ការប្រកួត កីឡាទោចក្រយានជើងឯកថ្នាក់ជាតិឆ្នាំនេះ ចាប់ផ្តើមពង្រឹងគុណភាពឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ — ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិនាថ្ងៃទី០៥ ខែធ្នូ នៅខេត្ត សៀមរាប ប្រចាំឆ្នាំ២០២០នេះតទៅគឺសហព័ន្ធខ្មែរកីឡាទោចក្រយាននឹងចាប់ផ្តើមពង្រឹង គុណភាពបច្ចេកទេស និងមន្ត្រីគណៈកម្មការតាមទម្រង់ស្តង់ដារអន្តរជាតិ ដើម្បីសម្រួចគោល ដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ នេះជាការបញ្ជាក់របស់ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាខ្មែរទោចក្រ យានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌ មានកម្ពុជា AKP នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

អគ្គលេខាធិការរូបនេះអះអាងថា ប្រកួតជើងឯកថ្នាក់ជាតិនេះទទួលបានថវិកា គាំទ្រចំនួន២៧លានរៀលពីក្រសួងអប់រំ យុវជន និងកីឡា និងការឧបត្ថម្ភរបស់ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ដែលជាប្រធានខ្មែរសហព័ន្ធកីឡាទោចក្រយាន និងដៃគូមួយ ចំនួនទៀត ដើម្បីផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនីជម្រើសជាតិចំនួន៣០ និងកីឡាករ កីឡាការិនីតាមបណ្តាក្លឹបនានាទូទាំងប្រទេស៣០០នាក់ បានបញ្ចេញ សមត្ថភាពប្រកួត ប្រជែងកាន់តែខ្លាំងក្លាលើ៧វិញ្ញាសា ខណៈការបិទបញ្ជីនៃការទទួល ចុះឈ្មោះនឹងធ្វើ ឡើងនាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ ការប្រកួតឆ្នាំនេះនឹងអនុឡោម តាមគោលការណ៍ អន្តរជាតិ ទាំងក្បួនច្បាប់ការប្រកួតបច្ចេកទេស និងមន្ត្រីបច្ចេកទេស ដើម្បីធ្វើយ៉ាងណាឱ្យផែន ការយុទ្ធសាស្ត្រឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ទទួលបានលទ្ធផល ល្អប្រសើរ។

លោកសង្កត់ធ្ងន់ទៀតថា យើងចាប់ផ្តើមពង្រឹងបច្ចេកទេស បទបញ្ជាបច្ចេកទេស ឱ្យបានតឹងរឹង ដើម្បីសម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ការប្រកួតឆ្នាំនេះមិនដូចជាបណ្តា ឆ្នាំមុនៗនោះទេ ដោយនឹងត្រូវពង្រឹងលើវិន័យយ៉ាងតឹងរឹងចំពោះកីឡាករ កីឡាការិនី រួមទាំងមន្ត្រីគណៈកម្មការបច្ចេកទេសទៀតផង ពីព្រោះថានេះជាការប្រកួតជើងឯកថ្នាក់ជាតិ ដោយសហព័ន្ធចង់បានការចូលរួមរបស់កីឡាករ កីឡាការិនីប្រកបដោយឆន្ទៈពិតប្រាកដ ដើម្បីប្រកួតប្រជែងអស់ពីលទ្ធភាព ហើយការចុះឈ្មោះត្រូវបង់ថ្លៃតាមការកំណត់។ ឆ្នំានេះ ការប្រកួតតម្រូវឱ្យបង់ថ្លៃ ដោយសហព័ន្ធទទួលបានថវិកាឧបត្ថម្ភគាំទ្រពីក្រសួង អប់រំ យុវជន និងកីឡា ត្រឹមតែ២៧លានរៀល ដែលគ្រប់គ្រាន់សម្រាប់ការរៀបចំប៉ុណ្ណោះ ហើយបន្ថែមពី លើនោះគឺមានការជួយឧបត្ថម្ភពីឯកឧត្តមប្រធានសហព័ន្ធ។ ការបង់ថ្លៃ និងប្រើប្រាស់ទៅ លើការហូបចុក អាវ និងកាបូបជាដើម ផ្តល់ជូនទៅអ្នកចុះឈ្មោះវិញ ហើយក្រៅពីនេះនឹង បង្កើនប្រាក់រង្វាន់ជ័យលាភី  ពោលគឺបង្កើនឡើងទ្វេដង ដើម្បីជាការលើកទឹកចិត្តឱ្យកីឡាករ កីឡាការិនីទាំងអស់ខិតខំឱ្យអស់ពីសមត្ថភាព ហើយពេលនោះសហព័ន្ធក៏កាន់តែមាន ជម្រើសល្អ ក្នុងការជ្រើសរើសកីឡាករប្រកបដោយគុណភាពផងដែរ។

លោក នូ ចំរើន ក៏បានបង្ហាញនូវសេចក្តីរីករាយយ៉ាងខ្លាំង ដែលក្លឹបម៉ូតូបេអឹមដាប់ ប៊ែលយូកម្ពុជា (BMW motorcycle club Cambodia) នឹងចូលរួមជួយជ្រោមជ្រែងដល់ ដំណើរការប្រកួតជើងឯកថ្នាក់ជាតិនេះ ដែលការប្រកួត ជើងឯកពិភពលោក កាលពីឆ្នាំ២០១៩ នៅកម្ពុជា កន្លងទៅក្រុមម៉ូតូធំ BMW នេះក៏បានមកជួយអស់ពីចិត្តផងដែរ។ 

ជាមួយគ្នានោះការចូលរួមប្រកួតនេះ សហព័ន្ធនឹងរៀបចំវិធានការអនាម័យ វាស់កម្តៅ បាញ់អាល់កុល និងរក្សាគម្លាតសុវត្ថិភាពឱ្យបានហ្មត់ចត់ តាមការណែនាំរបស់ ក្រសួងសុខាភិបាលផងដែរ៕

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register