ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតអបអរសាទរជូនលោកជំទាវ អោង សាន ស៊ូជី ដែលបានដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ(NLD) ទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលនៅប្រទេសមីយ៉ានម៉ា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើសារលិខិតអបអរសាទរជូនលោកជំទាវ អោង សាន ស៊ូជី ដែលបានដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ(NLD) ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកល នៅប្រទេសមីយ៉ានម៉ា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមកនេះ។

ក្នុងសារលិខិតចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា និងរូបខ្ញុំផ្ទាល់ ខ្ញុំសូម សម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះលោកជំទាវ ដែលបានដឹកនាំគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) ទទួលបានជ័យជម្នះទឹកភ្លូកដីសារជាថ្មី ក្នុងការបោះឆ្នោតសកល នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមកនេះ។ លទ្ធផលនៃការបោះឆ្នោតនេះ បានបង្ហាញនូវ ទំនុកចិត្ត និងការគាំទ្រយ៉ាងលើសលប់ចំពោះការដឹកនាំរបស់លោកជំទាវ និងគោលដ៏ ត្រឹមត្រូវរបស់គណបក្ស NLD។ សម្ដេចតេជោបានបន្តថា ក្រោមការដឹកនាំដ៏រឹងមាំរបស់លោកជំទាវ មីយ៉ាន់ម៉ាសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍជាតិ។ សម្តេចតេជោមានជំនឿជឿជាក់ថា ជាមួយអាណត្តិថ្មីរបស់គណបក្ស NLD មីយ៉ាន់ម៉ានឹងបន្តលើកកម្ពស់គុណតម្លៃលទ្ធិប្រជាធិបតេយ្យ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់សន្តិភាព ប្រកបដោយបរិយាប័ន្ន និងរឹងមាំ ស្ថិរភាព និងវិបុលភាពនៅក្នុងប្រទេស។ សម្ដេចតេជោគូសបញ្ជាក់ទៀតថា “ខ្ញុំនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកជំទាវ ដើម្បីលើកកម្ពស់ទំនាក់ទំនងដ៏ល្អដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងមីយ៉ាន់ម៉ាឱ្យកាន់តែរឹងមាំ ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនយើងទាំងពីរ និងសហគមន៍អាស៊ាន ទាំងមូល”។ សម្តេចតេជោក៏សូម លោកជំទាវ ទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ និងសូមជូនពរ លោកជំទាវ មានសុខភាពល្អ សុភមង្គល និងសម្រេចបានជោគជ័យធំធេងថែមទៀតក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តម របស់លោកជំទាវ៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register