាក់​បញ្ចូល​និងអនុវត្ត​គោលការណ៍សេដ្ឋកិច្ច​វិលជុំ នៅក្នុង​ខ្សែ​ចង្វាក់​ផ្គត់​ផ្គង់ទាំងមូល ដោយ​រាប់ចាប់តាំងពី​ការអភិវឌ្ឍ​ផលិតផល (បង្កើន​សមត្ថភាព​កែច្នៃប្រើ​ឡើង​វិញ ដូចជា ផលិត​ផល​ដែលប្រើ​វត្ថុធាតុដើម​តែមួយប្រភេទ (mono-materials)) និង​ការ​អភិវឌ្ឍ​​បច្ចេកវិទ្យា​កែច្នៃ​ប្រើ​ប្រាស់​ប្លាស្ទិក (ដោយ​បង្កើន​អត្រា​នៃ​ការប្រើប្រាស់​សំណល់ជា​វត្ថុ​ធាតុដើម) រហូត​ដល់​ការ​បង្កើត​កម្មវិធីឌីជីថល​ ដើម្បីជា​ឧបករណ៍​សម្រាប់​ញែក​ និង​ប្រមូល​សំណល់ (ដោយបង្កើតនូវ​សហគមន៍គ្មាន​សំណល់ និង​គាំទ្រ​ដល់​ប្រតិបត្តិការ​ធនាគារ​សំណល់) ។

លោកអគ្គនាយកក្រុមហ៊ុនក៏បានសង្កត់ធ្ងន់ដែរថា ចំពោះធុរកិច្ច​ស៊ីម៉ងត៍-គ្រឿង​សំណង់ ក្រុមហ៊ុនផ្ដោតសំខាន់​លើ​​បច្ចេកវិទ្យា​ដែល​មាន​នវានុវត្តន៍​សម្រាប់​ការអភិវឌ្ឍ​ផលិត​ផល​និងសេវាកម្ម​ ដើម្បីបំពេញទៅតាមសេចក្ដី​ត្រូវការរបស់អតិថិជន និង​តម្រូវ​ការបរិស្ថាន នៅក្រោម​ស្លាកយីហោ ”ជម្រើស​បៃតង​របស់ SCG”។ ស្លាកយីហោនេះ​ផ្ដល់នូវ​ផលិតផល​ដែល​ផលិត​ចេញពី​វត្ថុធាតុដើម​ច្នៃ​ប្រើ​ប្រាស់​ឡើងវិញ ជាផលិតផល​សម្រេច​ដែល​កាត់បន្ថយ​សំណល់​នៅក្នុង​ដំណើរការដំឡើង និងផលិតផល​និង​សេវាកម្ម​ដែល​ជួយ​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល ឬ​ដែល​ប្រើប្រាស់​ថាមពល​កកើតឡើងវិញ ដូចជា ថាមពល​ពន្លឺ​ព្រះអាទិត្យ។ លោកបានថ្លែងបន្ថែមថា “កិច្ច​ប្រឹងប្រែងទាំងនេះនាំឆ្ពោះទៅរក​ការរស់នៅ​បៃតង និង​សង្គម​បៃតង ដែល​រួម​បញ្ចូល​ការប្រើប្រាស់​វត្ថុធាតុដើម​សំណល់​ឡើង​​វិញ ក្រោម​យុទ្ធនាការ ប្រែក្លាយសំណល់ទៅជា​ទ្រព្យ ដើម្បី​ផ្ដល់​ផល​ប្រយោជន៍​ដល់ សង្គមជាតិ”៕

ដោយ រិទ្ធី

You do not have permission to write comment on this post.

Log in Register